វេទិកា​សាធារណៈ​ស្តី​ពី​សុ​វត្ថិ​ភាព​ចំណាកស្រុក និង​ការងារ​នៅ​ឃុំ​បឹង​ដោល

វេទិកា​សាធារណៈ​ស្តី​ពី​សុ​វត្ថិ​ភាព​ចំណាកស្រុក និង​ការងារ​នៅ​ឃុំ​បឹង​ដោល



ព្រៃវែង ៖ វេទិកា​សាធារណៈ​ស្តី​ពី​សុ​វត្ថិ​ភាព​ចំណាកស្រុក និង​ការងារ រៀបចំ​ដោយ​អង្ក​ការ សាក្រេ​ដ នៅ​ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក បិ​ច សុខ អភិបាលស្រុក​ព្រះស្តេច ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ទីរ​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ខេត្ត​និង មន្ទីរ​កិច្ចការនារី​ខេត្តព្រៃវែង​ផងដែរ​។

លោក បិ​ច សុង អភិបាលស្រុក​ព្រះស្តេច​បាន​លើក​ឡើង​ថា​ ការ​ធ្វើ​ចំណាកស្រុក​ដោយ​មិន​ស្របច្បាប់ ទៅ​ក្រៅ កន្លងមក​អាជ្ញាធរ បាន​សហការ​ជាមួយ​មន្ទីរ​នានា​ជុំវិញ​ខេត្ត អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ស្ថានទូត​ខ្មែរ នៅ​ក្រៅ​ប្រទេស ដើម្បី​ជួយ​អន្តរាគមន៍​ស្ត្រី​ខ្មែរ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចាញ់បោក​គេ​នៅ​ក្រៅ​ប្រទេស ដើម្បី​ដោះលែង​និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។ ហើយ​វេទិកា​នេះ​ក្នុង​គោលបំណង​ការពារ ទប់ស្កាត់ បង្ក្រាប​ការ​ជួញដូរ​មនុស្ស ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​ការ​កេងប្រវ័ញ្ច​ពលកម្ម​របស់​ប្រជាពលរដ្ឋ​យើង។

លោក ស្រី កុសល ប្រធាន​គម្រោង​អង្ក​ការ សាក្រេ​ដ បាន​មាន​ប្រសាសន៍ ថា អង្ក​ការ​សាក្រេដ គឺជា​អង្ក​ការ មួយ​ធ្វើការ​ដើម្បី​អភិវឌ្ឍ​ន៍​មូលដ្ឋាន​តាមរយៈ​ជួយ​ផ្នែក​កសិកម្ម និង​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណាកស្រុក និង​ការងារ។ ក្នុង​អង្គ​វេទិកា​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​សុ​វត្ថិ​ភាព​ជួប​បញ្ហា​អ្វីខ្លះ​? ហើយ​ការ​ធ្វើ​ចំណាកស្រុក​ដោយមាន​សុ​វត្ថិ​ភាព​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ​? ដើម្បី​ឆ្លើយ​យក​រង្វាន់​ផងដែរ។

លោក ហយ ស៊ីថា អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ខេត្ត និង​លោកស្រី​អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត បាន​ធ្វើ​ការពន្យល់ និង​ឆ្លើយ​បកស្រាយ​រាល់​សំណួរ​ទាំងអស់​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចោទសួរ​ពាក់​ព័ន្ធ​នឹង​ប្រធានបទ ការ​ធ្វើ​ចំណាកស្រុក​ដែល​មាន​សុ​វត្ថិ​ភាព និង​ការ​ធ្វើ​ចំណាកស្រុក​ដែល​គ្មាន​សុ​វត្ថិ​ភាព ដោយ​បាន​មាន​ប្រសា​ស​ន៍ ដើម្បី​ឲ្យ​ការ​ធ្វើ​ចំណាកស្រុក​មាន​សុ​វត្ថិ​ភាព ត្រូវ​មាន​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន​ស្របច្បាប់ មាន​លិខិតឆ្លងដែន​និង​ទិដ្ឋាការ​ការងារ​ដែល​មាន​សុពលភាព​២​ឆ្នាំ ធ្វើដំណើរ​ទៅ​បំពេញការងារ ក្រៅ​ប្រទេស ដោយមាន​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ និង​ទទួល​បាន​លក្ខណ​ការងារ​ល្អ មាន​សុ​វត្ថិ​ភាព​ក្នុងពេល​បំពេញការងារ ​និង ​ស្នាក់នៅ​ហើយ​ទទួល​បាន​នូវ​សេវា​សង្គម ក្នុងអំឡុងពេល​បំពេញការងារ​បងប្អូន​ និង ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​កិច្ចសន្យា និង​នៅ​ពេល​ចប់​កិច្ចសន្យា​យើង​អាច​វិល​ត្រលប់​មកវិញ​ដោយ​សុ​វត្ថិ​ភាព​និង​មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

លោក​ទាំងពីរ​បាន​ធ្វើ​កា​របក​ស្រាយ​នូវ​សំណួរ​ថា ការ​ធ្វើ​ចំណាកស្រុក​ដែល​គ្មាន​សុ​វត្ថិ​ភាព​ថា គឺជា​ការ​ធ្វើ​ចំណាកស្រុក​តាម​មេខ្យល់ គ្មាន​ការរៀបចំ​ទុកជាមុន​និង​ការសម្រេចចិត្ត​ដោយ​ប្រថុយប្រថាន​ការ​ឆ្លង​ដែន​ដោយ​គ្មាន​លិខិតស្នាម​និង​គ្មាន​ឯកសារ​ស្របច្បាប់ ហើយ​បងប្អូន​ប្រឈម​និង​ការ​ជួញដូរ​ផ្លូវ​ភេទ ការរំលោភ​ផ្លូវ​ភេទ ការ​កេង​កម្លាំង​ពលកម្ម ការ​វាយដំ​លើ​រាយ​កាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ប្រាក់​ឈ្នួល​របស់​លោកអ្នក​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ផង​ដែរ​។ និង​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន ឬ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។

លោក ហយ ស៊ីថា បាន​មាន​ប្រសាសន៍​ថា បើ​មានបំណង​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស សូម​ទាក់ទង​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ការ​ចុះហត្ថលេខា​របស់​អភិបាលខេត្ត​ព្រៃវែង ភ្នាក់ងារ​ស្របច្បាប់​ឬ​ក្រសួង​ការងារ ហើយ​សព្វថ្ងៃ​នេះ នៅ​ទូទាំង​ខេត្ត មាន​កម្មករ​ចំណាកស្រុក​ចំនួន ១៧​ម៉ឺន​នាក់​។ ហើយ​ត្រូវ​ពិនិត្យមើល​កិច្ចសន្យាការងារ លិខិតឆ្លងដែន ទិដ្ឋាការ​ការងារ សម្រាប់​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​។

លោក ហយ ស៊ីថា បាន​បន្ត​ថា បើ​បងប្អូន​ចង់​មាន​អាជីព​ច្បាស់លាស់ សូម​មក​ដាក់ពាក្យ​រៀន​ជំនាញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ខេត្ត មាន​បង្រៀន ជួស​ជុល​ម៉ូតូ កុំព្យូរទ័រ សំអាង​ការ​និង​ជំនាញ​ជាច្រើន​ទៀត។

លោក បិ​ច សុង អភិបាលស្រុក​អភិបាលស្រុក​ព្រះ​ស្តេច បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​អង្គការ​សាក្រេ​ដ ដែល​បាន​ជួយ​ផ្សព្វផ្សាយ ប្រធានបទ ការ​ធ្វើ​ចំណាកស្រុក​ដែល​មាន​សុ​វត្ថិ​ភាព និង​ការធ្វើ​ចំណាកស្រុក​ដែល​គ្មាន​សុ​វត្ថិ​ភាព​ និង​ ការ​សម្តែង​សិល្បៈ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់តែ​ច្បាប់​ធ្វើ​ឲ្យ​ពួកគាត់​មិន​ហ៊ាន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​បន្ត​ទៀត​ទេ បើ​ទៅ​គឺ​ត្រូវ​រត់​ទៅ​រក​ក្រុមហ៊ុន​ដែល​ស្របច្បាប់​ដូចដែល​វាគ្មិន​បាន​លើក​ជូន​ជ្រាប​នៅ​ក្នុង​វេទិកា។

លោក​បន្ត​ថា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក សូម​ឲ្យ​មន្ទីរ​ធនធាន​ទឹកដោះ​ស្រាយ​បញ្ហា​ទឹក​ជូន​ពួកគាត់​ឲ្យធ្វើ​ស្រូប​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ ក្នុងនោះ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ រួមទាំង​ការបណ្តុះបណ្តាល​នូវ​ជំនាញ​ជាច្រើន​ទៀត៕