មន្ត្រី​ទូត​ខ្មែរ​នៅ​អូស្ត្រាលី រង​ការ​ចោទ​ថា​​បាន​រត់​ពន្ធ​ស្រា​និង​បារី

មន្ដ្រី​ការ​ទូត​បរទេស​ប្រចាំនៅ​ប្រទេសអូស្ត្រាលី​មួយ​ចំនួន​ ​រួមនឹងមន្ត្រីការទូតរបស់កម្ពុជាផង កំពុងរងនូវការស៊ើប​អង្កេត​មួយ ជុំវិញ​​​ពាណិជ្ជកម្ម​​ស្រា​ និង​បារី​តាម​ផ្លូវ​ងងឹត ដោយ​ការគេច​ពន្ធ។ ​នេះបើតាម​ការ​អះអាង របស់​ឆ្មាំ​ការ​ពារ​​ព្រំដែន នៃ​​ក្រសួង​​អន្ដោប្រវេសន៍ និង​​ការ​ការ​ពារ​​ព្រំដែន របស់​ប្រទេស​​អូស្ដ្រាលី​​ តាមរយៈសារព័ត៌មាន «The Sydney Morning Herald»។
មន្ត្រី​ទូត​ខ្មែរ​នៅ​អូស្ត្រាលី រង​ការ​ចោទ​ថា​​បាន​រត់​ពន្ធ​ស្រា​និង​បារី

លោក កុុយ គួង នៅពេលដែលលោក នៅជាមន្ត្រីអ្នកនាំពាក្យក្រសួង​ការបរទេសកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)

ស្ថាន​ទូត​បរទេស​មួយ​ចំនួន​ រួមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី បាន​រងការសង្ស័យ ថា​បាន​ប្រើ​​ប្រាស់​​​សិទ្ធិ​ការទូត​ពិសេសរបស់ពួកគេ​ ​ដើម្បី​នាំ​ចូលនូវគ្រឿងស្រវឹង និង​បារី ​ក្នុង​បរិមាណ​​ដ៏ខ្ពស់ ​ដែល​ទទួល​​បាន​ការ​​លើក​​លែង​​ពន្ធ​។ នេះបើតាមការផ្សព្វផ្សាយ របស់​សារព័ត៌មាន «The Sydney Morning Herald» កាល​ពី​ថ្ងៃ​អង្គារ​ទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។ 

សារព័ត៌មាន បានលើកឡើងថា ​ឆ្មាំ​ការ​ពារ​ព្រំដែន មកពីក្រសួង​អន្ដោប្រវេសន៍ និង​​ការ​ការ​ពារ​ព្រំដែន របស់​ប្រទេស​​អូស្ដ្រាលី​​  បានបើក​ការ​ស៊ើប​អង្កេត​តាំងពី៦ខែកន្លងមកហើយ ទៅលើករណីទាំងនោះ ជា​ពិសេស​ទៅ​លើ​​ស្ថាន​ទូត​​ខ្មែរ ប្រចាំនៅរដ្ឋធានី ​ខេនបេរ៉ា បូករួមនឹង​ក្រុមហ៊ុន​ «Unique International Duty Free» ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​មួយ ស្ថិត​ក្នុង​សង្កាត់​ «Clayton» នៃ​ក្រុង​មែលប៊ិន។

ក្រុម​ហ៊ុន ឬហាង «Unique International Duty Free»  ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​​លក់​​ទំនិញ​ ដែល​មាន​​ការ​​លើក​លែង​​ពន្ធ។

ការស៊ើបអង្កេត ដែលនៅមិនទាន់បានបញ្ចប់នោះ បានបង្ហើបឲ្យដឹងថា មន្ដ្រីរបស់​ស្ថាន​ទូត​បរទេស ក្នុង​នោះ​មាន​ទាំង​អគ្គរាជទូត​កម្ពុជា ​បាន​បញ្ជា​ទិញ​ស្រា និង​បារី​ ក្នុង​បរិមាណ​ដ៏ខ្ពស់ ​តាម​​រយៈ​​ក្រុមហ៊ុន​​ខាង​លើ​នេះ ប៉ុន្ដែ​​ទំនិញ​​ទាំង​​នោះ មិន​​ដែល​​បាន​​បញ្ជូន​​ទៅ​បុគ្គលិក​ ឬ​ស្ថាន​ទូត​នោះ​ទេ។ ផ្ទុយទៅវិញ ទំនិញ​ទាំង​នោះ​បែរ​ជា​ត្រូវ​បាន​​ដាក់​​លក់ ​នៅ​នឹង​​ហាង​នោះ​វិញ​ដដែល ​ក្នុង​តម្លៃ​លក់​រាយ​ ក្នុងលក្ខណៈជាការ​បន្លំ​​ភ្នែក​​គេ។​ ទំហំ​ទឹក​ប្រាក់​ចំណេញ ដែល​ក្រុម​អាជ្ញាធរ​ព្រំដែនអូស្ត្រាលី បានរកឃើញ មានកម្រិត​ដល់​ទៅ​​២សែន​​ដុល្លារ​​អូស្ដ្រាលី។

ប្រតិកម្មតាមរយៈសារព័ត៌មានមួយ ក្នុងប្រទេសកម្ពុជា លោក កុយ គួង ដែលទើបនឹង​មក​កាន់​តំណែង ជា​ឯកអគ្គ​រាជ​​ទូត​​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន កាលពីខែមិថុនា ឆ្នាំ២០១៥ បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន «The Sydney Morning Herald» ថាជាការភ័ន្តច្រឡំ គ្មាន​ភាព​ស៊ី​ជម្រៅ និង​ជា​រឿង​គួរឲ្យ​អស់​សំណើច។ លោក កុយ គួង បានលើកឡើងថា ការទិញស្រា ពីក្រុម​ហ៊ុន «Unique International Duty Free» នោះ​ត្រូវ​បាន​​មន្រ្តីទូតកម្ពុជា​ធ្វើឡើងយ៉ាងត្រឹមត្រូវ តាមច្បាប់​អូស្រ្តាលី​កំណត់។ លោក​អះអាង​ថា ស្ថានទូត​ខែ្មរ​​មិន​ដែល​ហ៊ាន ទៅធ្វើរឿងល្មើសច្បាប់​ទាំងនោះ​ឡើយ ហើយមន្រ្តីទូតខ្មែរ​នៅ​ទីនោះ ក៏​គោរព​ច្បាប់ជា​ទី​បំផុត​ដែរ។

ដោយឡែក ចំពោះក្រសួងការបរទេសកម្ពុជាវិញ បានអះអាងថា​កំពុងរង់ចាំ​ចម្លើយ​បំភ្លឺ ពី​លោក កុយ គួង ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ។ នេះបើតាមអ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដែល​បាន​ថ្លែង​ដូច្នេះ ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ព្រឹក​ថ្ងៃទី១១ ខែ​ឧសភា​នេះ។ 

​សិទ្ធិ​ពិសេស​របស់​អ្នក​ការទូត​ បានអនុញ្ញាតឲ្យមន្ត្រីទូត អាចនាំចូលពីរដងក្នុងមួយឆ្នាំ ទៅក្នុង​ប្រទេស​អូស្ត្រាលី ដោយ​មិន​បាច់​បង់​ពន្ធ ដើម្បីជាការប្រើប្រាស់ផ្ទាល់ខ្លួន។ ការនាំចូលម្ដងៗនោះ អាច​មាន​ដូចជា ​ស្រាបៀរ​​៥០០​លីត្រ, គ្រឿង​​សុរា​​១២០លីត្រ​ និង​​បារី​​ចំនួន​​១ម៉ឺន​ដើម​។ ទំហំនៃសិទ្ធិពិសេសនេះ នឹងកើន​ឡើង​ទ្វេ​ដង សម្រាប់​​ស្ថាន​ទូត​ និង​​ឧត្ដម​​ស្នង​ការ​​ជាន់​​ខ្ពស់ ដែលមានទីតាំងក្នុង​ប្រទេស​អូស្ត្រាលី។

រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ ជាករណីទីពីរហើយ ក្នុងរយៈពេលមិនដល់ពីរ​ខែផង សម្រាប់វិស័យ​ការទូត​កម្ពុជា។ កាល​ពី​ដើម​ខែមេសា លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា​ ប្រចាំនៅប្រទេស​កូរ៉េ​ខាង​ត្បូង ​ក៏​រង​នូវ​រឿងអាស្រូវ​ពុករលួយ រហូតលោកត្រូវបានអង្គភាព​ប្រឆាំង​អំពើពុករលួយកម្ពុជា ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន មក​ដល់​បច្ចុប្បន្ន។ លោក ឌីណា ត្រូវបានអង្គភាពនេះ​ចោទថា មាន​ប្រាក់ ៧លាន​​២​សែន​ដុល្លារ​​អាមេរិក មាស​​គីឡូ​ចំនួន ៣៣៩​តម្លឹង ស្មើនឹង​ ១២,៧៤​គីឡូ​ក្រាម​ ព្រមទាំងមាន​​ដី១០កន្លែង​ធំៗ ​និង​​ត្បូង​ប្រមាណ​​៥០០គ្រាប់​​ថែម​​ទៀត៕