ឯកឧត្តម កឹម សុខា​៖ CNRP កាន់តែ​ជិត​ឈ្នះ គូប្រកួត​បង្ក​ឧបសគ្គ​កាន់តែ​ធំ​

​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា អះអាងថា គួ​បដិបក្ខ​ន​យោ​យ​បាយ​របស់ខ្លួន កំពុងតែ​ភ័យព្រួយ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​ខាងមុខ​។ អនុប្រធាន​បក្សប្រឆាំង​រូបនេះ បន្តថា ដោយសារតែ​ដឹង​យ៉ាងច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈានទៅ​ដឹកនាំ​ប្រទេស  ទើប​ដៃគូ​នយោបាយ ព្យាយាម​បង្ក​ឧបសគ្គ​នានា ជា​បន្តបន្ទាប់​។​

​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ ឯកឧត្តម កឹម សុខា នៅតែ​បង្ហាញ​ពី​ក្តីសង្ឃឹម​យ៉ាង​មាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត នៅ​អាណត្តិ​ក្រោយ​។ អនុប្រធាន​បក្ស​ជំទាស់​រូបនេះ បាន​ប្រាប់​ពី​មូល​ហេតុថា ដោយសារតែ​ចលនានយោបាយ​របស់ខ្លួន ធ្វើដំណើរ​ជិត​ដល់​គោលដៅ​នៃ​ការដឹកនាំ​រដ្ឋាភិបាល​ដូច្នេះហើយ ទើប​គូប្រជែង មិន​ព្រម​ដកខ្លួន​ពី​ការ​យី​យា​និង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​ខ្លាចក្រែង​ចំពោះ​ផ្លូវច្បាប់​។ 

​ឯកឧត្តម កឹម សុខា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារតែ​ជំហាន​យើង​ជិត​ដល់​គោលដៅ បានជា​ឧបសគ្គ​កាន់តែ​ធំ​។ [……]  គេ​មើលឃើញ ថា​យើង​នឹង​ទទួលបាន​ជ័យជម្នះ​ហ្នឹង អ៊ីចឹង​ហើយ​បានជា​គេ​បង្ក​ឧបសគ្គ​ដោយ​ឥត​កោតញញើត​អ្វី​ទាំងអស់​។ ទោះបី​រំលោភច្បាប់ បំពាន​ច្បាប់ យ៉ាងណាក៏ដោយ ក៏​គេ​អត់​មាន​ថយ​ដែរ​។ ដោយសារ​អ្វី​? ដោយសារតែ​គេ​ដឹងថា​ជ័យ​ជ​ន្នះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ នឹង​ទទួលបាន​ក្នុងពេល​ឆាប់ៗ​នេះ ក្រោម​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​បើទោះបីជា ប្រធានស្តីទី​បក្ស​ជំទាស់​រូបនេះ មិន​អត្ថា​ប្បាយ​ឲ្យ​ចំ ថា​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​រុកកួន មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ប៉ុន្តែ​សារ​នយោបាយ​របស់លោក ហាក់ដូចជា​សំដៅទៅ​បក្ស​កាន់អំណាច​មួយ​នេះ​។ គេ​សង្កេតឃើញថា កម្តៅ​នយោបាយ​បាន​កើនឡើង​ដោយ​ឥតឈប់ឈរ ដោយសារតែ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​យោងតាម​ដី​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឯកឧត្តម កឹម   សុខា ត្រូវ​ចូលខ្លួន​បំភ្លឺ ជំវិញ​ពាក្យបណ្តឹង​ពីបទ «​បរិហាកេរ្តិ៍​» របស់​កញ្ញា ធី សុវណ្ណ​ថា​។ ដោយ​សំអាង​លើក​អ​ភ័​ឯកសិទ្ធិ​ក្នុងនាម​ជា​តំណាងរាស្ត្រ ឯកឧត្តម កឹម សុខា ក៏បាន​បដិសេធ មិន​បង្ហាញខ្លួន​នៅ​តុលាការ​ឡើយ ហើយ​សុខចិត្ត​មកជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​ទូទាំង​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ទៅវិញ នា​ថ្ងៃទី​១១ ឧសភា​នេះ​៕