ក្រសួង​មហាផ្ទៃ​កម្ពុជា​និង​ក្រសួង​នគរបាល​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខង ជួប​ប្រជុំ​គ្នា​ជាមួយ​លោក តូ ឡឹម (To Lam) រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម ដើម្បី​ចុះ​ហត្ថលេខា​លើ​ឯកសារ​បំពេញ​បន្ថែម​នៃ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០១៦។

ជំនួប​រវាង​ប្រមុខ​ក្រសួង​នៃ​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្រ្ត ថ្លែង​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​ថា គោល​បំណង​នៃ​ការ​ជួប​គ្នា​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថែ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស សំដៅ​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។

លោក ប៉ោ ភក្រ្ត ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នគរបាល​វៀតណាម បាន​សន្យា​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​បច្ចេកទេស​ដល់​នគរបាល​ជាតិ​កម្ពុជា ដើម្បី​សហការ​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន និង​បទពិសោធន៍។

គណៈប្រតិភូ​នៃ​ក្រសួង​នគរបាល​វៀតណាម ដឹក​នាំ​ដោយ​លោក តូ ឡឹម (To Lam) ជា​រដ្ឋមន្ត្រី នឹង​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា មុន​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​នៅ​រសៀល​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។