ក្រសួងពាណិជ្ជកម្ម ប្រកាស​ឲ្យ​ម្ចាស់​សហគ្រាស នាំ​ផលិតផល​ខ្មែរ​ទៅ​លក់​នៅ​ចិន​

​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​១០​ខែឧសភា ជូនដំណឹង​ដល់​ប្រធាន​សមាគម ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​ក្នុងស្រុក​ទាំងអស់ ឲ្យ​ដាក់​ពាក្យសុំ​នាំ​ផលិតផល​ខ្មែរ ទៅ​លក់​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​ចិន​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹងថា ក្រុមហ៊ុន CHINA IMPORT-FOOD MALL CO.,LTD. របស់​ចិន បានផ្តល់​ទីតាំង​ក្នុង​ផ្សារ​ទំនើប​របស់ខ្លួន​ដល់​ភាគី​កម្ពុជា ដើម្បី​ដាក់លក់​ផលិតផល​។ នៅក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់ទៀតថា ផ្សារ​ទំនើប​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ហៃ​នី​ង ខេត្ត​ស៊ី​ជាំ​ង​។​

​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ​នៃ​ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើម​ទ​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​៣១​ខែមិថុនា​ឆ្នាំ​២០១៦ និង​រហូតដល់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦ សម្រាប់​ការទទួល​គំរូ​ផលិតផល​៕