សភា​មី​យ៉ាន់​ម៉ា អនុម័ត​លើ​កិច្ចសហប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​-​រុស្ស៊ី​

​សភា​សហភាព​មី​យ៉ាន់​ម៉ា បានអនុម័ត​យល់ព្រម​តាម​សំណើ​របស់​ក្រុម​យោធា​ក្នុងការ​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​-​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​បន្ថែម​លើ ចំណង​ទ្វេភាគី​រុស្ស៊ី និង​មី​យ៉ាន់​ម៉ា​ស្រប​នឹង​ចរន្ត​នៃ​ការងា​កមក​ចាប់​ដៃគូ​របស់​រុស្ស៊ី​មកកាន់​អាស៊ាន​។​

​សមាជិកសភា​មី​យ៉ាន់​ម៉ា បាន​អះអាងថា មី​យ៉ាន់​ម៉ា​ត្រូវការ​ពង្រឹង​កងទ័ព​ឲ្យ​លក្ខណៈ​ស្របតាម​ស្តង់ដារ ទំនើប និង​មាន​សមត្ថភាព​ពិតប្រាកដ​តាមរយៈ​ការយល់ដឹង​ពី​យុទ្ធសាស្ត្រ​យោធា និង​ការអនុវត្ត​បែប​សម័យ​ទំនើប ដែល​វា​នឹងសិក្សា​ក្នុងការ​កម្មវិធី​ទ្វេភាគី​ដែល​ផ្តួចផ្តើម​ជាមួយនឹង​រុស្ស៊ី​។ នេះ​បើ​យោងតាម ភ្នា​ក់​ព័ត៌មាន Xinhua ។​

​សមាជិកសភា​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា កិច្ចព្រមព្រៀង​ដែល​នឹងត្រូវ​ចុះហត្ថលេខា​ជាមួយនឹង​រុស្ស៊ី​គឺ ជា​លទ្ធផល​ដែល​ចេញពី​គោលនយោបាយ​ការបរទេស​របស់​រុស្ស៊ី​បច្ចុប្បន្ន​មកកាន់​សហគមន៍​អាស៊ាន និង​មី​យ៉ាន់​ម៉ា ជាពិសេស​នោះ លើ​ទំនាក់ទំនង​ការពារជាតិ សន្តិសុខ​ជាតិ និង​ការ​ប្រឆាំងនឹង​ភេ​វរ​កម្ម​ផងដែរ​។

​កន្លងមក អនុរដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ Myint Swe ដែលជា​អ្នក​ដាក់សំណើ​នោះ បាន អះអាងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​រុស្ស៊ី នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​កម្រិត​ថ្មី​មួយទៀត​រវាង​ប្រទេស​ទាំងពីរ ហើយ វា ក៏​ជួយ​ជំរុញ​កិច្ចសន្ទនា និង​ការយោគយល់​រួមគ្នា​នៃ​គោលនយោបាយ​ការពារជាតិ​ទាំង​ក្របខណ្ឌ​សន្តិសុខ​អន្តរជាតិ និង​តំបន់​។

​ជាមួយគ្នានេះ មេបញ្ជាការ​កំពូល​កង​ទ័ព​មី​យ៉ាន់​ម៉ា លោក ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង ក៏បាន​ស្នើ​ឲ្យ​រុស្ស៊ី​បន្ត​ចូលរួមចំណែក​ក្នុង​ការធានា​សន្តិភាព​ពិភពលោក ដែល​កំពុងតែ​ប្រឈម​នឹង​អស្ថិរភាព​ដែល បង្កដោយ​បញ្ហា​ប្រឈម​នយោបាយ សេដ្ឋកិច្ច សង្គម និង​សាសនា​នៅក្នុង​តំបន់​មួយចំនួន​។​

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២៦ ខែមេសា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា លោក Sein Win ក៏បាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu ជា​លក្ខណៈ​ទ្វេភាគី នាឱកាស​នៃ​កិច្ចប្រជុំ​ការពារជាតិ​រុស្ស៊ី​និង​អាស៊ាន​ក្នុង​ទឹកដី​រុស្ស៊ី​។​
 
​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​នោះ ក្រៅពី​ការអះអាង​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត ប្រមុខ​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu ក៏បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ជំនួប​រុស្ស៊ី​និង​មី​យ៉ាន់​ម៉ា នឹង​កាន់តែ​រឹងមាំ ជាពិសេស​លើ​វិស័យ​យោធា និង​បច្ចេកទេស​យោធា​។ នាពេល​នោះដែរ មេដឹកនាំ​មី​យ៉ាន់​ម៉ា ក៏បាន អរគុណ​ភាគី​រុស្ស៊ី និង​កងទ័ព​រុស្ស៊ី ដែល​តែងតែ​គាំទ្រ​មី​យ៉ាន់​មា់​នៅពេល​ប្រទេស​ជួបនឹង​ភាពលំបាក​៕