វាយ​កម្ទេច​ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ ០៨​គ្រឿង នៅខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ តំណាង​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ បាន​បើក​យុទ្ធនាការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ ចំនួន​០៨ គ្រឿង ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បង្ក្រាប​បាន​កាលពី​ពេល​កន្លង​មក ក្នុងភូមិ​សាស្ត្រ សង្កាត់​ទាំង​៤ នៃ ខណ្ឌមានជ័យ ។

ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខុសច្បាប់​ខាងលើ​នេះ គឺជា​លើក​ទី​២​ហើយ​សម្រាប់​ខណ្ឌមានជ័យ ដែល​លើក​ទី​១ អាជ្ញាធរ​បាន​ធ្វើការ​ដុត​បំផ្លាញ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន ០៦​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ ។ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ជុំវិញ​ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខាងលើ នេះ​ថា ទូ​ហ្គេ​ម​ទាំងនេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ប្រើប្រាស់​លុយ​ទើប​អាច​លេង​បាន ។ វា​ជា​ហ្គេ​ម​មួយ​ប្រភេទ ដែល​ច្បាប់​ហាមប្រាម​មិន​ឲ្យ​បើក​ដំណើរការ​បានជា​ដាច់ខាត មិន​ថា ក្នុង​រូបភាព​បែប​ណា​នោះ​ទេ ។

បន្ថែម​ពី​នេះ​ទៅ​ទៀត វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេ វា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ អោយ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ ។ និង​ពេល​ខ្លះ អាច​បែកគំនិត រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ ។

ក្នុង​ឱកាស​ខាងលើ​ដដែល​នេះ លោក​អភិបាលរង បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងមូល អោយ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​យើង​គ្រប់ពេលវេលា ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ មុខសញ្ញា​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ អំពើ​ល្មើសច្បាប់ មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​បទល្មើស មាន​ដូច​ជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់ ជាដើម ។ សូម​បងប្អូន​ចូលរួម​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត ។

ជំនួស​មុខ​អោយ​អាជ្ញាធរ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ទាំងមូល លោក​អភិបាលរង ឌី រ័​ត្ន​ខេ​ម​រុណ បាន​សន្យា​ថា និង​បន្តសកម្មភាព​បង្ក្រាប​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​មុខ​បន្ថែម​ទៀត ទៅ​លើ​ទីតាំង​ទាំងឡាយ​ណា​ដែល​កំពុង​ព្រហើន​ប្រព្រឹត្តិ​សកម្មភាព​ល្មើស​នឹង​ច្បាប់ ដែល​តែងតែ​បង្ក​ជា​ភាព​ជ្រួលច្របល់​ដល់​សង្គម​ជាតិ  ដោយ​អាជ្ញាធរ​មិន​គិត​ពី​បក្ខពួក ណា​ម្នាក់​ឡើយ ព្រោះ​អាជ្ញាធរ​ជា មាតាបិតា​ប្រជាពលរដ្ឋ និង​ជា​អ្នកបម្រើ​រាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំ​ៗ​មួយ​ចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តី​ទុកចិត្ត​ទៅ​លើ​អ្នក​ណា​បាន​ទៀត​ទៅ​ថ្ងៃ​មុខ ៕