មន្ត្រី​សាលាខេត្ត​ខ្លាច​ដើមឈើ​បាក់​រលំ​ឲ្យ​គេ​កាប់​ដើមឈើ​ចោល​មុន​ខ្យល់​កន្ត្រាក់​

មន្ត្រី​សាលាខេត្ត​ខ្លាច​ដើមឈើ​បាក់​រលំ​ឲ្យ​គេ​កាប់​ដើមឈើ​ចោល​មុន​ខ្យល់​កន្ត្រាក់​



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលាខេត្ត​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​និង​មន្ទីរ អង្គភាព​ជំនាញ​មួយ​ចំនួន​បាន​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​រក​ការ​ឯកភាព​គ្នា​ឲ្យ​កាប់​ដើមឈើ​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​ចោល​ដើម្បី​ជៀសវាង​ខ្យល់​កន្ត្រាក់​បង្ក​ឲ្យ​បាក់​រលំ​ដើមឈើ​ទាំងនោះ​ជា​ចៃដន្យ ហើយ​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទៀតផង​។

លោក​លី​ សារី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ទទួល​កា​ណែនាំ​ពី​លោក​សួន បវរ អភិបាលខេត្ត​ក្នុង​ការដឹកនាំ​ប្រជុំពិភាក្សា​និង​សម្រេចចិត្ត​នេះ​។ មន្ត្រី​ពាក់ព័ន្ធ​ដូចជា​អាជ្ញាធរ​ខេត្ត ក្រុង​សិរីសោភ័ណ អគ្គិសនី​កម្ពុជា​ខេត្ត រដ្ឋបាល​ព្រៃឈើ មន្ទីរពេទ្យ​បង្អែក​ក្រុង​បាន​លើក​ពី​មូលហេតុ និង​កត្តា​នាំ​ឲ្យ​ចង់​កាប់​ដើមឈើ​មួយ​ចំនួន​នៅ​ខាងក្នុង​និង​ខាងក្រៅ​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​នេះ គឺ​ដើម​ខ្លះ​ត្រូវ​កាប់​ដល់​គល់ ដើម​ខ្លះ​ត្រូវ​កាប់​ក្រឹម​មែក ​ឬ ​ដើម​ដើម្បី​កុំ​ឲ្យ​វា​ដួល​បាក់​រលំ​នៅ​ពេល​ណា​មាន​ខ្យល់ព្យុះ ឬ ខ្យល់​កន្ត្រាក់​កើតឡើង​នៅ​ថ្ងៃ​ខាងមុខ​។

លោក​លី សារី រំលឹក​ពី​បំណង​នៃ​គំនិត​របស់​លោក​សួន បវរ អភិបាលខេត្ត​និង​មតិ​ពី​អង្គប្រជុំ​នោះ​ថា​ទី​១​ ដើម្បី​សោភ័ណភាព​ក្រុង​សិរីសោភ័ណ​ទី​២​ខ្លាច​ដើមឈើ​បាក់​ដួល​រលំ​សង្កត់​ឲ្យ​ខូចខាត​ដំបូល អគារ​មន្ទីរពេទ្យ​ទី​៣​ខ្លាច​បាក់​សង្កត់​អ្នកដំណើរ អ្នក​ជំងឺ​និង​បុគ្គលិក​មន្ទីរពេទ្យ​ជាដើម​។ លោក​លី​សារី​បាន​និយាយ​ថា ក្នុង​ការជួល​អ្នក​ស៊ី​ឈ្នួល​កាត់​កាប់​ដើមឈើ​ទាំង​ជាង​២០​ដើម​នោះ​អ្នក​ស៊ី​ឈ្នួល​ទារ​តម្លៃ​ជាង​៤​លាន​រៀល​ឯណោះ ហើយ​ពិបាក​រក​ជំនាញ​ខាង​ណា​ជា​អ្នក​ចេញ​លុយ​នេះ​។ ហើយ​បំណង​ផ្សេងទៀត​ដែល​លោក​សួន បវរ​ណែនាំ​ឲ្យ​កាប់​ដើមឈើ​និង​មែក​ចេញ​នោះ​អាច​ធ្វើតាម​ជំនឿ​ដូចដែល​លោក​ឲ្យ​កាប់​ក្រឹម​ដើម​អសោក​និង​ដើម​មៀន​ក្នុង​បរិវេណ​សាលាខេត្ត​ជាដើម​។ និង​ម្យ៉ាងទៀត លោក​អភិបាលខេត្ត​ចង់​ឲ្យ​ដើមឈើ​លម្អ​ថ្មី​ដែល​លោក​ទើប​ដាំ​វា​បាន​ធំធាត់ ហើយ​បង្ហាញ​ស្នាដៃ​លោក​ពេល​ឡើង​កាន់​តំណែង​។

ប៉ុន្តែ​ការ​កាប់​ដើមឈើ​ចំ​ពេល​រដូវប្រាំង​ហួតហែង​ក្តៅ​បែកផ្សែង​ដូច្នេះ ហាក់​ដូច​ជា​មិន​យល់​ពី​បម្រែបម្រួល​អាកាសធាតុ ​ឬ ​ឡើង​កម្ដៅ​ផែនដី​ឡើយ​ពោល​គឺ​គេ​មានតែ​ខំ​ដាំ​ដើមឈើ​បន្ថែម មិន​គួរ​ជា​មាន​គំនិត​កាប់​ដើមឈើ​មាន​ស្រាប់​ចោល​នោះ​ទេ​៕

មន្ត្រី​សាលាខេត្ត​ខ្លាច​ដើមឈើ​បាក់​រលំ​ឲ្យ​គេ​កាប់​ដើមឈើ​ចោល​មុន​ខ្យល់​កន្ត្រាក់​