សំណង់​​​​​ឧកញ៉ា​ញឹក ​ផន ​រំលោភ​ចូល​ដី​ចំណី​ទន្លេសាប​​​​ ​គ្មាន​អាជ្ញាធរ​ហាមឃាត់

សំណង់​​​​​ឧកញ៉ា​ញឹក ​ផន ​រំលោភ​ចូល​ដី​ចំណី​ទន្លេសាប​​​​ ​គ្មាន​អាជ្ញាធរ​ហាមឃាត់



ភ្នំពេញ ​៖​ សំណង់​ផែ​មួយ​កន្លែង​កំពុង​សាងសង់​យ៉ាង​រលូន ​​រំលោភ​ចូល​ដី​ចំណី​ទន្លេ​​សាប​​​នៅ​ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ​ដើម្បី​ពង្រីក​ផ្ទៃ​ខ្លួន​ឲ្យ​បាន​ធំ​ថែមទៀត និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​គ្រឹះ​សសរ​ស្ពាន​ ដោយសារតែ​ការ​បុក​គ្រឹះ​សាងសង់​ផែ​មួយ​នេះ។

គេ​ដឹង​ថា​ផែ ​ដែល​កំពុង​សាងសង់​រំលោភ​ចូល​ដី​ចំណី​ទន្លេ​នេះ ​មាន​ប្រវែង​បណ្ដោយ​ប្រហែល​១០០​ម៉ែត្រ តាម​ជួរ​មាត់ទន្លេ​ និង​ទទឹង​ជាង​១០​ម៉ែត្រ ​ដែល​បាន​សាងសង់​ចូល​ទៅ​ក្នុង​ដី​ចំណី​ទន្លេ​យ៉ាងជ្រៅ។ សំណង់​ផែ​​មួយ​នេះ មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ដែល​គេ​ដឹង​ថា​ជា​របស់​លោក​ឧកញ៉ា​ដ៏​មានអំណាច​ម្នាក់​ឈ្មោះ​ញឹក​ផន ហៅ​តា​កៅ ដែល​កន្លងមក​សំបូរ​រឿងអាស្រូវ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាច្រើន​នៅ​ខណ្ឌ​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ។

សំណង់​ផែ​សង្ស័យ​អត់​ច្បាប់​របស់​ឈ្មោះ​ញឹក ផន ហៅ​តា​កៅ ដែល​ពី​មុនគេ​ដឹង​ថា​ទីតាំង​នេះ​គឺជា​កន្លែង​ដេប៉ូ​ខ្សាច់​យ៉ាង​ធំ​ផង​ដែរ បាន​សាងសង់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​ហើយ ​គ្មាន​អាជ្ញាធរ​ណា​ហាមឃាត់​ឡើយ។

គេ​ពុំ​ដឹង​ថា មានការ​ត្រូវរ៉ូវ​គ្នា ឬ​មានការ​អន្តរាគមន៍​យ៉ាងណា​នោះទេ បានជា​សំណង់​ផែ​អត់​ច្បាប់​មួយ​នេះ​សង់​រំលោភ​ចូលក្នុង​ទន្លេ​បាន​យ៉ាង​ស្រួល​ដូច្នេះ។ នៅ​តំបន់​នេះ​ផងដែរ​ បើតាម​ច្បាប់​របស់​រដ្ឋាភិបាល​គេ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផែ​នោះ​ទេ​ ដែល​អាជ្ញាធរ​សង្ស័យ​ថា អត់​ច្បាប់។

ពាក់ព័ន្ធ​នឹង​ករណី​សំណង់​រំលោភ​ចូល​ដី​ចំណី​ទន្លេ​មួយ​នេះ ប្រជាពលរដ្ឋ​អះអាង​ថា បើ​ប្រជាពលរដ្ឋ​តូចតាច​ធ្វើ​អី​បន្តិចបន្តួច​មិនបាន​ទេ ​ប៉ុន្តែ​បើ​​ឧកញ៉ា​ធំៗ​ ឬ​ថៅកែ​គ្រាក់ៗ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ ឲ្យតែ​មាន​លុយ។ ពួកគាត់​សំណូមពរ​ទៅ​លោក​ជា​សុ​ផា​រ៉ា ​ទេស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបណីយកម្ម​ និង​សំណង់ ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​មេត្តា​ជួយ​មើល​រឿង​នេះ​ផង ព្រោះ​លោក​ធ្លាប់​ព្រមាន​ចាត់វិធានការ​បញ្ចូល​​មន្ត្រី ​ឬ​ឧកញ៉ា ​ណា​ដែល​រំលោភ​ដី​រដ្ឋ​ ឬ​ដី​ប្រជាពលរដ្ឋ​ទៅ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​រដ្ឋាភិបាល ដូច្នេះ​លោក​ឧកញ៉ា​​​ម្នាក់​នេះ​ល្មម​លៃលក​ផង។

ពាក់ព័ន្ធ​នឹង​ករណី​សំណង់​ផែ​ខាង​លើ​នេះ លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថា គាត់​ពុំ​ទាន់​បាន​ដឹង​ពី​ករណី​នេះ​ទេ ចាំ​គាត់​ទាក់ទង​ទៅ​លោក​ចៅសង្កាត់​ស្វាយប៉ាក​សិន។
ទាក់ទង​នឹង​រឿង​នេះ​កម្ពុ​ជា​ថ្មី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា​ញឹក​ ផន ​ដែរ ​តែ​ពុំ​អាច​សុំ​ការ​ទំនាក់ទំនង​បានទេ៕

សំណង់​​​​​ឧកញ៉ា​ញឹក ​ផន ​រំលោភ​ចូល​ដី​ចំណី​ទន្លេសាប​​​​ ​គ្មាន​អាជ្ញាធរ​ហាមឃាត់

សំណង់​​​​​ឧកញ៉ា​ញឹក ​ផន ​រំលោភ​ចូល​ដី​ចំណី​ទន្លេសាប​​​​ ​គ្មាន​អាជ្ញាធរ​ហាមឃាត់