សប្បុរសជន​ចូលរួម​បរិច្ចាគ​ក្នុង​សកម្មភាព​កាកបាទក្រហម​កម្ពុជា ខេត្តកំពត​ទទួល​បាន​ថវិកា​ចំនួន​១៤៥.១០០​ដុល្លារ

សប្បុរសជន​ចូលរួម​បរិច្ចាគ​ក្នុង​សកម្មភាព​កាកបាទក្រហម​កម្ពុជា ខេត្តកំពត​ទទួល​បាន​ថវិកា​ចំនួន​១៤៥.១០០​ដុល្លារ



កំពត ៖ សប្បុរសជន​ព្រម ទាំង​មន្ត្រីរាជការ បណ្តា​ក្រុមហ៊ុន​ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ បាន​ចូលរួម​បរិច្ចាគ​ដល់​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត ដោយ​ប្រមូល​ថវិកា​បាន ចំនួន ១៤៥.១០០ ដុល្លារ​អាមេរិក នៅ​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម។

លោក ចាន់ ចេស្តា គណៈ​អភិបាល​នៃ​អភិបាល​ខេត្ត​កំពត បាន​លើក​ឡើង នៅ​ក្នុង​ពិធី​អបអរ សាទរ ខួប​លើក​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៦​នេះ​ថា ការ​ប្រមូល​មូល​និ​ធិ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពត បានសម្រេច​លទ្ធផល​ដ៏ ត្រចះត្រចង់​ដោយមាន​ការ​រីកចម្រើន​កើន​ឡើងជា​លំដាប់ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៥ សាខា​កាកបាទ ក្រហម​ខេត្តកំពត មូល​និ​ធិ​សាខា​ប្រមូល​ដោយ​ផ្ទាល់​បាន​ចំនួន​ជិត​២​សែន​ដុល្លា​អាមេរិក និង​មូលនិធិ របស់​ដៃគូ​មាន​ចំនួន​ជាង​១​សែន​ដុល្លារ​អាមេរិក។

លោក អភិបាល បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ កាកបាទក្រហម​កម្ពុជា​ខេត្ត បាន​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ភាពជោគជ័យ ស្របតាម​ទិសដៅ​វិមជ្ឈការ និង​សហ​វិមជ្ឈការ ក្នុង​នោះ​បាន​កសាង​សមាជិកភាព​សម្រេច​បាន​ជាង​១​ម៉ឺន​នាក់ អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​មាន ចំនួន​ជាង​១​ពាន់​នាក់ យុវជន​កាកបាទក្រហម​ចំនួន​ជាង​១​ពាន់​នាក់ បាន​ធ្វើ​សកម្មភាព​ផ្តល់​អំណោយ មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន​ជាង​៥​ពាន់​គ្រួសារ​ផង​ដែរ ក្នុង​នោះ​សម្រាប់​ថវិកា​ដែល​ប្រមូល បាន​ពី​សប្បុរសជន​នៅ​ថ្ងៃ​នេះ ជា​ទឹកចិត្ត​សប្បុរសធម៌​ពិតៗ នៅ​ក្នុង​ការចូល​រួមជាមួយ​សង្គមជាតិ ទាំងមូល​ផងដែរ។

​ក្នុង​ពិធី​នេះ លោក ណៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា បាន​ថ្លែង​លើក​ឡើង​ថា កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ប្រធាន​កិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ ក្រហម​កម្ពុជា​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ នូវ​រាល់​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជន ងាយ​រងគ្រោះ ទុរគត​ជន ជនពិការ កុមារកំព្រា ចាស់ជរា និង​អ្នក​ផ្ទុកមេរោគ​អេដស៍​ជាដើម ពេលដែល​បងប្អូន​មាន​ការ​ជួប​លំបាក គឺ​មាន​តែ​កាកបាទក្រហម​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​បាន​ជួយ បាន​ដោះស្រាយ​ទាន់ពេល​វេលា។ ចំពោះ​បញ្ហា​កើតឡើង​នៅ​ថ្នាក់​ខេត្ត​វិញ លោក ណៃ ប៉េ​ណា ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ស្រុក ជួយ​ដោះស្រាយ​ទៅតាម​លទ្ធភាព និង​រូបភាព​ដែល​អាច​ទៅ​បាន ប៉ុន្តែ​ចំពោះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​ហួស​សមត្ថភាព និង​លទ្ធភាព​នោះ ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅដល់​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​គ្មាន​អាជ្ញាធរ​ដឹងឮ ឬ​ ស្លាប់​ដោយ​ការ​ដាច់​បាយ​នោះទេ៕

សប្បុរសជន​ចូលរួម​បរិច្ចាគ​ក្នុង​សកម្មភាព​កាកបាទក្រហម​កម្ពុជា ខេត្តកំពត​ទទួល​បាន​ថវិកា​ចំនួន​១៤៥.១០០​ដុល្លារ សប្បុរសជន​ចូលរួម​បរិច្ចាគ​ក្នុង​សកម្មភាព​កាកបាទក្រហម​កម្ពុជា ខេត្តកំពត​ទទួល​បាន​ថវិកា​ចំនួន​១៤៥.១០០​ដុល្លារ