ប្រជាពលរដ្ឋ​២៤​គ្រួសារ ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​បាន​​អំណោយ

ប្រជាពលរដ្ឋ​២៤​គ្រួសារ ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​បាន​​អំណោយ



កំពង់ឆ្នាំង​ ៖​ ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក​អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​ក្រុម​ការងារ​កាកបាទក្រហម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែឧសភា ឆ្នាំ​២០១៦​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​ខេត្ត ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​២៤​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ស្ថិតក្នុង​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ដែល​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ។

លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានឲ្យដឹងថា ​៖អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​ខេត្ត​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​២៤​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ​៣០​គីឡូក្រាម​,​មី​១​កេស​,​ត្រីខ​១​យួរ​ និង​ឃី​ត​១​កញ្ចប់​ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល។

នៅក្នុង​ឱកាស​នោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ពាំ​នាំនូវ​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ចូលរួម​សោកស្តាយ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​​ក្រហម​កម្ពុជា​ដែលជា​និច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ទីកន្លែង​ និង​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ​គ្រប់ពេលវេលា គ្រប់​មូលដ្ឋាន ដោយ​មិន​ប្រកាន់ពូជសាសន៍​ និង​និន្នាការ​នយោបាយ​ឡើយ។

ក្នុងពេល​នោះដែរ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន ក៏បាន​ផ្តាំផ្ញើរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​អគ្គិភ័យ គ្រោះថ្នាក់​ធម្មជាតិ មាន​ភ្លៀង​ខ្យល់ព្យុះ និង​រន្ទះបាញ់​ជាដើម ព្រោះ​ក្នុង​រដូវភ្លៀង​នេះ​តែងតែ​​កើតជា​ញឹកញាប់​មកលើ​មូលដ្ឋាន ដោយ​យើង​មិន​អាចដឹង​មុន​បានឡើយ ជាពិសេស​ត្រូវតែ​ការពារ​ឲ្យ​បាន​នូវ​អាយុជីវិត​កូនចៅ គឺ​ស្រួល​មិន​ស្រួល ត្រូវ​ចុះ​ចេញ​ពីផ្ទះ កុំ​ឲ្យ​ផ្ទះ​រលំ​សង្កត់​នាំ​ឲ្យ​មាន​គ្រោះថ្នាក់។ ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ជួយសង្គ្រោះ​ជាបន្ទាន់​រាល់​ហេតុការណ៍​ ដែល​បាន​កើត​ឡើង មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​មិនបាន​សង្គ្រោះ​ឲ្យ​អស់​លទ្ធភាព​នោះឡើយ ហើយក៏​ត្រូវតែ​រាយការណ៍​ជាបន្ទាន់​ភ្លាម​ផងដែរ​តាម​ខ្សែបណ្តោយ​របស់ខ្លួន​ឲ្យ​បាន​ទាន់ពេលវេលា។

ប្រជាពលរដ្ឋ​ទាំងអស់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវជៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​,​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ព្រមទាំង​ប្រតិភូ​ទាំងអស់​សូម​មាន​សុខា​ភាពល្អ​កម្លាំង​ខ្លាំងក្លា​បញ្ញា​ឈ្លាសវៃ​ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​ទទួល​សមិទ្ធផល​ថ្មីៗ​ថែមទៀត៕
ប្រជាពលរដ្ឋ​២៤​គ្រួសារ ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​បាន​​អំណោយ