លោក​អភិបាលខេត្ត​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៩៦​នាក់​នៅ​ក្នុង​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌

លោក​អភិបាលខេត្ត​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៩៦​នាក់​នៅ​ក្នុង​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌



កំពង់ឆ្នាំង​ ៖​ ​ «ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ​ស្ថិរភាព និង​រក្សា​បាន​សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ​គ្រប់​ទីកន្លែង ដែល​កត្តា​ទាំង​អស់​នេះ​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុ​ជា​មាន​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ និង​បាន​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​​រីកចម្រើន​ជា​លំដាប់​ផងដែរ​។ ទន្ទឹមនេះដែរ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ ក៏ត្រូវ​ការ​ជា​ចាំបាច់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ប្រើប្រាស់​ការងារ​ផ្ទាល់ខ្លួន »។ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​បែបនេះ​នៅពេលដែល​លោក​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៩៦​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​

លោក​បាន​មានប្រសាសន៍​បន្តថា ​៖ ​អត្តសញ្ញាណប័ណ្ណ​មាន​សារៈសំខាន់​សម្រាប់​សម្គាល់​សញ្ជាតិ​ខ្មែរ​,​ធានា​សិទ្ធញិ​សេរីភាព ​និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​អាច​យកទៅ​ប្រើប្រាស់​បាន​ដោយ​ស្របច្បាប់​,​ធានា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ម្នាក់ៗ​ក្នុង​ការចូល​បម្រើ​ការងារ​ផ្សេងៗ​បាន​ដោយ​ស្របច្បាប់ ​និង​សម្រាប់​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត ​និង​ទៅ​បោះឆ្នោត​ជ្រើស​តំណាង​របស់ខ្លួន​ក្នុងនាម​បំពេញ​តួនាទី​ និង​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ​ស្របច្បាប់។

​ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា ​៖ ​សូម​បងប្អូន​ថែ​រក្សា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ថ្មី​នេះ ឲ្យបាន​គង់វង្ស​ល្អ កុំឲ្យ​ខូចខាត​បាត់​បង់ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ​មាន​សុពលភាព​រហូតដល់​១០​ឆ្នាំ​។ ​កុំ​យក​អត្តសញ្ញាណប័ណ្ណ​នេះ​ទៅឲ្យគេ​ខ្ចី​យក​ទៅ​ថតចម្លង​ធ្វើការ​ងារ​ខុស​ច្បាប់​ផ្សេងៗ​ដែលនាំឲ្យ​មាន​ផល​លំបាក​ដល់​ខ្លួន ឬ​ដាក់​ប្រចាំ​ខ្ចីប្រាក់​ពី​អង្គការ​ផ្សេងៗ ព្រោះថា​ការបោះឆ្នោត​ឃុំ​សង្កាត់​ជិត​មកដល់​ហើយ។ លោក​សង្ឃឹមថា បងប្អូន​ដែលមាន​អត្តសញ្ញាណប័ណ្ណ នឹង​អាច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែលជា​តំណាង​ស្របច្បាប់​របស់ខ្លួន​នៅក្នុង​ថ្ងៃ​ខាងមុខនេះ ដើម្បី​ការពារ​ផលប្រយោជន៍ និង​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន ឲ្យមាន​ជីវភាព​ប្រសើរឡើង៕​

​ ​