ស្រវឹង​ស្រា​ចុះ​ជួយ​កៀប​​សម្រាស់​មិត្តភ័ក្ដិ​ក្នុង​ទន្លេ​ លង់​សន្លប់​ធំ​ តែ​បាន​គេ​ជួយ​ទាន់​ពេល

ស្រវឹង​ស្រា​ចុះ​ជួយ​កៀប​​សម្រាស់​មិត្តភ័ក្ដិ​ក្នុង​ទន្លេ​ លង់​សន្លប់​ធំ​ តែ​បាន​គេ​ជួយ​ទាន់​ពេល



កំពង់ឆ្នាំង ​៖ ​បុរស​ម្នាក់​បាន​លង់ទឹក​ទន្លេ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ ដោយសារតែ​គេ​ចុះ​មុជ​ទឹក​​ដើម្បី​កៀប​សម្រាស់​នៅ​បាតទន្លេ​ជាមួយ​មិត្តភក្ដិ​ ប៉ុន្តែ​ត្រូវ​បាន​មិត្តភ័ក្ដិ​ជួយសង្គ្រោះ​ទាន់​ពេល។

ហេតុ​ការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ទន្លេ​ចុង​ភូមិ​ព្រែក​សាលា​ប៉ែក​ខាង​ត្បូង​ភូមិ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ឲ្យ​ដឹងថា ​៖ ជនរងគ្រោះ​ឈ្មោះ ជឿន សុផល អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​១ មាន​ទៅ​លំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស្រា​ជាមួយ​មិត្តភ័ក្ដិ ពេល​ផឹក​រួច​គេ​មាន​អាការៈ​ស្រវឹង ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ជួយ​មុជទឹក​ទន្លេ​កៀប​សម្រាស់​ឲ្យ​មិត្តភ័ក្ដិ​របស់គេ​ឈ្មោះ ជូរ ណាត អាយុ​៣០​ឆ្នាំ នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។ បន្ទាប់ពី​គេ​បាន​មុជទឹក​ដល់​បាតទន្លេ​ដើម្បី​ចង​សម្រាស់ ទំនងជា​គេ​ស្រវឹង​ខ្លាំង ផុស​ឡើងវិញ​មិន​រួច ក៏​លង់ទឹក​ជាប់​នៅ​នឹង​សម្រាស់​នោះ​តែម្តង។ ដោយ​ឃើញ​បាត់​ជនរងគ្រោះ​យូរ​មិនឃើញ​ផុស​ឡើងវិញ មិត្តភ័ក្ដិ​គេ​ក៏បាន​នាំគ្នា​មុជ​តាមរក​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេក​សន្លប់​ជាប់ ​នឹង​សម្រាស់​ផឹកទឹក​ឆ្អែត​បាត់ទៅហើយ។

ក្រោយ​ពី​បាន​ស្រង់​ជនរងគ្រោះ​ឡើង​ពី​ទឹក​ហើយ​ ក្រុម​គ្រួសារ​ក៏​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​នៅ​ភូមិ​កំពង់ប្រាសាទ​នៅ​ជិត​កន្លែង​កើតហេតុ តែ​ជនរងគ្រោះ​មាន​អាការៈ​ធ្ងន់ធ្ងរ គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​ព្យាបាល​ឡើយ។ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​នាំ​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​ភ្លាមៗ​ផងដែរ​។ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ខេត្ត​បាន​យកចិត្តទុកដាក់​ក្នុងការ​ជួយសង្គ្រោះ​ព្យាបាល​រួចមក ជនរងគ្រោះ​ក៏​មាន​អាការៈ​ធូរស្រាល​ឡើងវិញ និង​​​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត៕