មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ជីក​ប្រឡាយ​១​ខ្សែ​នាំ​ទឹក​ពី​បឹង​ធំ​មក​ ចែកចាយ​ប្រជាពលរដ្ឋ​ចំនួន​២៨៤​គ្រួសារ

មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ជីក​ប្រឡាយ​១​ខ្សែ​នាំ​ទឹក​ពី​បឹង​ធំ​មក​ ចែកចាយ​ប្រជាពលរដ្ឋ​ចំនួន​២៨៤​គ្រួសារ



កំពង់ឆ្នាំង​ ៖ ​ដោយ​ពិនិត្យ​​​ឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ និង​ដោយមាន​ការណែនាំ​របស់​លោក​អភិបាលខេត្ត ​ មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​បញ្ជូន​គ្រឿងចក្រ​២​គ្រឿង​ចុះ​ទៅ​ជីក​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​៩៥០​ម៉ែត្រ ដើម្បី​នាំ​យក​ទឹក​ពី​បឹង​ធំ​មក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២៨៤​គ្រួសារ​នៅក្នុង​ភូមិ​កងមាស​ប្រើប្រាស់។

លោក យឹម យ៉ុ​ន មេឃុំ​គោក​បន្ទាយ​បានឲ្យដឹងថា​៖ នៅក្នុង​រដូវក្តៅ​សព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កងមាស​ចំនួន​២៨៤​គ្រួសារ កំពុងតែ​ខ្វះខាត​ទឹក​ប្រើប្រាស់ ព្រោះថា​ព្រែក​នៅ​ក្នុង​ភូមិ​គោក​រាក់ ទឹក​ព្រែក​ធុំក្លិន​ស្អុយ​ឫស​កំប្លោក​មិន​អាច​យក​ដាំ​ហូប​បាន​ឡើយ​គឺ​បានតែ​ប្រើប្រាស់ ហេតុនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានស្នើ​សុំ​ទៅ លោក​អភិបាល​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ជីក​ប្រឡាយទឹក​មួយ​ខ្សែ​ខាងលើនេះ និង​នៅ​ពេល​ប្រឡាយ​នេះ​ជីក​រួចរាល់ ប្រជាពលរដ្ឋ​ក្នុងភូមិ​ពិតជា​លែង​ខ្វះខាត​ទឹក​ប្រើប្រាស់​ទៀតហើយ។

លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ និង​ក្រុមការងារ នៅ​រសៀល​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ​បាន​ចុះ​ទៅពិនិត្យ​ការ​ជីក​ប្រឡាយ​នេះ បាន​និយាយ​ឲ្យដឹងថា​៖ ប្រជាពលរដ្ឋ​ភូមិ​កងមាស​ពិតជា​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​សម្រាប់​ហូប​ខ្លាំងណាស់ ទើប​ក្រោយពី​មាន​សំណូមពរ លោក​អភិបាលខេត្ត​បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ​ខេត្ត ស្រុក និង​មន្ទីរ​អភិវឌ្ឍ​ជនបទ​ចុះមក​សិក្សា ទើប​សម្រេច​ជីក​ប្រឡាយ​មួយ​ខ្សែ​នេះ​ឡើង ដើម្បី​សម្រួល ​និង​ដោះស្រាយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កងមាស។

លោក លៀង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ ៖ដោយបាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​ដោយមាន​ការ​គិតគូរ​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ភូមិ​កង​មាស​ពី​សំណាក់ លោក ឈួ​រ ច័ន្ទឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត បាន​បញ្ជូន​គ្រឿងចក្រ​២​គ្រឿង​ចុះ​មក​ជី​ប្រឡាយ​នេះ​ជាបន្ទាន់​គិត​មក​ដល់​ថ្ងៃទី​១១ ខែឧសភា​នេះ គឺ​ជីក​បាន​៨០​ភាគរយ​ហើយ​។​

លោក លៀង សេង បាន​ឲ្យ​ដឹងទៀតថា​៖ ប្រឡាយ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​៩៥០​ម៉ែត្រ បាត​ក្រោម​២​ម៉ែត្រ បាត​លើ​៤​ម៉ែត្រ និង​ជម្រៅ​មាន​ពី​២​ម៉ែត្រ ទី​៣​ម៉ែត្រ ទៅតាម​ដី​ទាប​ខ្ពស់ និង​ប្រមាណ​១​អាទិត្យ​ទៀត​នឹង​ជីក​រួចរាល់ បាន​ទឹក​ប្រើប្រាស់​ហើយ៕