កំពូល​ផ្លែឈើ​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ខកខាន​

ក្នុងអំឡុងពេល​មានគភ៌ អ្នក​ម្តាយ​ត្រូវ​ថែបំប៉ន​រាងកាយ​ឱ្យបាន​ច្រើនជាង​ប្រក្រតី ព្រោះ​សារធាតុ​អាហារផ្សេងៗដែល​ស្ត្រី​មានគភ៌​បានទទួល​នោះ​នឹង​ហុច​ផល​ទៅដល់​កូនតូច​ដែល​នៅក្នុង​ផ្ទៃផងដែរ។ ផ្លែឈើ​ក៏​ជា​អាហារ​ថែបំប៉ន​គភ៌​ដែល​ល្អ និង​មាន​ប្រយោជន៍ដ៏​ច្រើន​មួយ​ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ទទួលទាន​ឱ្យបាន​រាល់ថ្ងៃ ព្រោះ​នៅក្នុង​ផ្លែឈើ​មាន​សារធាតុ​អាហារ និង​វីតាមីន​ដែល​សំខាន់​សម្រាប់ស្ត្រី​មានគភ៌ និង​កូន​ក្នុង​ផ្ទៃ។ ប្រហែលជា​ចង់ដឹង​ហើយ​មែន​ទេ​ថា តើ​មាន​ផ្លែឈើ​អ្វី​ខ្លះទៅ? សូម​តាមដាន​ជា​បន្ត​ទាំងអស់គ្នា។

    1 – ផ្លែ​ត្របែក
ជា​ផ្លែឈើ ដែល​ងាយស្រួល​រក​ទទួលទាន​ណាស់ សម្បូរទៅដោយ​វីតាមីន C និង​វីតាមីន A ច្រើន។ វីតាមីន​ដែលមាន​នៅក្នុង​ផ្លែត្របែក​នឹង​ជួយ​ការពារ​មិនឱ្យ​កើត​ជំងឺ​ផ្តាសាយ និង​ធ្វើឱ្យ​អញ្ចាញ និងធ្មេញ​របស់​ស្ត្រី​មានគភ៌​រឹងមាំ​ល្អ។

    2 – ផ្លែ​ដូងខ្ចី
មានគុណ​តម្លៃ​ខាង​អាហារ​ខ្ពស់ ជួយ​បំបាត់​ការ​ស្រេកទឹក ជួយ​កាត់បន្ថយ​អាការ​នឿយ​ល្វើយ មាន​សារធាតុ​អាហារ​ដូចជាប្រូ​តេ​អី​ុ​ន  កាល់ស្យូម និង​ស្ករ។ ស្ត្រី​មានគភ៌​ដែល​ជិត​ប្រសូត​ជាច្រើននាក់ និយម​ទទួលទាន​ទឹកដូង​ខ្ចី ព្រោះ​ជឿថា នឹងធ្វើ​ឱ្យ​កូន​មាន​សាច់ និង​ស្បែ​កស​ភ្លឺរលោង​តាំងពី​ពេល​កើត​ភ្លាម។

    3 – ផ្លែ​ចេកទុំ
នៅក្នុង​ផ្លែ​ចេកទុំ មាន​សារធាតុ​អាហារ​ដែលសំខាន់ៗដូចតទៅ​នេះ សារធាតុ​ដែក ផូស្វ័រ ណៃ​អា​ស៊ិន វីតាមីន A, B1, B2, B6 និងវីតាមីន C និង​សារធាតុ​ថេប​តូ​ភែ​ន។ នៅក្នុង​ផ្លែ​ចេកទុំ​នៅមាន​កាក​សរសៃ​អាហារ​ខ្ពស់ ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​របស់​ស្ត្រី​មានគភ៌​ដំណើរការល្អ បន្ទោបង់​បាន​តាម​ប្រក្រតី និង​ថែមទាំង​ជា​ផ្លែឈើ​ដែល​ងាយស្រួល​រក​ទទួលទាន​បាន​ទៀតផង។

    4 – ផ្លែ​ល្ហុង​ទុំ
នៅក្នុង​ផ្លែ ែ​ល្ហុង​ទុំ​មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ និង​មាន​កាក​សរសៃ​ច្រើន ស្ត្រី​មានគភ៌​ណា​ដែល​ច្រើន​តែមាន​អាការទល់លាមក​ខណៈពេល​មានគភ៌​ញឹកញាប់​នោះ គួរ​ទទួលទាន​ផ្លែល្ហុង​ទុំ​ឱ្យបាន​ច្រើន ដើម្បី​ការ​បន្ទោបង់​ដែល​ល្អ។

    5 – ផ្ល្រែ​ភូ​ន (Prune)
នៅក្នុង​ផ្ល្រែ​ភូ​ន​មាន​សារ​ធាតុដែក​ខ្ពស់ ជា​ផ្លែឈើ​ថែបំប៉នគភ៌​ដ៏​ល្អ​បំផុត សម្រាប់​ស្ត្រី​មានគភ៌​ដែលមាន​សភាវ​ស្លេកស្លាំង ក្រៅពីសារធាតុ​ដែក​ហើយ​នោះ ផ្ល្រែ​ភូ​ន​នៅមាន​កាល់ស្យូម​ដែល​ជួយ​សាងឆ្អឹង និង​ធ្មេញ ហើយ​និង​វីតាមីន B2 ដែល​ជួយ​សាង​គ្រាប់​ឈាមក្រហម​ទៀតផង។

    6 – ផ្លែក្រូច​ពោធិ៍សាត់
មាន​កាក​សរសៃ​អាហារ​ខ្ពស់ ស្ត្រី​មានគភ៌​គួរតែ​ទទួល ទានជាប្រចាំ ដើម្បីឱ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​តាម​ប្រក្រតី ហើយផ្លែក្រូច​ថែមទាំង​មាន​វីតាមីន C ខ្ពស់​ទៀតផង ជា​ផ្លែឈើ​ដែល​ទទួល-ទាន​ហើយ​អាច​ប្រឆាំងនឹង​ជំងឺ​គ្រុនផ្តាសាយ​បាន​ទៀតផង។

    7 – ផ្លែ​ប៉ោម
ជា​ផ្លែឈើ​ដែលមាន​វីតាមីន និង​សារធាតុ​អាហារ​ច្រើនណាស់ ដូចជា មាន​វីតាមីន  A, B1, B2, B6, បៃ​អូ​ឌី​ន អាស៊ីត​ហ្វូ​៉​លិ​កអំបិល​រ៉ែ កាល់ស្យូម ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម។ សារធាតុ​អាហារដែល​រៀបរាប់​មក​ទាំងអស់នេះ មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ស្ត្រីមានគភ៌ និង​ទារក​ក្នុង​ផ្ទៃ​ណាស់។ ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ផ្លែ​ប៉ោមក្នុង​មួយអាទិត្យ​ឱ្យបាន​ពី1-2ដង​ជាការ​ល្អប្រសើរ​ណាស់។

ផ្លែឈើ​ជា​អាហារ​ថែបំប៉ន​គភ៌​ដែលមាន​ប្រយោជន៍ និង​ងាយស្រួល​ទទួលទាន​ណាស់ ហើយ​នៅក្នុង​ប្រទេស​យើង​ក៏មាន​ផ្លែឈើច្រើនយ៉ាង​ដើម្បីឱ្យ​ស្ត្រី​មានគភ៌​ជ្រើសរើស​ទទួលទាន​បាន​តាម​រដូវ​កាលផងដែរ៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • កំពូល​ផ្លែឈើ​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ខកខាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: