DJ ខេក គ្រោង​​បញ្ចេញ Original Song ៥ បទ

DJ ខេក បាន​និយាយ​​ប្រាប់ Sabay ថា លោក​​រួម​ជា​មួយ DJ​ មួយ​ក្រុម មក​ពី​​ក្រៅ​ប្រទេស គ្រោង​ផលិត​ Original Song រ៉េប​បែប DJ ជា​ភាសា​ខ្មែរ ហើយ​គ្រោង​ចេញ​​សាក​ល្បង​ចំនួន៥បទ ក្នុង​ពេល​ឆាប់​នេះ។

 

DJ ខេក គ្រោង​​បញ្ចេញ Original Song ៥ បទ

 

ក្រុម DJ បរទេស​ដែល​មក​ចូល​រួម​ធ្វើ​បទ​ចម្រៀង​ជា​មួយ ឌីជេ ខេក ត្រូវ​បាន​លោក​បញ្ជាក់​ថា ជា​ជន​ជាតិ​អាមេរិក និង​ដាណឺម៉ាក ដែល​​ត្រូវ​ជា​មិត្តភ័ក្ដិ ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​។ លោក​បាន​បន្ត​ថា ក្រុម​តារា​ចម្រៀង​​របស់​លោក​​មាន​៥នាក់ ដែល​អ្នក​ទាំង​នោះ​ ជា​កូន​សិស្ស​ក្នុង​ក្រុម​អាពីង​​​បឹង​កំប្លោក ហើយ​បច្ចុប្បន្ន​​កំពុង​តែ​​មមាញឹក​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង ។

 

DJ ខេក មិន​បាន​ប្រាប់​ឈ្មោះ​បទ​ចម្រៀង​ និង​ពេល​វេលា ដែល​ក្រុម​របស់​​ខ្លួន​ត្រៀម​​បញ្ចេញ​ឡើយ ប៉ុន្តែ​ DJ ​រូប​នេះ​រំពឹង​ថា ក្រោយ​​ពី​ចេញ​ទៅ​លើ​ទី​ផ្សារ បទ​ចម្រៀង​ទាំង​នោះ​នឹង​មាន​ការ​គាំទ្រ​ជាក់​ជា​មិន​ខាន ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ ងាក​មក​គាំទ្រ​ Original Song។

 

DJ ខេក ក្រៅ​ពី​ការងារ​សិល្បៈ បច្ចុប្បន្ន​​​លោក​​​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ ទទួល​រៀបចំ​​​កម្មវិធី​កម្សាន្ត​​ផ្សេងៗ ក៏ដូច​​ជា​ផលិត​ស្ប៉ត​​​ពាណិជ្ជកម្ម​ជា​ដើម។ តាម​ការ​លើក​ឡើង កន្លង​មក ​លោក​ធ្លាប់​ធ្វើ​ Original Song រ៉េប​បែប​ DJ ​នេះ បាន​១បទ​ហើយ ដែល​បទ​នោះ គឺ​ជា បទ​ចម្រៀង​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ទូរសព្ទ​មួយ  ដោយ​បទ​ចម្រៀង​នោះ​ លោក​បាន​វាយ​តម្លៃ​ថា មាន​កា​គាំទ្រ​ច្រើន ពី​​ម្ចាស់​ក្រុមហ៊ុន​ ក៏​ដូច​ជា​​ទស្សនិកជនទាំង​ឡាយ ៕

 

អត្ថបទ៖ ខុត សីហា