ត្រាក់ទ័រ​ជាង​៦០​គ្រឿង ​លួច​ឈូស​ព្រៃ​លិច​ទឹក, អាជ្ញាធរ​ខេត្ត​ បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ផ្លូវ​ចេញចូល​ឃ្លាំ​ចាប់​

ត្រាក់ទ័រ​ជាង​៦០​គ្រឿង ​លួច​ឈូស​ព្រៃ​លិច​ទឹក, អាជ្ញាធរ​ខេត្ត​ បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ផ្លូវ​ចេញចូល​ឃ្លាំ​ចាប់​



កំពង់ឆ្នាំង​ ៖ «​បើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ ខ្មោច​ព្រៃ​មិន​ហ៊ាន​ចូល​នោះ​ទេ កុំ​ថា​ធ្វើ​អីៗ​គេ​មិនដឹង​នោះ​»​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ព្រមាន​បែបនេះ​ដល់​មន្ត្រី​សាលាស្រុក ដែល​បាន​បើកដៃ​ឲ្យ​ត្រាក់ទ័រ​រាប់​សិប​គ្រឿង​របស់​អ្នក​ខេត្តកំពង់ធំ ចុះ​មក​ឈូស​ឆាយ​ដី​ព្រៃ​លិច​អស់​ជាច្រើន​ហិកតា​ នៅក្នុង​ឃុំ​ច្រ​ណូ​ក​។​ ការព្រមាន​បែបនេះ បាន​លើក​ឡើង​នៅក្នុង​វេទិកាសាធារណៈ​មួយ​នៅ​ក្នុង​សាលាស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ ដែល​មាន​ការចូលរួម​ពី​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​កំពង់​លែង និង​មាន​សិស្ស​វិទ្យាល័យ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​កុះករ ជាង​៣០០​នាក់​។

​នៅក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដែល​មាន​ក្តី​កង្វល់​បាន​លើក​ឡើង​សំណូមពរ​មាន​ដូចជា ការ​សុំ​ជីក​អណ្ដូង​ទឹក​ស្អាត​បន្ថែ​មទៀត​នៅក្នុង​មូលដ្ឋាន​នៃ​ស្រុក​កំពង់លែង​, ការ​សុំ​​ជួយ​ឲ្យ​​តម្លៃ​កសិផល​កើនឡើង​, សុំ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បើក​យឺត​គោរព​ច្បាប់​ចរាចរណ៍​, សុំ​ដឹកឈើ​ពី​ខេត្តកំពង់ធំ​មក​ធ្វើ​ផ្ទះ តើ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ថ្នាក់​ណា​..?, និង​ការ​មាន​ដាក់​ត្រាក់ទ័រ​រាប់​សិប​គ្រឿង​មក​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​ឃុំ​ច្រ​ណូ​ក ជាដើម​។​
​ ​
ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ប៉ាក់ សុខុម និង​ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​បាន​ដោះ​ស្រាយ​ថា​ ការ​ជីក​អណ្ដូង​ទឹក​អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់​លែង​បាន​និង​កំពុង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ នៅ​ក្នុង​ភូមិ​មួយចំនួន​ទទួល​អណ្ដូង​ហើយ ហើយ​អាជ្ញាធរ​ខេត្ត​កំពុង​ដាក់​គម្រោង​ជួយ​ស្ដារ​ស្រះ​មួយចំនួន​ ដែល​មាន​ស្រាប់ ទាំង​នៅក្នុង​ភូមិ​ទាំង​នៅ​ក្នុង​ព្រៃ​សម្រាប់​មនុស្ស និង​សត្វ​។ ចំពោះ​ការ​ជួយ​ឲ្យ​តម្លៃ​កសិផល​មានតម្លៃ​ខ្ពស់ គឺ​យើង​ត្រូវ​កែប្រែ​ផលិតផល​យើង​ឲ្យ​មាន​ស្តង់ដារ ហើយ​ក្រសួងកសិកម្ម​កំពុង​កៀងគរ​អ្នក​វិនិយោគ​ឲ្យ​បង្កើត​រោងចក្រ​ផលិត​ជី​នៅក្នុង​ស្រុក​យើង ដើម្បី​ឲ្យ​តម្លៃ​ជី​ចុះថោក​, បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​សោហ៊ុយ​ច្រើន​ទៅលើ​ការ​ដាំដុះ​។ ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​ដី បើកបរ​លឿន​ហួស​ល្បឿន​នៅក្នុង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ ចាត់​វិធានការ​ណ៍​ផាកពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​។ ​ដោយឡែក​ការ​សុំ​ច្បាប់​ដឹកឈើ​យក​មក​ធ្វើ​ផ្ទះ លោក​បាន​ឲ្យ​ប្រ​ជា​ពលរដ្ឋ​ធ្វើ​លិខិត​សុំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ហើយ​គួរ​ជៀសវាង​សុំ​ការ​អនុញ្ញាត​ត្រឹម​អាជ្ញាធរ​ឃុំ ស្រុក ដោយ​លោក​បាន​ឲ្យ​អាជ្ញាធរ ឃុំ ស្រុក​គួរ​ពិនិត្យ​មើល​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួល​ឲ្យ​​គាត់​ធ្វើ​សំណុំ​បែបបទ​ដឹកឈើ​ពី​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទើប​ត្រឹមត្រូវ​តាមច្បាប់​។​
​ ​
លោក ចេង ញ៉ា​ន់ បាន​បញ្ជាក់​ថា​ ចំពោះ​រឿង​ត្រាក់ទ័រ​លួច​ឈូស​ឆាយ​ដីព្រៃ​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក គឺ​អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការណ៍​ទប់ស្កាត់​ហើយ តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ គឺ​ការ​ផ្តល់​ព័ត៌មាន​ការ​យឺតយ៉ាវ​បន្តិច​។ ករណីនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា មាន​ត្រាក់ទ័រ​ជាង​៦០​គ្រឿង បាន​រត់​ចូល​ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ច្រ​ណូ​ក​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​រុករក ប៉ុន្តែ​រឿង​នេះ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​យាមកាម​បិទ​ច្រក​ផ្លូវ​ចេញចូល​របស់​ពួកគេ​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ឃ្លាំ​ចាប់ ហើយ​នៅ​រដូវ​ទឹក​ឡើង​ឆ្នាំនេះ ពួក​គេ​នឹង​ចេញ​មក​វិញ​ដោយ​ខ្លួនឯង ព្រោះ​គេ​មិន​ទុក​ឲ្យ​ត្រាក់ទ័រ​លិច​ទឹកទន្លេ​នោះ​ឡើយ​។ បញ្ហា​នេះ​លោក​បាន​ធ្វើ​ការព្រមាន​ ដល់​មន្ត្រី​សាលាស្រុក និង​មេឃុំ ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​រឿង​នេះ សុំ​ឲ្យ​​ដកខ្លួន​ជាបន្ទាន់ និង​កុំ​ថា​យើង​ធ្វើ​អីៗ​ខុសច្បាប់​នោះ អាជ្ញាធរ​ខេត្ត​មិនដឹង​ឲ្យ​សោះ​..!!៕

ត្រាក់ទ័រ​ជាង​៦០​គ្រឿង ​លួច​ឈូស​ព្រៃ​លិច​ទឹក, អាជ្ញាធរ​ខេត្ត​ បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ផ្លូវ​ចេញចូល​ឃ្លាំ​ចាប់​

ត្រាក់ទ័រ​ជាង​៦០​គ្រឿង ​លួច​ឈូស​ព្រៃ​លិច​ទឹក, អាជ្ញាធរ​ខេត្ត​ បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ផ្លូវ​ចេញចូល​ឃ្លាំ​ចាប់​

ត្រាក់ទ័រ​ជាង​៦០​គ្រឿង ​លួច​ឈូស​ព្រៃ​លិច​ទឹក, អាជ្ញាធរ​ខេត្ត​ បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ផ្លូវ​ចេញចូល​ឃ្លាំ​ចាប់​