សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ​

សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ​



កំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ចំនួន​៥៤​គ្រួសារ នៅក្នុង​ឃុំ​ទាំង​៤ នៃ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ បាន​ទទួល​អំណោយ​សង្គ្រោះ​របស់​សាខា​កាកបាទក្រហម​ខេ​ត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​កំ​ពង់ឆ្នាំង និង​ក្រុមការងារ បន្ទាប់ពី​ផ្ទះ​របស់​ពួកគាត់​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ និង​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦​រួចមក​។​

​លោក ឈឹម វុ​ទ្ធា ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម​ស្រុក​កំពង់ត្រឡាច បាន​រាយការ​ណ៍​ឲ្យ​ដឹង​ថា​ កាលពី​ល្ងាច និង​យប់ ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ មាន​ភ្លៀង ​និង​ខ្យល់ព្យុះ​កន្ត្រាក់​មួ​យ​ បាន​បោកបក់​ប៉ះចំ​លើ​៤​ឃុំ​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច បណ្ដាលឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៤​ខ្នង​រង​ការខូចខាត ដែល​ក្នុង​នោះ​៣​ខ្នង​បាន​ដួល​រលំ និង​៥១​ខ្នង​បាន​របើក​ជញ្ជាំង ​និង​ដំបូល​។ ផ្ទះ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ទាំងអស់​ខាង​លើ​នេះ​គឺ​ ៖ នៅក្នុង​ឃុំ​សែ​ប និង​ឃុំ​ឈូកស ប៉ះពាល់​ចំនួន​៣៨​ខ្នង​ផ្ទះ ក្នុង​នោះ​មាន​២​ខ្នង​ដួល​រលំ​។ ដោយឡែក​ឃុំ​កំពង់ត្រឡាច និង​ឃុំ​អំពិល​ទឹក​ប៉ះពាល់​ចំនួន​១៦​ខ្នង ក្នុង​នោះ​១​ខ្នង​បាន​ដួល​រលំ​។​

លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​ខេត្តកំពង់ឆ្នាំង នៅក្នុង​ពិធី​ចែក​អំ​ណោយ​នេះ បាន​សំណេះសំណាល​ពាំនាំ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាមួយ​ជនរងគ្រោះ​ថា នៅ​ក្នុង​ខែ​ពិសាខ​នេះ តែង​តែ​មាន​ភ្លៀង​ធ្លាក់​កក់ខែ ​និង​លាយឡំ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់ និង​រន្ទះ​ទៀត​ផង ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង នៅ​គ្រប់​មូលដ្ឋាន​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​ត្រូវ​មើល​ស្ថានភាព​នៃ​ភ្លៀង​ និង​ខ្យល់ បើ​មិន​ស្រួល​ត្រូវ​នាំ​កូនចៅ​ចេញពីផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កូនចៅ​។​ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ ត្រូវតែ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់ និង​ឲ្យ​បាន​ទាន់​ពេល​វេលា មិន​ត្រូវ​ទុក​ឲ្យ​ជនរងគ្រោះ​ចោល ដោយ​មិនបាន​ជួយ​ស​ង្គ្រោះ​ឲ្យ​អស់​លទ្ធភាព​នោះ​ឡើយ​។​
​ ​
ក្រុមការងារ​បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​ថ្ងៃនេះ​នៅក្នុង​១​គ្រួសារៗ​ទទួល​បាន​ អង្ករ​៣០​គីឡូ ត្រីខ​១០​កំប៉ុង មី​១​កេស ឃី​ត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល ដោយ​ឡែក​គ្រួសារ​ដែល​ផ្ទះ​បាន​រលំ​ដល់​ដី ទទួល​បាន​នូវ​តង់​ធំ​១ និង​ថវិកា​បន្ថែមចំនួន​៥​ម៉ឺន​រៀល​។​

អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​ការងារ​កាកបាទក្រហម​ខេត្ត ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​បាន​តែង​គិតគូរ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ទិសទី​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ សូម​សម្ដេច និង​ក្រុម​ការងារ​កាកបាទក្រហម​ទាំងអស់ ទទួល​បាន​ជ័យជំនះ​គ្រប់​ភារកិច្ច ដើម្បី​កសាង​ប្រទេសជាតិ​ឲ្យ​បាន​សម្បូរសប្បាយ​រុងរឿង​ទៅ​អនាគត​៕

សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ​

សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ​

សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ​