អស្ចារ្យ! ក្មេងស្រីកើតមកគ្មានដៃ ឈ្នះរង្វាន់ផ្នែកសរសេរអក្សរដោយដៃ (មានវីដេអូ)

អាមេរិក៖ នេះជារឿងដ៏អស្ចារ្យ ដែលក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ កើតមកគ្មានដៃ ដែលនាងបានប្រលងជាប់ ផ្នែកសរសេរអក្សរដោយដៃ ដោយនាងប្រើក.ដៃទាំង២ ទប់ខ្មៅដៃ និងនាងក្រាបទៅលើតុ ទៅតាមទម្រង់ខ្លួនរបស់នាង ដើម្បីងាយស្រួលសរសេរ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីខាងលើមានឈ្មោះថា Anaya Ellick ជាអ្នករស់នៅរដ្ឋ Virginia និងជាសិស្សថ្នាក់ទី១។ នៅក្នុងនោះបានឲ្យដឹងថា នាងអាចប្រើប្រាស់ដៃតភ្ជាប់បន្ថែមពីក.ដៃរបស់នាង តែនាងមិនយល់ព្រម និងសុខចិត្ដជ្រើសរើសការអនុវត្ដន៍ ដោយប្រើក.ដៃនាងផ្ទាល់តែម្ដង ហើយអ្វីដែលជាដំណឹងដ៏ល្អនោះ គឺក្នុងឆ្នាំនេះ នាងបានឈ្នះរង្វាន់ Nicholas Maxim Special Award សរសេរអក្សរស្អាត ក្នុងផ្នែកសរសេរអក្សរដោយដៃ។ នេះបើតាមសម្ដី ឪពុកម្ដាយរបស់ក្មេងស្រីនេះបានឲ្យដឹងថា ពួកគាត់មានភាពតក់ស្លុត និងបារម្ភជាខ្លាំង នៅពេលដែលពួកគាត់ប្រទះឃើញថា កូនរបស់ខ្លួនកើតមកគ្មានដៃ ប៉ុន្ដែទោះជាយ៉ាងណា Anaya អាចបញ្ជាក់ថាជា ខ្លួនជាមនុស្សដ៏មានតម្លៃម្នាក់ ដែលនាងអាចរៀនចងខ្សែស្បែកជើង, ស្លៀកសំលៀកបំពាក់ខ្លួនឯង និងព្យាយាមធ្វើរឿងជាច្រើន ដោយខ្លួននាងផ្ទាល់ មុននឹងសុំជំនួយ។ 

លោកស្រី Tracy Cox ដែលជានាយិកាសាលា Greenbrier Christian Academy របស់នាង បានប្រាប់ឲ្យដឹងថា មានរឿងតិចណាស់ដែលនាងមិនចេះធ្វើ នាងជាមនុស្សគិតគូរ នាងឯករាជ្យ និងជាមនុស្សឧស្សាហ៍។ សម្រាប់ការចូលរួមប្រកួតនេះ គឺលោកស្រី ជាអ្នកជម្រុញឲ្យនាងចូលរួម ដែលនេះជាកម្មវិធីប្រលងប្រកួតថ្នាក់ជាតិ សរសេរអក្សរដោយដៃ ដែលមានការឧបត្ថម្ភដោយ Zaner-Bloser ដើម្បីផ្សព្វផ្សាយអក្សរសរសេរដោយដៃ។ មួយវិញទៀត ការប្រកួតនេះមានសិស្សចូលរួម ៥០នាក់ ដែលពួកគេជាមនុស្ស ពិការផ្នែកណាមួយ ដូចជា រាងកាយ, បញ្ញា ឬផ្នែកមិនធំលូតលាស់ជាដើម ដែលនាងបានឈ្នះលេខ១ ហើយទទួលបានប្រាក់ ១,០០០ ដុល្លារ និងមានការគោរពពីមនុស្សរាប់លាននាក់នៅ ជុំវិញពិភពលោក។ 

នេះបើតាមសម្ដីអ្នកគ្រប់គ្រងក្នុងការប្រកួតនេះ លោក Kathleen Wright បានឲ្យដឹងថា ពួកយើងបានមើលអក្សរដែលនាងសរសេរដោយដៃ ហើយពួកយើងពិតជាភាំងជាខ្លាំង នូវអក្សរដែលនាងសរសេរបានយ៉ាងល្អនោះ ដែលទោះជាអក្សរទាំងនេះមើលទៅធម្មតា បើប្រៀបផ្ទឹមនឹងមនុស្សដែលមានដៃ។

យ៉ាងណាមិញ ឪពុកម្ដាយនាងពិតជាមានមោទនភាពជាខ្លាំង តែសម្រាប់នាងវិញ វាគ្រាន់តែជាចំនុច ចាប់ផ្ដើមតែប៉ុណ្ណោះ។ ឪពុករបស់នាងបាននិយាយថា នាងមានបំណងចង់លេងបាល់, ហាត់ការ៉ាត់តេ និងអត្តពលកម្មជាដើម។ មួយវិញទៀត ការឈ្នះរង្វាន់សរសេរអក្សរដោយដៃនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា នាងអាចធ្វើអ្វីគ្រប់បែបយ៉ាង៕

ប្រភពពី | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស្ចារ្យ! ក្មេងស្រីកើតមកគ្មានដៃ ឈ្នះរង្វាន់ផ្នែកសរសេរអក្សរដោយដៃ (មានវីដេអូ)
រូបភាពក្មេងស្រី Anaya Ellick

អស្ចារ្យ! ក្មេងស្រីកើតមកគ្មានដៃ ឈ្នះរង្វាន់ផ្នែកសរសេរអក្សរដោយដៃ (មានវីដេអូ)
អក្សរដែលនាងសរសេរដោយប្រើក.ដៃ អោបខ្មៅដៃ និងឈ្នះរង្វាន់ Nicholas Maxim Special Award

អស្ចារ្យ! ក្មេងស្រីកើតមកគ្មានដៃ ឈ្នះរង្វាន់ផ្នែកសរសេរអក្សរដោយដៃ (មានវីដេអូ)
រូបភាពនាង និងម្ដាយ