លោក​ កឹម សុខា មិន​បង្ហាញ​ខ្លួន​ តែ​​​បែរ​​​ជា​​​ចោទ​​​សួរ​​​ពី​​​បំណង​​​របស់​​​រដ្ឋាភិបាល​​​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សាកសួរ​នៅ​តុលាការ​ទេ​កាលពី​ម្សិលមិញ ផ្ទុយ​ទៅវិញបាន​ប្រើ​ប្រាស់​ជំនួប​ជាមួយ​យុវជន​នៅ​ទីស្នាក់​ការ​​កណ្ដាល​គណបក្ស​​​សួរ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​បន្ត​យ៉ាងសកម្ម​​​អំពី​ “រឿង​ផ្ទាល់​ខ្លួន​” ពាក់​​​ព័ន្ធ​​​បញ្ហា​​​​ថាតើ លោក​មាន​ស្រីកំណាន់​ ឬក៏អត់​​​។

ខ្សែអាត់​សំឡេង​ដែល​គេ​អះអាង​ថា ជា​ការ​​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា និង​ស្រីកំណាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត​ជា​បន្តបន្ទាប់​​ក្នុង​ខែ​មីនា និង​ខែ​មេសា ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង រូប​នេះ​​បាន​ប្រើ​គោល​ការណ៍​មិន​ឆ្លើយ​តប​ចំពោះ​ការ​បង្ក​ហេតុ​នោះ។

នៅ​ក្នុង​ខ្សែអាត់​សំឡេង​មួយ បុរស​ម្នាក់​ដែល​មាន​សំឡេង​ដូច​លោក កឹម សុខា បាន​ចោទ​សកម្មជន​ ធី សុវណ្ណថា ថា​បាន​​បោក​ប្រាស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​​បរិច្ចាគប្រាក់​ដល់​​​នាង​​ បណ្តាល​ឱ្យ​​សកម្ម ជនរូបនេះ​ ដែល​បាន​ចោទ​លោក​​ថា​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​ ដោយ​បាន​នាំ​ស្រីកំណាន់​ម្នាក់​ទៅ​ប្រទេស​ថៃ ដាក់​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​​ទាម​ទារ​សំណង​១លាន​ដុល្លារ​។

​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​កោះ​ហៅ​លោក កឹម សុខា ដែល​មាន​អភ័យ​ឯក សិទ្ធិ​រួច​ផុតពី​ការ​ចោទ​ប្រកាន់​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ មក​សាកសួរ​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ​កាលពី​ម្សិលមិញ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​លោក ​បាន​ចំណាយ​ពេល​នៅ​ព្រឹក​នោះ​រិះគន់​ការ​វាយ​ប្រហារ​​គ្រប់​ទិស​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​ថា       ​”​ពួកគេ​បាន​​​ធ្វើ​ទុក្ខបុក​ម្នេញ​​ខ្ញុំ​​តាំង​ពី​ខ្ញុំ​បាន ​ចូល​​ប្រឡូក​នយោបាយ​​ក្នុង​ឆ្នាំ​១៩៩២ ឬ​១៩៩៣មក​។ បញ្ហា​ទាំង​នេះ​មិន​មែន​តូច​តាច​ទេ វា​ដូច​ជា​ខ្យល់​ព្យុះ​​អ៊ីចឹង”។

លោក​បាន​សួរ​ថា “​ចំពោះ​រឿង​​ផ្ទាល់​ខ្លួន​ ហេតុ​អ្វី​​បាន​ជា​មនុស្ស​ដូច​ខ្ញុំ​ត្រូវ​បាន​វាយ​ប្រហារ​​ធ្ងន់ៗ​ដូច​នេះ?។ អ្នក​ខ្លះ​និយាយ​ថា វា​គ្រាន់តែ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហេតុ​អ្វី​​បាន​ជា​ពួកគេ​ប្រើ​ប្រាស់​ពេល​វេលា​ច្រើន ស្ថាប័ន​ច្រើន លុយកាក់​​និង​មនុស្ស​ច្រើន​វាយ​ប្រហារ​ខ្ញុំ? តើ​បង​ប្អូន​ឆ្ងល់​ទេ​?”។

ការ​លើក​ឡើង​នេះ​សឹង​​​តែ​​​ស្មើ​​​ទៅ​​​នឹង​​​​​​​លោក កឹម សុខា​​ ​ចេញ​មក​ទទួល​ស្គាល់​ជា​​​សាធារណៈ​​នូវ​ការ​អះ​អាង​ពីការ​​​​មាន​ស្នេហា​​​​ក្រៅ​អាពាហ៍ពិពាហ៍ដែលគេ​​​​​​ចោទមក​​​​លើ​រូប​​​លោក​​ បន្ទាប់​​​ពី​​​​នៅ​ស្ងៀម​ស្ងាត់​រយៈ​ពេល​ជាង​២ខែ ខណៈ​ដែល​រដ្ឋាភិបាល​​បាន​​ធ្វើ​យុទ្ធនាការ​ដ៏​ឆាប់​រហ័ស​ប្រឆាំង​រូប​លោក​។

និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​តាម​រូប​លោក​ទូទាំង​ប្រទេស​នៅ​គ្រប់​វេទិកា​សាធារណៈ​របស់លោក​ចាប់​តាំង​ពី​​រឿង​អាស្រូវនេះ​បាន​​ផ្ទុះ​ឡើងដើម្បីទាម​ទារ​ឲ្យ​លោក​បក​ស្រាយ​ការ​អះអាង​នោះ ហើយ​​ថែម​ទាំង​​​​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ និង​អង្គការ​សហ​ប្រជា​ជាតិ​សុំ​ឲ្យ​ជួយ​​ទៀត​ផង​។

ក្រុម​នេះ​បដិសេធ​ថា គ្មាន​ទំនាក់​ទំនង​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​រដ្ឋា​ភិបាល​ខ្លួន​ឯង​មិន​បាន​នៅ​ស្ងៀម​ស្ងាត់​ក្នុង​បញ្ហា​នេះ​ឡើយ​។

រហូត​មក​ទល់​ពេល​នេះ​គេ​បាន​ប្រើ​ប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​​​និង​នគរ​បាល​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហា​​​ផ្ទៃ​​ឲ្យ​ស៊ើបអង្កេត​អំពី​រឿង​អាស្រូវ​នេះ ​ខណៈដែល​​តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គំរាម​បើក​ការសួរ​ដេញ​ដោល​​ពិសេស​នៅក្នុង​រដ្ឋសភា។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​កាល​​​​​​ពីម្សិលមិញ​ថា គ្មាន​​​រឿង​អ៊ីចឹងកើត​ឡើង​​​​ទេ បើ​លោក​មិនមែនជា​មេដឹក​គណបក្ស​ប្រឆាំង​។ ​​​លោក​ កឹម សុខា ​កំពុង​​ដឹកនាំ​គណបក្ស​សង្គ្រោះ​​​​ ជាតិ​នៅ​ពេល​អវត្តមាន​​លោក សម​ រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ ដើម្បី​គេច​​ពីការ​​ផ្តន្ទាទោសឲ្យ​​​ជាប់​​​ពន្ធនាគារ​​កាល​​​ពី​​​លើក​​​មុន​​​ដែល​ត្រូវ​បាន​​ចាប់​ផ្ដើម​ឡើង​វិញ​​ម្ដង​ទៀត​យ៉ាង​ឆាប់​រហ័ស​កាលពី​ខែ​វិច្ឆិកា។

លោក កឹម សុខា បាន​ថ្លែង​ថា “​ប្រសិន​បើ​វា​ពិត​ជារឿង​ផ្ទាល់​ខ្លួន​​របស់​ កឹម សុខា ពួក​គេ​មិន​ចំណាយ​ពេល​ច្រើន​អ៊ីចឹង​ទេ។ ប៉ុន្តែ​ កឹម សុខា តំណាង​ឱ្យ​ប្រទេស​ជាតិ​។ ប្រសិន​បើ​​​​ខ្ញុំ​តំណាង​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ពួក​​​គេ​​​នឹង​មិន​​ចំណាយ​ពេល​ច្រើន​អ៊ីចឹង​ទេ”។

លោក លី សុផាន់ណា ​អ្នក​នាំពាក្យ​ព្រះរាជ​​​ អាជ្ញាអម​សាលា​ដំបូង​រាជធានី​បាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញ​ថា ការ​សម្រេច​មិន​បង្ហាញ​ខ្លួន​ចំពោះ​ការ​សាក​សួរ​​គឺ​ជា​សិទ្ធិ​​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ។

លោក​បាន​ថ្លែង​ថា “​ប៉ុន្តែ​ព្រះរាជ​​​អាជ្ញា​​​រង​​​ទទួល​បន្ទុក​រឿង​ក្ដី​នេះ​កំពុងពិនិត្យ​មើល​​ករណី​នេះ​ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ចាត់​​​វិធានការ​បន្ទាប់​ដូច​ម្ដេច​”។

លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​ដែល​បាន​កោះ​ហៅ​លោក​ កឹម សុខា មិន​អាច​ទាក់​ទង​បាន​ទេ​។

កាលពី​​សប្ដាហ៍​មុន គណបក្ស​សង្គ្រោះ​​​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​ដោយ​លើក​ឡើង​ថា លោក​ កឹម សុខា និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ពីរ​រូប​ទៀត​ គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ដែល​​​ត្រូវ​បាន​កោះ​ហៅ​ក្នុង​ករណី​​ “ពេស្យាចារ” ​​​​ដាច​់​ដោយ​ឡែក​ពីគ្នា​ទាក់​ទង​រឿង​អាស្រូវ​នេះ នឹង​មិន​​ទៅតុលាការ​ទេ​។

គណបក្ស​ប្រឆាំង​លើក​ឡើង​ថា អភ័យ​ឯកសិទ្ធិការពារ​​​តំណាង​រាស្ត្រ​ឲ្យ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​​​​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​ ជា​​​កក្តា​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​​មិន​គោរព​ដីកា​កោះ​ហៅ​បែប​នេះ ប៉ុន្តែ​គណ​​​បក្ស​ប្រជាជន​​លើក​ឡើង​ថា អភ័យ​ឯកសិទ្ធិ​នេះ​មិន​គ្រប​ដណ្ដប់​ការ​សាក​​​សួរ​​​ឡើយ​។

ដោយ​លើកឡើង​ពី​ការ​លើក​លែង​ចំពោះ​បទ​ល្មើស​នៅពេល​តំណាង​រាស្ត្រ​ត្រូវ​តាម​ទាន់ពេលកំពុង​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​នោះ លោក ឱម យ៉ិនទៀង​​​ ប្រធាន ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​មាន​ប្រសាសន៍នៅ​សប្តាហ៍នេះ​ថា ការ​ខក​ខាន​មិន​បង្ហាញ​ខ្លួន​របស់​លោក កឹម សុខា តាម​​ដីកា​កោះ​របស់តុលាការ​ពីរ​លើក​អាច​ជាមូល​ដ្ឋាន​​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ខ្លួន​គាត់ បើ​ទោះ​ជា​គាត់​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ។

រដ្ឋាភិបាល​​បាន​ប្រើ​ប្រាស់​ការ​បក​ស្រាយ​ពី​ការ​លើកលែងនេះ​រួច​ហើយ​ ក្នុងការ​ចាប់​​​​​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ និង​លោក អ៊ុំ សំអាន សមា​​​ជិក​រដ្ឋសភា​​​​ដាក់​​​ពន្ធនាគារ​​​ បើ​ទោះ​ជា​ពួក​​​គាត់​​មាន​អភ័យ​ឯកសិទ្ធិ​​ក៏ដោយ​​​ បណ្ដាល​​ឲ្យ​មាន​ការ​រិះគន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រៅ​ពី​បណ្ដឹង​បរិហារកេរ្តិ៍​របស់​កញ្ញា ធី សុវណ្ណថា លោក កឹម សុខា ក៏​ត្រូវ​បាន​កោះ​​​ហៅ​ផង​ដែរ​នៅ​សប្ដាហ៍ក្រោយ​នេះ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ក្នុង​នាម​ជា “​សាក្សី”​ក្នុង​ករណី​ដែល​ចោទ​​កញ្ញា ខុម ចាន់តារ៉ាទី អាយុ​២៥​ឆ្នាំពីបទ​ពេស្យាចារ​ចំពោះ​​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​របស់​នាង​ជាមួយ​រូប​លោក​​៕ សារុន​​​​​

The post លោក​ កឹម សុខា មិន​បង្ហាញ​ខ្លួន​ តែ​​​បែរ​​​ជា​​​ចោទ​​​សួរ​​​ពី​​​បំណង​​​របស់​​​រដ្ឋាភិបាល​​​ appeared first on ខេមបូឌា ដេលី.