ក្រុមហ៊ុន​​​រ៉ូយ៉ាល់ រេលវេ​​​ ពិចារណា​​​គម្រោង​​​ខ្សែ​​​រថភ្លើង​​​ចេញ​​​ពី​​​កណ្តាល​​​រាជ​​​ធានីទៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​

​យោង​​​តាម​​​នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​ រេលវេ បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ ថា ក្រុមហ៊ុន​របស់​ខ្លួន​​​​កំពុង​​​ធ្វើការ​​​សិក្សា​​​​​​ពីសមិទ្ធ​លទ្ធភាព​​​លើ​​​ខ្សែ​​​រថភ្លើង​​​ដែល​​​នឹង​ដឹក​​​អ្នក​​ដំណើរ​​​ពី​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទៅកាន់​​​អាកាស​​​យាន​​​ដ្ឋាន​​​ក្នុង​​​រយៈ​​​ពេល​​​តិចជាង​១៥​​​នាទី​​​។

ទោះ​​​បី​​​ជា​​​​គម្រោង​នេះស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ពិភាក្សា​​​ដំបូង​​​នៅឡើយ​ក៏​​​ដោយ​​​ តែ​លោក John Guiry នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន រ៉ូយ៉ាល់ រេលវេ បាន​​​លើក​​​​​ឡើ​​​ងថា លោក​​​សង្ឃឹម​​​ថា នឹង​​​ប្រើ​​​ប្រាស់​​​ខ្សែ​​​រថ​​​ភ្លើង​​​ដែល​​​មាន​​​ស្រាប់ ដោយរត់ជាច្រើន​ជើង​ ហើយ​​​បើនិយាយ​ក្្នុងន័យសុទិដ្ឋិនិយមវិញ នឹងមាន​រត់ភ្លើងរត់​ក្នុងរយៈពេល​១៨ខែទៀត​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​អ្នក​​​នឹង​ចេញ​​​ដំណើរ​​​ ហើយ​​​លោក​​​អ្នក​​​នឹងទៅ​អង្គុយ​​​នៅ​​​កន្លែង​​​ Burger King ក្នុង​​​​អាកាស​​​យាន​​​ដ្ឋាន​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​១០​​​នាទី ទៅ​​​១៥​​​នាទី​​​ប៉ុណ្ណោះ”​​​។

ទោះ​​​បី​​​ជា​​​លោក John Guiry បាន​​​សង្កត់​​​​ថា គម្រោង​​​នេះ​​​ “ទើបតែ​ស្ថិត​​​​ក្នុង​​​ដំណាក់​​​កាលពិភាក្សា​ត្រង់ចំណុច​នេះ​​​” ក៏ដោយ តែ​លោក​​​បាន​​​ព្យាករ​ថា សេវា​​​នេះ​​​នឹង​​​ចាប់​ផ្តើម​ដំណើរ​ការ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ។លោក​​​បាន​​​ថ្លែង​​​ថា  “វា​​​មិន​​​មែន​​​ជា​ផែន​​​​ការ​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​នោះ​​​ទេ។ ខ្ញុំ​​​ចង់​​​ឲ្យ​​​វា​​​​​​ដំណើរ​​​ឆាប់ៗ​”។

ប្រទេស​​​កម្ពុជា​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ប្រើ​​​ប្រាស់​​​ខ្សែ​រថភ្លើ​​​ងដែល​​​មាន​​​ស្រាប់​​​ឡើង​​​វិញ។​​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ក្រុមហ៊ុន ​​​រ៉ូយ៉ាល់​​​ រេលវេ  បាន​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ខ្សែ​រថភ្លើង​​​​​​រត់​ពី​​​ភ្នំពេញ​​​ទៅ​​​ក្រុង​​​ព្រះ​​​សីហនុ​​​ដែល​​​បាន​​​​​​ផ្អាក​​​អស់​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​មក​​​ហើយ​​​។

គម្រោង​​​បង្កើត​​​ខ្សែ​​​រថ​​​ភ្លើង​​​រត់​ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​ នឹង​​​រត់​​​តាម​​​ផ្លូវ​​​ដដែល​​​ដូចគម្រោង​​​ផ្លូវ​​​អាកាស​​​ល្បឿន​​​លឿន​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហុ៊ន​​​ សែន បាន​​​ប្រកាស​​​លុប​​​ចោល​​​ភ្លាម​​​ៗ​​​កាល​​​ពី​​​ខែ​​​មុន​​​ ពោល​​​គឺ​​​២​​​ខែ​​​បន្ទាប់​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​បាន​​​ព្រមាន​​​ថា វា​​​នឹង​​​ផ្តល់​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​ដល់​ពលរដ្ឋ​យ៉ាង​​​តិច​​​១.០០០​​​គ្រួសារ​។

លោក John Guiry បាន​​​លើក​​​ឡើង​​​ថា មិន​​​ចាំ​​​បាច់​​​មាន​ការ​​​បណ្តេញ​​​ចេញ​​​នោះ​​​ទេ​​​នៅ​​​ក្នុង​ការ​​​បញ្ចប់​​​ខ្សែ​​​រថ​​​ភ្លើង​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​នឹង​មិន​​​ធ្វើ​​​​ឡើយ​​​​​​ បើ​​​មាន​​​ការ​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ខ្សែ​​​រថភ្លើង​​​នេះ​​​ នឹង​​​រត់​​​តាម​​​ផ្លូវ​​​ដែល​​​​​​មាន​​​ស្រាប់​​​លើក​​​លែង​​​តែ​​​កំណាត់​​​ផ្លូវ​​​ចុង​​​ក្រោយ​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​ដី​​​​ទំនេរ​​​បច្ចុប្បន្ន​។

ទីភ្នាក់​​​ងារ​​​ជប៉ុន​​​សម្រាប់​​​កិច្ច​​​សហ​​​ប្រតិ​​​បត្តិការ​​​អន្តរជាតិ (JICA) បាន​​​ស្នើ​​​ឡើង​​​នូវ​ខ្សែ​​​រថភ្លើង​​​ស្រដៀង​​​គ្នា​​​នេះ​​​នៅ​​​ក្នុង​​​ផែន​​​ការ​​​មេ​​​ឆ្នា​​​ំ​​​២០៣៥​​​របស់​​​ខ្លួន​​​សម្រាប់​​​ការ​​​ដឹក​​​ជញ្ជូន​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ជា​​​មួយ​​​នឹង​​​គម្រោង​រថ​​​ភ្លើង​​​គ្មាន​​​មនុស្ស​​​បើកដែលមាន​​​​ទឹក​​​ប្រាក់​​​៥៨៦​​​លាន​​​ដុល្លារ​​​ និង​ដែល​​​នឹង​​​រត់​​​​​​លើ​​​ផ្លូវ​​​ភាគខាងត្បូង​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ទៅ​​​កាន់​​​អាកាសយានដ្ឋាន​​​។

Aya​​​ Miura ទីប្រឹក្សា​​​គម្រោង​​​របស់​​​JICA បានមាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គម្រោង​​​ទាំង​​​នេះ​​​មាន​​​អត្ថប្រយោជន៍​​​ណាស់​​​ ហើយ​​​ថា ខ្សែ​​​រថ​​​ភ្លើង​​​ភាគ​​​ខាង​​​ត្បូង​​​ដែល​​​នឹង​​​ផ្តល់​​​ហិរញ្ញប្បទាន​​​តាម​​​រយៈ​​​កម្ចី​​​របស់​​​ជប៉ុន​​​ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ស្ថាបនា​​​មែន​​​នោះ​​​នៅ​​​មិន​​​ទាន់​​​ឈាន​​​ដល់​​​ដំណាក់​ការ​​​សិក្សា​​​សមិទ្ធ​លទ្ធភាព​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​ លាង ឡា អ្នក​​​រត់​​​តាក់​​​ស៊ី​​​ឯកជន​​​ម្នាក់​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ​​​​​​​​​បច្ចុប្បន្ន​​​គាត់​​​ត្រូវ​​​ចំណាយ​​​ពេល​​​ពី​​​៤៥ទៅ​៧០នាទី​​​ដើម្បី​​​ដឹក​​​អតិថិជន​​​​​​ក្នុង​​​ចម្ងាយ​​​ផ្លូវ​​​ប្រហែល​​​១១​​​គីឡូ​​​ម៉ែត្រ​​​ពី​​​កណ្តាល​​​​​​រាជធានីភ្នំពេញ​​​ទៅ​​​កាន់អាកាស​​​យានដ្ឋាន​​​។

លោក​​​បាន​​​និយាយ​​​ថា “ជួន​​​កាល​​​ពួកគាត់​​​​យឺ​​​ត​​​ពេល​​​ខ្លាំង​​​ណាស់​​​។ សព្វ​​​ថ្ងៃ​​​ចរាចរណ៍​​​កក​​​ស្ទះ​​​ខ្លាំង​​​ណាស់​​​”៕ស៊ុយឈាង​​​​

The post ក្រុមហ៊ុន​​​រ៉ូយ៉ាល់ រេលវេ​​​ ពិចារណា​​​គម្រោង​​​ខ្សែ​​​រថភ្លើង​​​ចេញ​​​ពី​​​កណ្តាល​​​រាជ​​​ធានីទៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​ appeared first on ខេមបូឌា ដេលី.