កូនកំលោះ​ខ្មែរ​ រៀបការ​ជាមួយ​នារី​ថៃ បាន២ថ្ងៃ​ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង២នាក់​

កូនកំលោះ​ខ្មែរ​ រៀបការ​ជាមួយ​នារី​ថៃ បាន២ថ្ងៃ​ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង២នាក់​



បាត់ដំបង ៖ កូនកំលោះ​ខ្មែរ និង​កូនក្រមុំ​ ដែល​ជា​ជនជាតិ​ថៃ បាន​ស្ម័គ្រស្មោះ​នឹង​គ្នា​រហូត​បាន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ ដោយសារតែ​ការ​ព្យាយាម​របស់​អ្នក​ទាំង២ ប៉ុន្តែ​ជា​អកុសល​ក្រោយពេល​រៀបការ​បាន​តែ​២​​ថ្ងៃ​ប៉ុណ្ណោះ អ្នក​ទាំង២ ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយសារ​រថយន្ត​បុក ខណៈ​ពួកគេ​នាំ​គ្នា​ជិះ​ម៉ូតូ​យក​សម្លៀកបំពាក់​ ដែល​ជា​ឈុត​រៀបការ​ទៅ​សង​ឲ្យ​ហាង​គេ​វិញ។​

​យោង​តាម​របាយការណ៍​ពី​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំនុច​បណ្តោយ​ផ្លូវ​ពី​ស្រុក​អារញ្ញ​ ទៅ​តា​ផា​យ៉ា​ នៅ​​ភូមិ​ឡៅ​អយ ក្នុង​ខេត្ត​ស្រះកែវ គឺ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ និង​រថយន្ត​វី​ហ្គូ ដោយ​តួ​ម៉ូតូ​មាន​សភាព​ខ្ទេចខ្ទី រីឯ​ក្បាល​រថយន្ត​ក៏​មាន​សភាព​ទ្រុឌ​យ៉ាង​ខ្លាំង​ផង​ដែរ។​

​តាម​ការពិនិត្យ​ និង​អះអាង​ពី​ក្រុម​តម្រួត​ថៃ​បាន​បញ្ជាក់​ថា អ្នក​ដែល​បើកបរ​ម៉ូតូ​គឺ​មាន​ ឈ្មោះ ព្រី ស័ក្តិ អាយុ​២១​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​ ដោយមាន​ឯកសារ​ និង​ប័ណ្ណបើកបរ​យ៉ាង​ត្រឹមត្រូវ ដែល​យុវជន​រូប​នេះ​ទើបនឹង​រៀបការ​ជាមួយនឹង​កូនក្រមុំ​ថៃ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ ដែល​នាង​មាន ឈ្មោះ ផាត់​ចៈរី ជឿ​ចិន​សុវណ្ណ ។​

​ប្រភព​ដដែល​បាន​បន្ថែម​ថា នៅ​ត្រង់​ចំនុច​កើតហេតុ​ដែល​ផ្លូវ​មាន​លក្ខណៈ​កោង ថែម​ទាំង​មាន​កម្ទេច​កម្ទី​ថ្ម និង​គ្រួស​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ផង​នោះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​បើកបរ​របស់​កូនកំលោះ និង​កូនក្រមុំ អាច​មាន​ការ​រអិល​ប្លាត​ទៅ​នឹង​កម្ទេច​ថ្ម​ទាំងនោះ​ បណ្ដាលឲ្យ​រេ​ទៅ​បុក​នឹង​ក្បាល​រថយន្ត​ដែល​កំពុង​បើកបរ​ច្រាសទិស និង​ធ្វើឲ្យ​កូនកំលោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយឡែក​កូនក្រមុំ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ដែល​ត្រូវ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយមក​ឮ​ថា​នាង​ក៏​បាន​​ស្លាប់​ដែរ។​

​នៅ​ចំនុច​កើត​ហេតុ​គេ​សង្កេត​ឃើញថា មាន​បន្សល់​នូវ​ថង់​មួយ​ ដែល​ពួកគេ​ទាំង២នាក់​ បាន​ច្រក​ស​ម្លៀក​បំពាក់​ឈុត​រៀបការ​ក្នុង​គោលបំណង​ឌុប​គ្នា​យក​ឈុត​នោះ​ទៅ​សង​ឲ្យ​ហាង​គេ​វិញ បន្ទាប់ពី​ពួក​គេ​បាន​ជួល​យក​មក​រៀបការ ហើយ​ក៏បាន​ជួបនឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង។​

​សូម​បញ្ជាក់​ថា កូនកំលោះ​ដែល​ជា​ជន​ជាតិ​ខ្មែរ​នេះ បាន​ចូល​ទៅ​ធ្វើការ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​
​ក្នុងស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ហើយ​ក៏បាន​ស្រលាញ់​ជាមួយនឹង​ក្រមុំ​ថៃ ដែល​នាង​ជា​អតីត​​តារា​បង្ហាញ​ម៉ូត​ជាប់​លេខ​៤ ប្រចាំ​ស្រុក​អារញ្ញ​ផង​ដែរ ទើប​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​តែ​ម្តង ទី​បំ​ផុត​ក៏​ត្រូវ​ស្លាប់​ទាំង២នាក់​យ៉ាង​អាណោចអាធ័ម។​ នៅ​ពេល​នេះ​ក្រុម​តម្រួត​ក៏បាន​រាយការណ៍​ទៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ហើយ ​ដើម្បី​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​កម្ពុជា​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

កូនកំលោះ​ខ្មែរ​ រៀបការ​ជាមួយ​នារី​ថៃ បាន២ថ្ងៃ​ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង២នាក់​

កូនកំលោះ​ខ្មែរ​ រៀបការ​ជាមួយ​នារី​ថៃ បាន២ថ្ងៃ​ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង២នាក់​