ត​អំពូល​ភ្លើង​ចាប់​ចង្រិត​ ភ្លាត់ស្នៀត ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​

ត​អំពូល​ភ្លើង​ចាប់​ចង្រិត​ ភ្លាត់ស្នៀត ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​



បាត់ដំបង ៖ ស្ត្រី​រងគ្រោះ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​វាលស្រែ​ខាងក្រោយ​ភូមិ ខណៈ​ដែល​រូប​គាត់​បាន​ចេញ​ទៅ​ត​ខ្សែភ្លើង​នៅ​ខាងក្រោយ​ផ្ទះ​ ដែល​ដាក់​សម្រាប់​ចាប់​សត្វ​ចង្រិត ហើយ​បាន​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​នៅ​នឹង​កន្លែង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ជនរងគ្រោះ​មានឈ្មោះ គង់ រី ភេទ​ស្រី អាយុ ៤៩​ឆ្នាំ រស់នៅ​ត្រង់​កន្លែង​កើតហេតុ​ខាងលើ។

តាម​ការ​រៀបរាប់​ពី​អ្នកជិតខាង​បាន​និយាយ​ថា ដោយសារតែ​បញ្ហា​ជីវភាព​ខ្វះខាតទើប​ស្ត្រី​រងគ្រោះ​បាន​សុខចិត្ត​រៀបចំ​ត​ភ្លើង​ដាក់​ទៅ​ខាង​ក្រោយ​ភូមិ​ដើម្បី​ចាប់​សត្វ​ចង្រិត កណ្ដូប​កន្ទាទូក​ជាដើម។ល​។ ដើម្បី​គ្រាន់​បាន​លក់​នៅពេល​ព្រឹក​ឡើង។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅមុន​ពេល​កើតហេតុ​គឺ​ភ្លើង ​នៅ​ខាងក្រោយ​ផ្ទះ​បាន​រលត់​ដោយ​សារតែ​មានការ​ដាច់​ខ្សែ ទើប​ស្ត្រី​រងគ្រោះ​ដើរ​ទៅ​រកមើល​ក៏​ឃើញ​មាន​ស្នាម​ដាច់​ខ្សែ​ទើប​គាត់​ក៏​ត​ខ្សែភ្លើង​ដោយ​មិនបាន​ដក​ខ្សែ​ចេញពី​ព្រី​ភ្លើង​ឡើយ ទើប​ធ្វើ​ឲ្យ​ចរន្ត​ឆក់​ទៅលើ​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាម​មួយ​រំពេច​នៅនឹងកន្លែង​តែម្តង។

ភ្លាមៗ​នោះ​ដែរ​ទាំង​សាច់​ញាតិ ក៏ដូចជា​អ្នកភូមិ​បាន​នាំគ្នា​សែង​ស្ត្រី​រងគ្រោះ​យក​មក​ក្នុង​ភូមិ​ដោយ​បាន​នាំគ្នា​យក​ខ្សាច់​មក​កប់​រាងកាយ​ស្ត្រី​រូប​នេះ ក្រែងលោ​អាច​មាន​ជីវិត​ឡើងវិញ​ ប៉ុន្តែ​គ្មាន​ប្រយោជ​ន៍​គឺ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំគ្នា​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយពី​សមត្ថ​កិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់​ទី​តាំង​កើតហេតុ​រួចមក៕