សាហាវ​ណាស់ ! បើកឡាន​ដេញ​បុក​ដូច​រឿង​ហុងកុង

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​១​គ្រឿង​បាន​បើក​ដេញ​បុក​ម៉ូតូ​១​គ្រឿង​ផ្លោង​ជាង​៣០​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​មក​ក៏​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល ដែល​ហេតុការណ៍​ក៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​២៤២ ចំណុច​មុខ​ភោជនីយដ្ឋាន​ព្រាប​ស ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ លួ​ន ឌឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។

សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ជន​រង​គ្រោះ​ទើបនឹង​ចេញ​មក​ពី​កោះ​ពេជ្រ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ លែ​ត ពណ៌​ស ២​គ្រឿង មិនដឹង​ជា​​មាន​ទំនាស់​អី​ជាមួយ​ជន​បង្ក​ដែល​ជិះ​រថយន្ត​កាម​រី ហា​យ​ប្រ៊ី​ត ពណ៌​ស មិន​ចាំ​ស្លាក​លេខ នោះ​ទេ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​សួនច្បារ​វិមាន​ឯករាជ្យ ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើក​យ៉ាង​លឿន​ដូច​ហោះ​​ដេញ​តាម​បុក​ម៉ូតូ​ជន​រង​គ្រោះ​ ធ្វើ​ឲ្យ​ម៉ូតូ​លែ​ត​១​គ្រឿង មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ បាន​ជិះ​រត់គេច​ខ្លួន​តាម​ផ្លូវ​លេខ​៦៣​បាត់​ស្រមោល រីឯ​ម៉ូតូ លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-5437 របស់​ជន​រង​គ្រោះ​បាន​បើករ​ត់ទៅ​ដល់​ផ្លូវ​លេខ​២៤២ ក៏​ត្រូវ​រថយន្ត​បង្ក​បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ផ្លោង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​បែក​ប្រអប់ជើង​ខាងឆ្វេង និង​បែកក្បាល រង​របួសធ្ងន់ រីឯ​ម៉ូតូ​ផ្លោង​ជាង​៣០​ម៉ែត្រ ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ខូច​មួយ​កំណាត់​ខាងក្រោយ និង​ដាច់​កែប​ចេញពី​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕