ការពារ​ព្រៃ​18​កន្លែង រាជរដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ការពារ​និង​អភិរក្ស​13 និង​ព្រៃ​ផ្តល់​ផល​5

រា​ជ​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​១៨ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​១៨ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​២.៦៧៤.៥០៣​ហិ​កតា ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន ។ តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​ព្រៃឈើ​ចំនួន​១៣​កន្លែង និង​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង ក្នុង​នោះ​ក៏​មានព្រៃ​ឡង់​ផង​ដែរ ដែល​ត្រូវ​ដាក់​ជា​តំបន់ការពារធម្មជាតិ​នេះ ទើបតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ទេរ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ឱ្យ​ក្រសួងបរិស្ថាន​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស ។ ជា​រួម ក្រសួងបរិស្ថាន​មាន​តំបន់ការពារ​ធម្មជាតិ​សរុប​ចំនួន​៤១​ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៥.៨៧៤.៥០៣​ហិ​កតា រួម​បញ្ចូល​ទាំង​តំបន់ការពារធម្មជាតិ​ដែល​ក្រសួងបរិស្ថាន​មាន​ស្រាប់​តាំងពី​ឆ្នាំ​១៩៩៣​មក​ចំនួន​២៣ ដែល​មាន​ផ្ទៃដី​ចំនួន ៣,២​លាន​ហិ​កតា ។

ដើម្បី​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួងបរិស្ថាន​នឹង​ស្នើ​សុំ​ការ​ចុះបញ្ជី​ដីធ្លី​លើ​តំបន់ការពារធម្មជាតិ​ទាំងនេះ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​ក្រសួងបរិស្ថាន​នឹង​ធ្វើការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់​ធនធានធម្មជាតិ​ទាំងនេះ ដោយ​អនុវត្ត​តាម​គោលការណ៍​ស្បែក​ខ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី ដោយសារ​តែ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​ខ្លះ មាន​ភូមិឋាន​និង​ប្រជាជន​កំពុង​រស់នៅ​ទីនោះ ។ បន្ទាប់​មក ក្រសួងបរិស្ថាន​នឹង​ធ្វើការ​សិក្សា  វាយតម្លៃ​និង​រៀបចំ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ឡើង​វិញ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី បន្ទាប់​ពី​ការ​កាត់​សម្បទាន​ដី​សេដ្ឋកិច្ច​ចេញពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​គ្រប់គ្រង​វិញ រួម​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ព្រៃឈើ​ដែល​ផ្ទេរ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឱ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង រួម​បញ្ចូល​ជាមួយ​តំបន់ការពារធម្មជាតិ​របស់​ក្រសួងបរិស្ថាន​ដែល​មាន​ស្រាប់ ។

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន សូម​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​នានា​រួម​មាន​សហគមន៍​ព្រៃ​ឡង់ និង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ ធ្វើការ​ងារ​លើ​ការងារ​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ ដែល​បាន​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​បញ្ចូល​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង រួម​មានព្រៃ​ឡង់ ព្រៃ​ក្រវាញ​ខាង​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ា​ង​ខាងលិច និង​ព្រៃ​វ៉ឺ​ន​សៃ​ជា​តំបន់ការពារធម្មជាតិ​ថ្មី​បន្ថែម​ទៀត និង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន ស្ថាប័ន​ផ្សេង​ទៀត តាម​រយៈ​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ធានា​ដល់​ការងារ​អភិរក្ស​ព្រៃឈើ ជីវចម្រុះ​ដ៏​មាន​តម្លៃ និង​ធនធានធម្មជាតិ​សំខាន់​ៗ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត ។ នេះ​គឺជា​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដោយ​មានការ​ចាប់ផ្តើម​សន្ទនា និង​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ី​វិល រួម​នឹង​សហគមន៍​ព្រៃ​ឡង់ និង​ប្រជាពលរដ្ឋ ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ ហើយ​នេះ​ក៏​ជា​វប្បធម៌​ថ្មី​មួយទៀត ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​លើ​វិស័យ​បរិស្ថាន ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងបរិស្ថាន ក៏​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់ ជា​ពិសេស​សហគមន៍​នានា សង្គម​ស៊ី​វិល ប្រជាពលរដ្ឋ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ចូលរួម​សហការ​គ្នា​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវចម្រុះ​នានា​ស្រប​តាម​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​ដែល​មាន​ជា​ធរមាន ដើម្បី​ការពារ​ធនធានធម្មជាតិ​យើង​នៅ​គង់វង្ស​បាន​ល្អ ។ យើង​ចូលរួម​ការពារ​ព្រៃឈើ​របស់​យើង​ទាំងអស់​គ្នា !