ដើម្បី​ពង្រឹង​អភិបាលកិច្ច លើ​វិស័យ​ធនាគារ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ចុះ​អនុស្សរណៈ ជាមួយ​ធនាគារជាតិ​

ភ្នំពេញ:
​កិច្ចសហប្រតិបត្តិការ​ដែលមាន​គោលបំណង​បង្កើន​តម្លាភាព និង​ទំនុកចិត្ត​របស់​សាធារណជន​មកលើ​វិស័យ​ធនាគារ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយល់​គ្នា​មួយ ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ពង្រឹង​អភិបាលកិច្ច​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​

IFC នឹង​ជួយ​ធនាគារជាតិ​នៃ​កម្ពុជា​បង្កើន​សមត្ថភាព​និយ័តកម្ម ការត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ តាមរយៈ​ការរៀបចំ​និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ស្តីពី​អភិបាលកិច្ច ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា ។ ធនាគារជាតិ​នៃ​កម្ពុជា​ដោយមាន​កិច្ចសហការ​ជាមួយ IFC នឹង​រៀបចំ​ក្រម​អភិបាលកិច្ច​ដែល​ចែង​អំពី​ការអនុវត្ត​ល្អ​នៃ​អភិបាលកិច្ច​សម្រាប់​ដាក់​ចេញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​គោរព​តាម ។​

​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយករង​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា “​ការគ្រប់គ្រង​ហានិភ័យ​ប្រុងប្រយ័ត្ន និង​ការត្រួតពិនិត្យ​ផ្ទៃក្នុង គឺជា​កត្តា​សំខាន់​សម្រាប់​ការអភិវឌ្ឍ​វិស័យ ធនាគារ​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ។ យើង​រំពឹងថា​គម្រោង​នេះ​នឹង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុង​ការបន្ត​លើកកម្ពស់​ការអនុវត្ត​អភិបាលកិច្ច​នៃ​គ្រឹះស្ថាន​របស់ខ្លួន ដើម្បី​ឈាន ទៅរក​ការធ្វើសមាហរណកម្ម​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​” ។​
​មុនពេល​មាន​កិច្ចសហការ​ជាមួយ IFC ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​អភិបាលកិច្ច តាមរយៈ​ការចេញ​នូវ​បទ​ប្បញ្ញត្តិ​ផ្សេងៗ​សម្រាប់​គ្រប់គ្រង និង​ត្រួតពិនិត្យ​អភិបាលកិច្ច​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ។ បន្ថែម​ពីលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ការផ្តល់​ជំនួយ​ពី IFC នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រីក​វិសាលភាព​នៃ​ការកសាង​សមត្ថភាព​ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​ការគោរព​តាម​អភិបាលកិច្ច​ល្អ​នៅក្នុង​វិស័យ​ធនាគារ ។​

​ស្ថាប័ន​ទាំងពីរ​នឹង​សហការគ្នា​រៀបចំ​សិក្ខាសាលា​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គោលការណ៍​អភិបាលកិច្ច ។ សកម្មភាព​ទាំងនេះ​ជា​មធ្យោបាយ​ដែល​អាច​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហានិភ័យ ការអនុវត្ត​តាមច្បាប់ និង​មុខងារ​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​វិស័យ​ធនាគារ​។​

Kyle Kelhofer នាយក IFC ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​លើកឡើងថា “​កិច្ចសហប្រតិបត្តិការ​របស់​យើង​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ជួយ​បង្កើន​តម្លាភាព និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ កាន់​តែមាន​ភាពល្អប្រសើ​រ​ជាង​មុន​។ ការណ៍​នេះ​នឹង​ជួយ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កាត់បន្ថយ​ហានិភ័យ​នៃ​ការផ្តល់​កម្ចី និង​បង្កើន​លទ្ធភាព​ទទួលបាន​ឥណទាន សម្រាប់​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា  ដែល​កត្តា​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។​”

IFC បាន​ចូលរួម​ក្នុងការ​អនុមតិ ក្រម ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​អភិបាលកិច្ច​ចំនួន ៩៥ ក្នុងប្រទេស ជាង ៣០ ទូទាំង​ពិភពលោក​។ នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ច   IFC បានរៀបចំ​សៀវភៅ​ណែនាំ​ស្តីពី​អភិបាលកិច្ច​ទីមួយ សម្រាប់​បណ្តា​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម និង​បាន​ជួយ​ដល់​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី ដែលមាន​ឈ្មោះថា Otoritas Jasa Keuangan ឬ​ហៅ​កាត់​ថា OJK ដើម្បី​រៀបចំ​ផែនទី​បង្ហាញផ្លូវ និង​ក្រម​អភិបាលកិច្ច​។​
​កម្មវិធី​អភិបាលកិច្ច​របស់ IFC នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្វី​ស​។​