៥​ខែ​ដើមឆ្នាំ​២០១៦ ខ្យល់ព្យុះ និង​រន្ទះបាញ់​សម្លាប់​ម​នុស្ស​២២​នាក់ និង​របួស​ជិត​១០០​នាក់​

ភ្នំពេញ:
 គិត​ចាប់ពី​ខែមករា រហូតមកដល់​សប្តាហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០១៦ ខ្យល់ព្យុះ​បានធ្វើឱ្យ​ពលរដ្ឋ​ស្លាប់ ៧ នាក់ និង​រងរបួស​៧១​នាក់​។ ចំណែក​គ្រោះ​រន្ទះបាញ់​វិញ មាន​អ្នកស្លាប់​១៥​នាក់ និង​របួស​១៦​នាក់ ព្រមទាំង​ងាប់​គោ​-​ក្របី​ចំនួន​១២​ក្បាល​។ ចំណែក​គ្រោះមហន្ដរាយ​ដោយ​ខ្យល់ព្យុះ​បាន​កើតឡើង​ចំនួន ៨៥ លើក ក្នុង​រាជធានី​-​ខេត្ត​ចំនួន ២០ ដែល​បង្ក​ឱ្យ​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន ៤៧៣ ខ្នង និង​ផ្ទះ​ខូចខាត​ជា​មធ្យម​ចំនួន ២.៤៣៣​ខ្នង​។​

​ពាក់ព័ន្ធ​ករណីនេះ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក​កែវ វី បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ ដោយសារ​រន្ទះ ខ្យល់ព្យុះ ហើយ​ចាប់ពីពេលនេះ​តទៅ ប្រជាពលរដ្ឋ ត្រូវ​ចេះ​បង្ការ​គ្រោះថ្នាក់​ដោយសារ​គ្រោះធម្មជាតិ​រន្ទះ​នេះ​ដោយ​ខ្លួនឯង ខណៈពេល​គ្រោះថ្នាក់​ខ្លាំង​បណ្ដាលមកពី​អាកាសធាតុ​មានការ​ប្រែប្រួល​ខុសពី​ប្រក្រតី​។​

​លោក​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដោយ​រន្ទះ​នេះ អាចធ្វើឱ្យ​មនុស្ស​ទទួលរង​គ្រោះថ្នាក់​ស្រាល ធ្ងន់ និង​រហូតដល់​បាត់បង់​ជីវិត ហើយ​នៅពេលដែល​ឃើញ​មាន​អ្នករងគ្រោះ​ដោយសារ​រន្ទះ​នេះ ជាដំបូង​ត្រូវធ្វើ ការសង្គ្រោះ​ជាបឋម តាមរយៈ​ការធ្វើ​ចលនា​បេះដូង​ដល់​អ្នករងគ្រោះ និង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​មន្ត្រី​ជំនាញ​រូបនោះ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​បង្ការ​គ្រោះធម្មជាតិ​ដោយសារ​រន្ទះ ដោយ​ត្រូវ​បិទ​ទូរស័ព្ទ វិទ្យុ និង​ទូរទស្សន៍​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​។ ចំពោះ​ការ​ជ្រក​នៅពេល​ភ្លៀង ត្រូវ​អនុវត្តន៍​ការ​ស្ថិតនៅ​ឱ្យបាន​ចម្ងាយ​ពី​៣ ទៅ​៤​ម៉ែត្រ ពីក្រោម​ដើមឈើ ជៀសវាង​ការឆ្លង​ចរន្តអគ្គិសនី​នៅពេល​ដែលមាន​រន្ទះ​។​

​លោក​បាន​ពន្យល់ថា គ្រោះថ្នាក់​ដោយ​រន្ទះ​នេះ គឺ​បណ្តាលមកពី​ការប្រែប្រួល​អា​ធាតុ​ច្រើន ពីព្រោះ​នៅពេល​ដែលមាន​ព្យុះភ្លៀង​ម្តងៗ គឺ​បាន​នាំមក​នូវ​ខ្យល់ និង​រន្ទះ​មក​ជាមួយគ្នា ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ពួកគាត់​មិនទាន់មាន​ការយល់ដឹង និង​មិនចេះ​ពី​របៀប​បង្ការ​ទប់ស្កាត់​កុំឱ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ​៕

៥​ខែ​ដើមឆ្នាំ​២០១៦ ខ្យល់ព្យុះ និង​រន្ទះបាញ់​សម្លាប់​ម​នុស្ស​២២​នាក់ និង​របួស​ជិត​១០០​នាក់​