លោក វង សូត ជំ​រុញឱ្យ​ការអភិវឌ្ឍ​គ្រួសារ កាន់តែ​ល្អប្រសើរ​ឡើង ស្របតាម​ស្ថានភាព ការវិវត្ត​នៃ​សេដ្ឋកិច្ចជាតិ​

ភ្នំពេញ:
រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ដើម្បី​រួមគ្នា​អនុវត្តន៍​សេចក្តីសម្រេចចិត្ត​នេះ និង​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ទទួលបន្ទុក ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​គ្រួសារ មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ស្របតាម​ស្ថានភាព​នៃ​ការវិវត្ត​នៃ​សេដ្ឋកិច្ចជាតិ​។​

​ស្របពេល​នឹង​អនុក្រឹត្យ​ស្តីពី​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា​នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ពិគ្រោះ​យោបល់​គោលនយោបាយ ចំពោះ​គ្រួសារ បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២ នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ ៣​មាន​សមភាព និង​សមធម៌​យេនឌ័រ នាំឱ្យ គ្រួសារ​មាន​សុភមង្គល សង្គម​រីកចម្រើន​" នៅ​សាលាខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​។

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ ស្តីពី​គ្រួសារ​នាពេលនេះ គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ​លើកកម្ពស់ ការយល់ដឹង​អំពី​តួនាទី ដ៏​មាន​សារសំខាន់​នៃ​គ្រួសារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដែលជា​កម្លាំងចលករ​មិនអាច​ខ្វះ​បាន ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ភាព​រីកចម្រើន​។

​លោក​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥​នេះ បាន​ដាក់ចេញ​កម្មវិធី​នយោបាយ​កែទម្រង់​ស៊ីជម្រៅ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​គោលបំណង​គាំពារ​ដល់​ជីវភាព​រស់នៅ របស់​ជនក្រីក្រ​ងាយ​រងគ្រោះ សំដៅ​បង្កើន​នូវ​សេវាសាធារណៈ និង​បង្កើន​នូវ​សំណាញ់​សុវត្ថិភាព​សង្គម សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ ការសង្គ្រោះ​ដល់​ជនរងគ្រោះ​ជាដើម​៕