“​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម​” តើ​ពាក្យ​មួយ​ណា​ទើប​ត្រឹមត្រូវ​?

“​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម​” តើ​ពាក្យ​មួយ​ណា​ទើប​ត្រឹមត្រូវ​?

​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម ដែល​ពាក្យ​បច្ចេកទេស​ហៅថា Hypertension ឬ​ពាក្យ​ជា​ភាសា​អង់គ្លេស​ធម្មតា​ហៅថា High Blood Pressure​។ ជំងឺ​មួយ​ប្រភេទ​នេះ​ដែរ ត្រូវបាន​គេ​ឲ្យ​រហ័ស​នាម​ថា ជា​ឃាតករ​ឈាម​ត្រជាក់ ព្រោះ​វា​អាច​កើតឡើង លើ​មនុស្ស​ណា​ម្នាក់ ដោយ​មិន​ដឹង​ខ្លួន​នោះទេ​។

​ងាក​មក​រក​ប្រធានបទ នៃ​ការហៅ​ឈ្មោះ​ជំងឺ​នេះ​វិញ​គឺថា តាម​ចាស់ៗ ក៏ដូចជា​គ្រូពេទ្យ​ចាស់ៗ​របស់​ខ្មែរ​យើង គេ​តែង​ហៅ​ជំងឺ​នេះ ថា​ជា​ជំងឺលើសឈាម​។ ក្នុងករណី​ដែល​នរណា​ម្នាក់​ក៏​ដោយ ឲ្យតែ​វាស់​ឈាមទៅ​ឃើញ​ថាលើ គេ​តែងតែ​ហៅ​ថា​គាត់​ម្នាក់​ហ្នឹង មាន​ជំងឺលើសឈាម​ហើយ​។ ដោយសារតែ​ការ​យល់​ដឹង របស់​ប្រជាជន​ខ្មែរ​យើង​នៅមានកម្រិត ដូច្នេះ នៅ​ពេលលឺ​គ្រូពេទ្យ​និយាយថា ខ្លួនឯង​មាន​ជំងឺលើសឈាម​នោះ តែងតែ​គិត​ឡើងវិញ ទៅលើ​អត្ថន័យ​របស់​ឈ្មោះ​ជំងឺ​នោះ​។ លើស មានន័យ​ថា ឡើង​ខ្ពស់​ជាង​ធម្មតា ចំណែកឯ​ឈាម មានន័យ​ថា ជា​ជាតិ​ទឹក ដែល​មាន​ពណ៌​ក្រហម ដែល​ហូរ​ក្នុង​សរសៃឈាម​។ ក្រោយមក ពួកគេ​អាច​វិនិច្ឆ័យ​បាន​ថា កាលណា​មាន​ជំងឺលើសឈាម​អឺចឹង ពួកគេ​តែង​យល់ថា ចំណុះ​ឈាម​របស់​ពួកគេ កំពុងតែ​លើស​ហើយ​។ អ្វី​ដែល​ជា​ផលវិបាក​នោះ ពួកគេ​បែរជា​សុំ​ចង់ បូម​ឈាម​ចេញ​ខ្លះ​ទៅ​វិញ ដើម្បី​កុំឲ្យ​លើ​សទៀត​។ ស្ថិត​ត្រង់​ចំណុច​នេះ ខ្ញុំ​សូមបញ្ជាក់ថា ចំណុះ​ឈាម​របស់​មនុស្ស​យើង​គឺ បុរស​អាច​មាន​ពី ៥ ទៅ ៦ លីត្រ និង​ស្ត្រី​មាន​ពី ៤,៥ ទៅ ៥ លីត្រ ដោយ​វា​មិន​មាន​ការ​លើស ពីនេះ​ទៀត​ឡើយ​។ ក្នុងនាម​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​ជំនាន់​ក្រោយ​មួយរូប ខ្ញុំ​ក៏​មិនដឹងថា ហេតុអ្វី​បានជា​គ្រូពេទ្យ​ចាស់ៗ តែង​ហៅ​ជំងឺ​នេះ​ថា ជា​ជំងឺលើសឈាម​ដែរ ប៉ុន្តែ រឿង​នេះ​ប្រហែលជា​គាត់​ដឹង​ដែរ តែ​ព្យាយាម​និយាយ​ឲ្យ​ខ្លី ដើម្បី​ឆាប់​ចប់​សេចក្តី​។

ផ្ទុយទៅវិញ ជំងឺ Hypertension  ឬ High Blood Pressure នេះ បើ​យើង​ប្រែ​ឲ្យចំ​ពាក្យ​របស់​វា​តែម្តង​គឺថា ជំងឺ​លើស​សម្ពាធ​ឈាម ទើប​ជា​រឿង​ត្រឹមត្រូវ​។ ព្រោះថា ការ​វាស់​សម្ពាធ​ឈាម​រាល់ថ្ងៃ ដែល​គ្រូពេទ្យ​តែងតែ​ធ្វើ​នោះ​គឺ ជា​ការ​កំណត់​ទៅ​លើ​សម្ពាធ​ឈាម របស់​ចរន្តឈាម​ដែល​រត់​ខ្ទប់ ទៅ​នឹង​ជញ្ជាំង​សរសៃឈាម ទើប​បង្កើត​បាន​ជា​លេខ សម្ពាធ​ឈាម​ផុស​ឡើង​បាន​។ ការ​វាស់​សម្ពាធ​ឈាម​នេះ មិនមែន​មានន័យថា ជាការ​វាស់​ចំណុះ​ឈាម ហើយ​ឃើញ​ឈាម​លើស​នោះទេ​។ សម្ពាធ​ឈាម​ធម្មតា​ដែល​វាស់​ឃើញ គឺ​ទាប​ជាង ១២០/៨០ mmHg (​មី​លី​ម៉ែត្រ​បា​រ៉​ត​)​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ទាក់ទង​នឹង​លទ្ធផល ដែល​វាស់​សម្ពាធ​ឈាម​នេះដែរ ក៏​តែងតែ​ជា​បញ្ហា​តិចតួច​ផងដែរ​។ ឧទាហរណ៍ ពេល​គ្រូពេទ្យ​វាស់​សម្ពាធ​ឈាម​ទៅ​ឃើញ ១២០/៨០ mmHg គាត់​តែងតែ​ប្រាប់​អ្នកជំងឺ​ថា អ៊ុំ ឈាម​របស់​អ៊ុំ​បាន ១២ លើ ៨ ទៅវិញ​។ ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ ខ្ញុំ​មិនដឹងថា ការរៀនសូត្រ​ខាង​វិជ្ជា​ពេទ្យ ពី​ជំនាន់​មុន គេ​ប្រើ​ឧបករណ៍​អ្វី​វាស់​សម្ពាធ​ឈាម​ទៅ ចេញ​ជា​លទ្ធផល​តែ​ពីរ​ខ្ទង់​អឺចឹងទេ ទើប​គាត់​ប្រាប់​តែ​លេខ ពីរ​ខ្ទង់​អឺចឹង​។ ប៉ុន្តែ បើ​តាម​ការយល់ឃើញរ​បស់​ខ្ញុំ​វិញ ការ​ប្រាប់​លទ្ធផល​ពីរ​ខ្ទង់​អឺចឹង មានន័យ​ថា ជា​លទ្ធផល​គិត ជា​សង់ទីម៉ែត្រ​បា​រ៉​ត​។ ឧទាហរណ៍ ១២/៨ cmHg​។ យ៉ាងណាមិញ ខ្ញុំ​មិន​មាន​ការប្រឆាំង នឹង​ការអាន​លទ្ធផល​នេះ​ទេ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​អាចនិយាយបាន​ថា នាពេល​បច្ចុប្បន្ន​នេះ នៅ​ទូទាំង​ពិភពលោក​យើង​នេះ គេ​អាន​លទ្ធផល​សម្ពាធ​ឈាម​ជា មី​លី​ម៉ែត្រ​បា​រ៉​ត តាំងពីដើម​មក​ម្លេះ​។ ប្រហែល​ជា​ប្រទេស​យើង ចង់​បង្កើត​អ្វី​ដែល​ថ្មី​ដោយ​ខ្លួនឯង​ហើយ ទើប​ប្តូរ​មក សង់ទីម៉ែត្រ​បា​រ៉​ត​តែឯង​អឺចឹង​។

​សរុបសេចក្តី​មក ក្រោយ​ពី​មិត្ត​អ្នកអាន​ទាំងអស់ ជាពិសេស​ពូៗ មីងៗ និង​អ៊ុំ និង​គ្រូពេទ្យ​ទាំងអស់​បាន​អាន​អត្ថបទ​នេះ​រួចហើយ យើង​គួរតែ​ផ្លាស់ប្តូរ ពី​របៀប​ហៅ​ឈ្មោះ​ជំងឺ​នេះ ឲ្យបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា​ថា ជា​ជំងឺ​លើស​សម្ពាធ​ឈាម មិនមែន​ជំងឺលើសឈាម​ទៀត​នោះ​ទេ​។ មួយវិញទៀត ដើម្បី​ប្រទេស​យើង​មាន​ការប្រើប្រាស់​ដូចគ្នា នឹង​ពិភពលោក​ដែរនោះ យើង​គួរតែ​អាន​លទ្ធផល​សម្ពាធ​ឈាម ជា​មី​លី​ម៉ែ​តបា​រ៉​ត ដោយ​ប្រើ​លេខ​បី​ខ្ទង់​៕

រៀបរៀងដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។