ជំងឺ​ទឹកនោម​ផ្អែម ទឹកនោម​សាប និង​ទឹកនោមប្រៃ​ខុស​គ្នា​ម៉េច​ទៅ​?

ជំងឺ​ទឹកនោម​ផ្អែម ទឹកនោម​សាប និង​ទឹកនោមប្រៃ​ខុស​គ្នា​ម៉េច​ទៅ​?

​នៅ​ប្រទេស​កម្ពុជា​យើង ក៏​មិន​ខុសគ្នា​នឹង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក​ដែរ តែងតែ​ស្គាល់​ជាងគេ គឺ​ជំងឺ​ទឹកនោម​ផ្អែម ប៉ុន្តែ អ្វី​ដែល​ខុស​គេ​នោះ​គឺថា ជំងឺ​ទាក់ទង​នឹង​ទឹកនោម នៅ​ស្រុក​ខ្មែរ​យើង គឺ​មាន​បី​ប្រភេទ​គឺ ទឹកនោម​ផ្អែម ទឹកនោម​សាប និង​ទឹកនោមប្រៃ​។ ជំងឺ​ទាំងបី នេះ នៅ​ប្រទេស​ផ្សេង គឺ​មិន​ដែល​លឺ​គេ​ប្រើ​ជា​ភាសាជាតិ​ថា ទាក់ទង​នឹង​ទឹកនោម​ឡើយ ប៉ុន្តែ​ខ្មែរ​យើង​ប្រែជា​ទៅ​នោម​ទៅវិញ​។ ដូច្នេះ តើ​ជំងឺ​ទាំង​បី​ប្រភេទ​នេះ មាន​លក្ខណៈ​ត្រឹមត្រូវ​របស់​វា​ដូចម្តេច​ខ្លះ​ទៅ​?

ជំងឺ​ទឹកនោម​ផ្អែម
ជំងឺ​ទឹកនោម​ផ្អែម ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា Diabetes Mellitus​។ ជំងឺ​នេះ​មាន​ពីរ​ប្រភេទ​គឺ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ប្រភេទ​ទី​២​។ លក្ខណៈ​របស់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​នេះ ភាគច្រើន កើតឡើង​លើ​កូន​ក្មេង ដោយសារតែ​រូបគេ​កើតមក មិន​មាន​កោសិកា​ផលិត​អាំង​ស៊ុយ​លីន​ពី​កំណើត​តែម្តង ឬ​មាន​ការខូចខាត​កោសិកា​ផលិត​អាំង​ស៊ុយ​លីន តាំងពីក្មេង​តែម្តង​។ អាំង​ស៊ុយ​លីន គឺជា​អ័រម៉ូន​មួយ​ប្រភេទ ដែល​មាន​តួនាទី​ដឹកជញ្ជូន​ជាតិ​ស្ករ ទៅ​ចិញ្ចឹម​កោសិកា​របស់​រាងកាយ​ទាំងមូល​។ ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ វិញ គឺ​ជា​ជំងឺ​ដែល​កើតឡើង​ដោយសារតែ​មាន វិបត្តិ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​។ មានន័យ​ថា កោសិកា​ផលិត​អាំង​ស៊ុយ​លីន គឺ​មាន​ហើយ ប៉ុន្តែ អាំង​ស៊ុយ​លីន​នោះ មិន​អាច​ធ្វើ​ការងា​ររ​បស់​វា ក្នុង​ការដឹកនាំ​ជាតិ​ស្ករ ចូលទៅ​ក្នុង​កោសិកា ដូច្នេះ វា​នឹង​ធ្វើឲ្យ​ចំនួន​ជាតិ​ស្ករ​ក្នុងឈាម កើនឡើង​ខ្ពស់​តែម្តង​។ ជំងឺ​នេះ បើ​យើង​និយាយ​អំពី និយមន័យ​របស់​វា​តែម្តង​នោះគេ​ប្រែ​ថា ជា​ជំងឺ​ទាក់ទង​នឹង​ការរំលាយ ដែល​បណ្តាល​ឲ្យ​ជាតិ​ស្ករ ក្នុង​ឈាម​លើស​ពី​ធម្មតា​។ ហើយក៏​មិន​មាន​ទាក់ទង នឹង​ទឹកនោម​ដែរ ប៉ុន្តែ មិនដឹង​ថា​ហេតុអ្វី បានជា​អ្នកប្រាជ្ញ​ខាង​អក្សរសាស្ត្រ​របស់​យើង យកពាក្យ​ទឹកនោម​នេះ មក​ប្រើ​ទៅ​វិញ​នោះ​ទេ​។ អ្វី​ដែល​គួរឲ្យ​អស់សំណើ​ចនោះ​គឺថា ម្នាក់ៗ​ដែល​សង្ស័យ​ថា ខ្លួនឯង​មាន​ជំងឺ​ទឹកនោម​ផ្អែម​នោះ​បែរជា នាំគ្នា​ទៅ​នោម ហើយ​ចាំ​មើល​មាន​ស្រមោច​រោម​អត់ បើសិនជា​មាន​មែន គឺ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​។ រឿង​នេះ​មិនមែន​និយាយថា ខុស​ទាំងស្រុង​នោះ​ទេ ព្រោះថា កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ក្នុង​រយៈពេល​មួយ​យូរ​គួរសម និង​មិន​មាន​ការគ្រប់គ្រង ទើប​ធ្វើឲ្យ​តម្រងនោម​ខូច ដែល​ជាហេតុ​នាំ​ឲ្យ​ជ្រាប ជាតិ​ស្ករ​តាម​ទឹកនោម​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ជ្រាប​ជាតិ​ស្ករ​នេះដែរ អាច​បញ្ជាក់​ថា តម្រងនោម​អ្នក កំពុងតែ​ចុះខ្សោយ ហើយក៏​មិន​មែន​អាច​ដើរ​នោម ហើយ​អង្គុយ​ចាំ​មើល​ស្រមោច​មក​រោម​ដែរ​។

ជំងឺ​ទឹកនោម​សាប​
ជំងឺ​ទឹកនោម​សាប ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា Diabetic Insipidus  គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​អាច​សម្គាល់​ដឹង តាមរយៈ​ការ​ស្រេកទឹក​ខ្លាំង និង​នោម​ច្រើន​ខ្លាំងក្លា ទោះបីជា​ញ៉ាំ​ទឹក​តិច​ក៏​នៅតែ​នោម​មក​ច្រើនៗ ហើយ​ពណ៌​ដែរ​។ ជំងឺ​ទឹកនោម​សាប មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​បណ្តាលមកពី មូលហេតុ​ខុសៗ​គ្នា​ដែរ​។ ចំពោះ​ប្រភេទ​ជំងឺ​ទឹកនោម​សាប​ដែរ កើតឡើង​ញឹកញាប់​ជាង​គេ​បំផុត​នោះ​គឺ Central Diabetic Insipidus  ដែល​ជា​ទម្រង់​ទាក់ទង​នឹង​សរសៃប្រសាទ និង​កង្វះ​អ័រម៉ូន Arginine Vasopressin (AVP) ឬ Antidiuretic Hormone (ADH)​។ អ័រម៉ូន​ប្រភេទ​នេះ មាន​តួនាទី​ទប់ស្កាត់ ការបញ្ចេញ​ទឹកនោម ឬ​ចង់​នោម​។ ចំពោះ​ប្រភេទ​ជំងឺ​ទឹកនោម​សាប ដែល​កើតឡើង​ញឹកញាប់​លំដាប់​ទី​ពីរ​នោះ មានឈ្មោះ​ថា Nephrogenic Diabetes Insipidus (NDI) ដែល​វា​កើត​ឡើង ពី​ការ​ខូច​មុខងារ​របស់​តម្រងនោម ដោយសារតែ តម្រងនោម​មិន​ព្រម​ទទួលយក ការ​ភ្ញោចរបស់​អ័រម៉ូនទ​ប់ស្កា​ត់​ការនោម (ADH)​។ ជំងឺ​ទឹកនោម​សាប ក៏​អាច​កើតឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ ក្រៅពីនេះ​វា​អាច​កើតឡើង​បាន តាមរយៈ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំញៀន​មួយចំនួន​។ សរុបសេចក្តី​មក ជំងឺ​នេះ​ទើប​សាក​សម ប្រែ​ទាក់ទង​នឹង​ទឹកនោម ព្រោះ​វា​ទាក់ទង​នឹង​ការ​នោម តាំងពី​ដើម​ដល់​ចប់​។

ជំងឺ​ទឹកនោមប្រៃ​
ជំងឺ​ទឹកនោមប្រៃ ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា Nephrotic Syndrome​។ នេះ​គឺជា​ជំងឺ​តម្រងនោម​មួយ​ប្រភេទ ដែល​ធ្វើឲ្យ​មាន​ការជ្រាប​ចេញ នូវ​ជាតិ​ប្រូតេអ៊ីន​តាម​ទឹកនោម រហូតដល់ ៣​ក្រាម​ក្នុង​មួយថ្ងៃ​។ ធម្មតា តម្រងនោម​ប្រៀប​ដូចជា​កញ្ច្រែង​ច្រោះ​អឺចឹង និង​តួនាទី​ច្រោះ​ឈាម​របស់​យើង​ទាំងអស់ ដើម្បី​ក្លាយទៅជា​ទឹកនោម​។ ក្នុងករណី​តម្រងនោម មាន​សុខភាព​ល្អ គឺ​កញ្ច្រែង​ច្រោះ​ទឹកនោម​របស់​វា គ្មាន​ការខូចខាត​អ្វី​ឡើយ ដូច្នេះ ម៉ូលេគុល​ប្រូតេអ៊ីន​ដ៏​ធំ ដែល​តែងតែ​ចរាចរណ៍​ក្នុង​ឈាម​នោះ គឺ​មិន​អាច​ច្រោះ ឬ​ជ្រាប​ចេញ​ទៅ​តាម​ទឹកនោម​បានឡើយ​។ ចំពោះ​មូលហេតុ ដែល​ច្រើនតែ​នាំឲ្យ កញ្ច្រែង​តម្រងនោម​មាន​ការខូចខាត រហូត​ដល់​ក្លាយជា​ជំងឺ​ទឹកនោមប្រៃ​នេះ ភាគច្រើន​បណ្តាល​មកពី ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី (Autoimmune Disorder)​។ ជាធម្មតា ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង នឹង​ធ្វើ​ការវាយប្រហារ​ទៅលើ​មេរោគ ឬ​សារធាតុ​ដែល​វា​មិន​ដែល​ស្គាល់ ដែល​ចូល​ក្នុង​ខ្លួន​យើង​។ ប៉ុន្តែ ការធ្វើការ​ខុស​ប្រក្រតី​នេះ​គឺ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​សុខៗ វា​បែរជា​ទៅ​វាយប្រហារ​ទៅលើ កញ្ច្រែង​ច្រោះ​ទឹកនោម​របស់​តម្រងនោម របស់​យើង​តែម្តង​។ ដូច្នេះ ទើប​ធ្វើឲ្យ​តម្រងនោម​បញ្ចេញ ជាតិ​ប្រូតេអ៊ីន ទៅតាម​ទឹកនោម ក្លាយទៅជា​ជំងឺ​ទឹកនោមប្រៃ​បាន​។ សរុបមក ជំងឺ​នេះ​ក៏​សាក​សម​ប្រែ​ទាក់ទង​នឹង​ទឹកនោម​ដែរ ព្រោះ​វា​ទាក់ទង​គ្នា​នឹង​ទឹកនោម​រហូតមក​។

រៀបរៀងដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។