សម្តេច ហ៊ុន សែនថា​ បក្សប្រឆាំងមិនឲ្យខ្លួនបានសុខ សម្តេចក៏មិនឲ្យបក្សប្រឆាំងបានសុខដែរ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តរម្លឹកពីការឈឺចាប់គ្រួសាររបស់សម្តេច នៅពេលដែល​គេចោទកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ថា មិនមែនជាកូនបង្កើត​​របស់​សម្តេច​នោះទេ។ ប្រមុខបក្សកាន់អំណាច បានប្រកាសថា អ្នកដែលចោទប្រកាន់បែបនេះ គឺជាក្រុមគណបក្សប្រឆាំង ដែលមានចេតនា​មិនចង់​ឲ្យគ្រួសារ​របស់សម្តេច បានសេចក្តី​សុខ។

និយាយដល់ចំណុចនេះ សម្តេច ហ៊ុន សែន បានថ្លែងខ្លាំងៗថា «គណបក្សប្រឆាំងមិនឲ្យសម្តេចបានសុខ សម្តេចក៏ឲ្យគណបក្ស​ប្រឆាំងបានសុខនោះដែរ»។ ក្នុងពិធីចែកសញ្ញាបត្រដល់​និស្សិតសកល​វិទ្យាល័យIIC ប្រមុខរដ្ឋាភិបាល បានអះអាងថា សម្តេចនឹង​«កំដរគណបក្ស​ប្រឆាំង​លេង​ដល់​ទីបញ្ចប់»។ សម្រាប់ សម្តេច ហ៊ុន សែន ការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំវៀតណាម​ម្នាក់​មិនមែនជាកូនរបស់សម្តេចនោះ ជាការប្រមាថមក​លើ​ក្រុមគ្រួសារសម្តេច ដែល​មិនអាចអត់ឱនឲ្យបាន​នោះទេ។
ស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន

ជាមួយគ្នា​នេះ សម្តេច ហ៊ុន សែន ក៏រម្លឹកពីបេសកកម្មរបស់លោក ហ៊ុន ម៉ាណែត ទៅអាមេរិកកន្លងទៅ ដែលមានបាតុកម្មប្រឆាំងកូនរបស់សម្តេចផងដែរ។ សម្តេច បញ្ជាក់ថា ក្រុមបក្សប្រឆាំងដែល​បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត មួយកន្លែងៗ នៅអាមេរិក មានតែ ៣០ នាក់ តែអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត មានដល់ទៅ ៥០០ នាក់៕