មន្ត្រី​ក្រសួង​វប្បធម៌​ចង់ឱ្យ ដេ​នី ខ្វាន់ កែ​ទម្លាប់​ស្លៀកពាក់ តែបើ​មិន​អើពើក្រសួង​អាច​នឹង​ចាត់វិធានការ​ចំពោះ​នាង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​លេច​ចេញ​រូបថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​មក​ដេ​នី ខ្វាន់ រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។ ទន្ទឹម​នេះ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ស្នើ​ឱ្យ​ដេ​នី ខ្វាន់ កែ​ទម្លាប់​ក្នុង​ការ​ស្លៀកពាក់ មុន​ពេល​ក្រសួង​ចេញ​វិធានការ​ណាមួយ​ចំពោះ​នាង ។

ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្រោយ​ពី​នាង​ដេ​នី ខ្វាន់ ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​ក្នុង​ពិធី​ខួបកំណើត​ប្អូនប្រុស​របស់​នាង​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។
ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​មហាជន ដេ​នី ខ្វាន់ ចំអក​ថា អ្នក​ទាំងនោះ​មានចិត្ត​ចង្អៀតចង្អល់​ពេក និង​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា​ទៅ​វិញ ។

អ្នក​រិះគន់​ជា​ច្រើន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចេញ​គោលការណ៍ ឬ​កោះហៅ​តារា​សម្តែង​រូប​នេះ​ទៅ​ព្រមាន ចំ​ៗ​មុខ ក្រោយ​ពី​សេចក្តីណែនាំ​អំពី​ការ​ស្លៀកពាក់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទើបតែ​ចេញ​មិន​ទាន់​បាន​២​ខែ​ផង​នោះ​ត្រូវ​នាង​មិន​អើពើ ។

នាង​ដេ​នី ខ្វាន់ បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ និយាយ​ឆ្លើយ​តប​អ្នក​រិះគន់​ថា «​នាង​ខ្ញុំ​នៅ​តែ​ជា​កូន​ខ្មែរ​ម្នាក់ ហើយ​នាង​ខ្ញុំ​ទទួលស្គាល់​ពី​ការ​សិច​ស៊ី​របស់​នាង​ខ្ញុំ​នា​ពេល​កន្លង​មក ប៉ុន្តែ​ការ​ដែល​នាង​ខ្ញុំ​ស្លៀកពាក់​សិច​ស៊ី​នោះ គឺ​មិនមែន​ស្លៀកពាក់​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍ ឬ​ថត​ភាពយន្ត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺជា​ការ​ស្លៀកពាក់​សម្រាប់​ពិធី​ខាងក្រៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែន​ដូច​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ ។

ចំពោះ​បងប្អូន​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​លើ​នាង​ខ្ញុំ​ថា ថត​សិច​ស៊ី​សម្រាប់​ធ្វើ​ស្រីខូច និង​បង្អួត​ភ្នែក​តា​តា​នោះ គឺ​នាង​ចង់​បញ្ជាក់​ថា នាង​ខ្ញុំ​មិនមែន​ដល់​ថ្នាក់​ធ្វើ​ជា​ស្រី​បែប​នោះ​ដូច​ការ​យល់​ឃើញ​របស់​អ្នក​ទាំង​អស់នោះ​ឡើយ​។  បច្ចុប្បន្ន​នាង​ខ្ញុំ​មាន​គ្រប់យ៉ាង​ទាំង​ផ្ទះ លុយ ឡាន និង​មាន​របស់របរ​ផ្ទាល់ខ្លួន​ក្រៅពី​អាជីព​សិល្បៈ ហេតុនេះ​នាង​ខ្ញុំ​មិន​ខ្វល់ខ្វាយ​ដល់​ថ្នាក់​ចង់​ធ្វើ​ស្រីខូច​នោះ​ឡើយ ។

ត្រង់​ចំណុច​នេះ​នាង​ខ្ញុំ​ចង់​ប្រាប់​ដល់​អ្នក​រិះគន់​ទាំងនោះ​ថា មុន​នឹង​និយាយ​ដូច្នេះ​ត្រូវ​គិតពិចារណា​ផង​ថា អ្នក​ទាំងនោះ​មាន​បងប្អូន​ជា​ស្រី​ឬ​អត់​។ ចំណែក​មួយទៀត ការ​រិះគន់​ទៅ​លើ​រូប​នាង​ខ្ញុំ​ថា​បាន​ចំណាយ​លុយ​ខ្ជះខ្ជាយ​ទៅ​ទិញ​ខោអាវ ថ្លៃ​ៗ​ឥតប្រយោជន៍ មិន​ចំណាយ​មក​ជួយ​អ្នកក្រ នោះ​រឹតតែ​ខុសស្រឡះ​ថែម​ទៀត ។

កន្លង​មក​នាង​ខ្ញុំ​តែងតែ​ចំណាយពេល និង​ប្រាក់​ផ្ទាល់ខ្លួន​ចុះ​ទៅ​ជួយ​ប្រជាជន​ដែល​មាន​ភាព​លំបាក ហើយ​សកម្មភាព​ទាំងនោះ​មិន​ត្រូវ​បាន​អ្នក​ដែល​ចូល​ចិត្ត​រិះគន់​នាង​ខ្ញុំ​មើល​ឃើញ​ឡើយ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​នាង​ខ្ញុំ​ស្លៀក​សិច​ស៊ី​វិញ គឺ​នាំ​គ្នា​រិះគន់ និង​ចែកចាយ​រូបភាព​ពី​មួយ​ទៅ​មួយ​ទូ​ទាំង​ប្រទេស ។ អ្វី​ដែល​សំខាន់​ទៀត​នោះ​មាន​អ្នកខ្លះ​បាន​ស្នើ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​ដក​នាង​ខ្ញុំ​ចេញពី​វិស័យ​សិល្បៈ​ថែម​ទៀត​ផង ។

ប្រសិនបើ​ក្នុង​ករណី​ក្រសួង​ចង់​ដក​អ្នក​ណាមួយ​ចេញពី​វិស័យ​សិល្បៈ​នោះ គឺ​ប្រាកដជា​មានការ​ពិចារណា​មួយ​ច្បាស់លាស់ ថា​តើ​តារា​រូប​នោះ​បាន​ធ្វើអំពើ​ខុសឆ្គង​អ្វីខ្លះ ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ​គឺ​គ្រាន់តែ​ស្លៀកពាក់​សិច​ស៊ី​ក្រៅ​សិល្បៈ មិនមែន​ស្លៀក​ចូល​វត្ត ឬ​ឡើង​ប៉ុស្តិ៍​ទូរទ្សន៍​នោះ​ឡើយ​» ។

ទាក់ទិន​នឹង​រឿង​របស់​នាង​ដេ​នី ខ្វាន់​នោះ កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០១៦ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​ថា «​សិល្បករ​គួរតែ​ភ្ញាក់​រឭក​ដោយ​ខ្លួនឯង គួរ​តុ​ប​តែ​ខ្លួន​ឲ្យ​សក្តិ​សម​ទៅ​នឹង​ពេលវេលា ទីកន្លែង គឺ​កុំ​ហួសហេតុ​ពេក ។ មនុស្ស​គ្រប់​រូប​មិន​ថា​តែ​សិល្បករ​ទេ រូបរាង​មាន​ខាងក្នុង និង​ខាងក្រៅ មាន​កិត្តិ​យស មាន​កេរ្តិ៍ខ្មាស ប៉ុន្តែ​គួរ​កម្រិត​ឲ្យ​ច្បាស់​ខ្លួនឯង​ថា​គួរ​មាន​កម្រិត​ណា ។ សិល្បករ​តែងតែ​រក​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ប៉ុន្តែ​មិនមែន​មាន​តែ​ការ​ស្លៀកពាក់​បែប​លេច​លើ​ខើច​ក្រោម​តែ​មួយ​មុខ​ទេ  គ្រាន់តែ​ការ​ស្លៀកពាក់​បែប​សមរម្យ គឺជា​សោភ័ណ​ភាព​មួយ​បាត់​ទៅ​ហើយ មិនមែន​មាន​តែ​ការ​ស្លៀកពាក់​បែប​របូតរលូត​នោះ​ទេ ។ សិល្បករ ម្នាក់​ៗ​គួរតែ​យល់​ថា​សម្រស់ កិត្តិយស វា​នឹង​មិន​អណ្តែត​ដោយសារ​តែ​ការ​ស្លៀកពាក់​សិច​ស៊ី ឬ​រឿងអាស្រូវ​ទេ វា​នឹង​ជាន់ពន្លិច​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ទៅ​វិញ​» ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ដេ​នី ខ្វាន់ ថា ការ​ស្លៀកពាក់​សិច​ស៊ី​របស់​នាង​មិនមែន​ជា​ការ​ស្លៀកពាក់​ឡើង​ឆាក​ដែល​ត្រូវ​រិះគន់​ទេ​នោះ លោក​ថៃ នរៈ​សន្យា បញ្ជាក់​ថា «​មិន​ថា​តែ​លើ​ឆាក​ទេ បច្ចុប្បន្ន ទីណា​ក៏​មាន​ទូរទស្សន៍ កាសែត ទស្សនាវដ្តី ដែរ ព្រោះតែ​មនុស្ស​គ្រប់​គ្នា​មាន​ទូរស័ព្ទ ហើយ​នាង​បង្ហាញខ្លួន​ជា​សារ​ធារ​ណៈ​នៅ​ក្នុង​ពិធី​មួយ ដូចនេះ​គេ​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាង​ការ​សម្តែង​លើ​ឆាក​ទៅ​ទៀត ។ បើ​មិន​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ លុះត្រាតែ​នាង​ស្ថិត​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង​» ។

ទោះជា​យ៉ាងណា​ក្តី លោក​ថៃ នរៈ​សត្យា បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​មិន​ទាន់​ចេញ​វិធានការ​ជាក់លាក់​បន្ថែម​ថ្មី​ពីលើ​សេចក្តីណែនាំ​មុន​នៅឡើយ​ទេ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចង់​ឲ្យ​សិល្បករ​ព្យាយាម​កែ​ទម្លាប់​ដោយ​ខ្លួនឯង គឺ​មាន​តែ​វិធានការ​ថ្នាក់ថ្នម ដោយ​យល់​ថា​ជា​ខ្មែរ​ដូច​គ្នា ស្ថិត​ក្រោម​ឆត្រ​របស់​ក្រសួង​វប្បធម៌ ដូច​ជា​ឪពុក​ម្តាយ​មិន​អាច​ខុស​ដៃ​យកដៃ ខុស​ជើង​យក​ជើង​នោះ​ទេ គឺ​ចង់​ណែនាំ​ឲ្យ​អស់​លទ្ធភាព ។ ទោះជា​យ៉ាងណា​ក្តី ក្រសួង​នឹង​មាន​វិធានការ​ផ្សេង​ពី​នេះ​ប្រសិនបើ​ការ​ណែនាំ​របស់​ក្រសួង​មិន​មានការ​យកចិត្តទុកដាក់​ពី​សិល្បករ​នោះ ។

តារា​សម្តែង​ដេ​នី ខ្វាន់ មិន​អាច​សុំ​ការ​ឆ្លើយ​តប់​ជុំវិញ​ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទេ  ។ ទូរស័ព្ទ​របស់​នាង​ដេ​នី ខ្វាន់ ត្រូវ​ប្អូនប្រុស​របស់​នាង​លោក​គឹ​ម សាន្ត ជា​អ្នក​លើក ហើយ​បញ្ជាក់​ថា បងស្រី​លោក​ដូរ​លេខ​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តែ​លោក​មិន​ស្គាល់​លេខ​នោះ​ទេ ។

កន្លង​មក​នាង​ឆៃ​លី ដា​ឡែ​ន បាក់ស្បាត​នឹង​ភាព​សិច​ស៊ី​របស់​ខ្លួន​ដោយ​ត្រូវ​ស្ថានីយទូរទស្សន៍​នានា​លែង​រាប់រក​ហៅ​សម្តែង ។ ឆៃ​លី ដា​ឡែ​ន បាន​កែខ្លួន និង​ព្យាយាម​សូមទោស​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត ទម្រាំ​មានឱកាស​ដូច​ដើម ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីណែនាំ​មួយ​ចំពោះ​សិល្បករ សិល្ប​ការិនី​ទាំងអស់​ឱ្យ​ប្រើប្រាស់​សម្លៀក​បំពាក់​សម​ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ មាន​ឥរិយាបថ​ប្រកបដោយ​សីលធម៌ គុណធម៌ សុជីវធម៌ ដែល​ជា​មរតក​ដ៏​ល្អ​ផូ​រ​ផ​ផង់​នៃ​ដូនតា​យើង ។

ក្រោយ​សេចក្តីណែនាំ​នោះ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ដេ​នី ខ្វាន់ លេងខ្លួន​សិច​ស៊ី​ស្ទើរតែ​អាក្រាត​ល្វែង​ខាងលើ ហើយ​ថែម​ទាំង​វាយប្រហារ​ចំពោះ​អ្នក​រិះគន់​ទៀត ៕