រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ម្លិះ​ធ្វើ​មុខ​អេះ​អុញ​បន្តិច​រួច​ងើបឈរ​ឡើង
ម្លិះ​៖ ម៉េច​ក៏​ចាំបាច់​ឲ្យ​ខ្ញុំ​និយាយ​ឲ្យ​អស់​សេចក្តី​នោះ ! រឿងរ​បស់បង​និង​បង​កែវ គួរតែ​ដឹង​ខ្លួនឯង​ច្បាស់​ជាង​អ្នក​ដ៏​ទៃ​ហើយ !

អរុណ​ស្ទុះ​មក​ពាំងមុខ​ម្លិះ​ជាប់ ធ្វើ​មុខ​ឆ្ងល់
អា​រុណ​៖ ខ្ញុំ​នៅ​តែ​មិន​យល់​ទេ ! រឿង​ខ្ញុំ​និង​កែវ តើ​ជា​រឿង​អី​ទៅ !

ម្លិះ​បើកភ្នែក​ធំ​ៗ
ម្លិះ​៖ អេ ! បង​រុណ​នេះ​! ចង់​ឲ្យ​ខ្ញុំ​និយាយ​ត្រង់​ៗ​មែន​ទេ ! ចាំបាច់​លាក់បាំង​ធ្វើ​អី​ទៅ ! បើ​គ្រាន់តែ​ពូក​បង​ស្រលាញ់​គ្នា​យល់ចិត្ត​គ្នា​នោះ​! ខ្ញុំ​សូម​ជូនពរ​ពួក​បង​ឲ្យ​មាន​សេចក្តីសុខ​ជា​រៀង​រហូត​ទៅ !

អរុណ​ធ្វើ​ភ្នែក​ស្លឺ​បន្តិច រួច​ស្រវា​ចាប់ដៃ​ម្លិះ​ជាប់
អរុណ​៖ ម្លិះ​! ដក​ពាក្យ​ជូនពរ​របស់​ម្លិះ​ទៅ​វិញ​ទៅ​! ខ្ញុំ​មិន​ទទួល​ទេ​! ព្រោះ​វា​មិនមែន​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​! ខ្ញុំ​មិនដឹង​ថា​ម្លិះ​ដឹង​រឿង​នេះ​ពី​ណា​ទេ​! តែ​ខ្ញុំ​សុំ​បញ្ជាក់​ថ្ងៃនេះ ហើយ​នៅ​ត្រង់នេះ ថា​ខ្ញុំ​មិន​ដែល​បាន​គិត​អ្វី​ទៅ​លើ​កែវ ក្រៅ​តែ​ពី​ការ​រាប់អាន​ទេ​! បើ​ខ្ញុំ​ធ្លាប់​និយាយ​អ្វី​ប្រាប់​កែវ គឺ​គ្រាន់តែ​ខ្ញុំ​ចង់​ឲ្យ​កែវ​ជួយ​នាំពាក្យ​សម្តី​នេះ ទៅ​ប្រាប់​ដល់​នារី​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​របស់ខ្ញុំ ! ហើយ​បើ​ខ្ញុំ​គ្មាន​សេចក្តី​ក្លាហាន​នឹង​សារភាព​ប្រាប់​នាង ព្រោះតែ​វណ្ណៈ​របស់​យើង​ខុស​គ្នា​ឆ្ងាយ​ពេក ! ប៉ុន្តែ​សម្រាប់​ក្តី​ស្រលាញ់​របស់ខ្ញុំ ទោះជា​មាន​សង្ឃឹម​ឬ​ក៏​គ្មាន​សង្ឃឹម​ក៏​ដោយ​ចុះ ! ក៏​ខ្ញុំ​រក្សា​វា​ទុក​នៅ​ត្រង់នេះ !

អរុណ​យកដៃ​ទះ​ទ្រូង​របស់​គេ​ត្រង់​កន្លែង​បេះដូង​តិច​ៗ
អរុណ​៖ ហើយ​ខ្ញុំ​នឹង​រក្សា​ក្តី​ស្រលាញ់​មួយ​នេះ​ជា​រៀង​រហូត ! ខ្ញុំ​នឹង​ខំ​ពុះពារ ដើម្បី​បាន​សុំ​រៀប​ការ​ជាមួយ​នាង ! ទោះជា​ក្តី​សង្ឃឹម​នោះ​មាន​តិចតួច​ក៏​ដោយ​ចុះ​! ក៏​ខ្ញុំ​នៅ​តែ​តស៊ូ​រហូត​ដល់ទី​បញ្ចប់​ដែរ​!

ម្លិះ​មើល​មុខ​អរុណ​ភាំង ទឹកមុខ​ក្តុកក្តួល រួច​ធ្វើ​អឹមអៀន ដក​ដៃ​ចេញពី​អា​រុណ
ម្លិះ​៖ អេ​! ម៉េច​ក៏​ខ្ញុំ​អាច​យល់​ច្រ​លំ​កើត​! រឿង​ទាំង​អស់នេះ​គឺ​បង​កែវ​ជា​អ្នក​និយាយ​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឃើញ​ដែរ​ថា បង​រុណ​យកចិត្តទុកដាក់​ចំពោះ​បង​កែវ​ណាស់ !

អរុណ​គ្រវីក្បាល ធ្វើ​មុខ​ហួសចិត្ត
អរុណ​៖ អូ ! ម្លិះ​ពិតជា​យល់​ច្រ​លំហើយ​! ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​កែវ ក្នុង​នាម​ជា​សាច់ញាតិ​ម្នាក់​ទៅ​វិញ​ទេ ! ព្រោះតែ​កែវ​ជា​បងស្រី​របស់​ម្លិះ​ហ្នឹងហើយ​! បើសិនជា​ខ្ញុំ​ស្រឡាញ់​ប្អូនស្រី​របស់​គេ ខ្ញុំ​ត្រូវ​តែ​យកចិត្ត​បងស្រី​ហើយ​មែន​ទេ​! ពាក្យចាស់​ថា ស្រឡាញ់​មេ​បំពេកូន​! ខ្ញុំ​កំពុង​តែ​ពុះពារ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​គ្រួសារ​របស់​ម្លិះ មើលឃើញ​ចិត្ត​ស្មោះ​របស់ខ្ញុំ​ផង ! ទោះជា​ខ្ញុំ​គ្មាន​ទ្រព្យសម្បត្តិ កិត្តិយស វង្ស​ត្រកូល​ខ្ពង់ខ្ពស់​អ្វី​ដូច​គេ​! តែ​ខ្ញុំ​មាន​បេះដូង​ស្មោះ​មួយ​ដែល​អាច​លះបង់​បាន​គ្រប់យ៉ាង សូ​ម្បី​តែ​ជីវិត ដើម្បី​នារី​ដែល​ខ្ញុំ​ស្រលាញ់​! ហើយ​នារី​ម្នាក់​នោះ​គឺ​កំពុង​តែ​ឈ​នៅ​ចំពោះ​មុខ​ខ្ញុំ​នេះ​ហើយ !

ម្លិះ​បើកភ្នែក​ក្រឡង់​មើល​មុខ​អរុណ រួច​ធ្វើ​មុខ​អៀន ស្ទុះ​រត់​ចេញ​ទៅ​ក្រៅ អរុណ​ស្ទុះ​តាម
អរុណ​៖ ម្លិះ ! ឈប់​សិន ! ខ្ញុំ​នៅ​និយាយ​មិន​ទាន់​ចប់​ទេ​!
ម្លិះ​៖ អត់​ទេ ! ខ្ញុំ​អត់​ឈប់​ទេ ! ខ្ញុំ​ទៅ​វិញ​ហើយ !
ម្លិះ​រត់​ចេញ​ទៅ​យ៉ាង​លឿន អរុណ​ស្ទុះ​តាម​ម្លិះ​លឿន​ពេក ទៅ​ជុល​នឹង​ទ្វា ប៉ះ​ចំ​ក្បាល​ដែល​រុំ​របួស​ស្រែក​អូយ យកដៃ​ក្តោប​ក្បាល ។
អរុណ​កំពុង​បរទេះ ក្បាល​នៅ​រុំ​របួស មាន វ៉ា​ន់ នឿ​ន កែម ជិះ​ក្នុងរ​ទះ​ជាមួយ ។ អរុណ​បរទេះ មុខ​ញ​ញឺ​ម  លេច​រូបភាព​ស្រមៃ ។

(​រូបភាព​ស្រមៃ​)
ពេល​អរុណ​លួច​មើល​ម្លិះ​នៅ​កន្លែង​លក់​សូត្រ​។ អា​រុណរ​វល់​តែ​ភ្លឹក​បរទេះ​វិះ​ធ្លាក់​ពី​ផ្លូវ​។ វ៉ា​ន់​ស្ទុះ​ទៅ​ចាប់​ទាញ​ខ្សែ​គោ​ពី​ដៃ​អរុណ​បរ​ឲ្យ​ត្រូវ​ផ្លូវ​វិញ ស្រែក​បណ្តើរ
វ៉ា​ន់​៖ អេ​ៗ! រវល់​តែ​គិតដល់​អូន​ម្លិះ​ហើយ​ហ្អី​! បានជា​បរទេះ​ធ្លាក់​ផ្លូវ​បែប​នេះ ! ឯង​ចង់​ឲ្យ​ពួក​យើង​បែកក្បាល​ដូច​ឯង​ដែរ​ឬ​យ៉ាងម៉េច​!
កែម​៖ តែ​អា​រុណ​គេ​បែកក្បាល​លើក​នេះ​ហេង​ទៅ​វិញ​ទេ​! មិនមែន​បែកក្បាល​ព្រោះ​ស៊យ​ឯណា ! បែកក្បាល​ប៉ុណ្ណឹង​តែ​បាន​ទទួល​ស្នាមញញឹម​ពី​អូន​ម្លិះ​! ប៉ុណ្ណឹង​ក៏​ចាត់​ទុក​ថា​រួច​ថ្លៃ​ដែរ​វ៉ើ​យ !

នឿ​ន​សើច
នឿ​ន​៖ មែនហើយ ! បើ​អា​រុណ​ប្រថុយ​បែកក្បាល​ពីរ​បី​កន្លែង​ទៀត ប្រហែលជា​បាន​ចម្លើយ​បេះដូង​ពី​អូន​ម្លិះ​បាត់​ទៅ​ហើយ ! ប៉ុណ្ណឹង​វា​នៅ​ស្ទើ​បន្តិច !

អរុណ​រុញ​ក្បាល​នឿ​ន និង កែម ជុល​គ្នា
អរុណ​៖ នែ ! កុំ​របៀប​តាម​ទាន់​ជាន់កែង​! ឃើញ​ឆ្កែ​ទាល់ច្រក​ហើយ កុំ​រុញ​ឆ្កែ​ឲ្យ​ទាល់ច្រក ប្រយ័ត្ន​ឆ្កែ​បក​ខាំ​វិញ​ចឹ​ង​នែ​!

កែម និង នឿ​ន ជុល​ក្បាល​គ្នា​ឈឺ​អង្អែល ស្រែក​រៀងខ្លួន
នឿ​ន​៖ យី ! លេង​ធ្ងន់​ដៃ​ម្លេះ​វ៉ើ​យ ! អា​រុណ ! ឯង​គិត​លេង​មែនទែន​ហ្អី​! ឈឺ​ណា​ដឹង​ទេ​! ក្បាលមនុស្ស មិនមែន​ក្បាលត្រឡោក​ទេ !
អរុណ​៖ អូ​! ឯង​ចេះ​ឈឺ​ដែរ ! យើង​ស្មាន​តែ​មិន​ចេះ​ទេ ! ចេះ​តែ​ខាង​រករឿង​បន្តុះបង្អាប់​គេ !

វ៉ា​ន់ ទាញ​អរុណ​ចេញ ខិត​មក​អង្គុយ​បរទេះ​ម្តង
វ៉ា​ន់​៖ អា​រុណ​គេ​បាន​ឱកាស​សារភាព​ហើយ​! ទោះជា​មាន​ចម្លើយ​ឬ​អត់ ! ក៏​វា​ធូ​ទ្រូង​ម្យ៉ាងដែរ​! នៅ​តែ​គ្នា​ទេ​! រក​ពេល​ជួប​អូន​កែវ​តទល់​មួយ​នឹង​មួយ​មិន​បាន​សោះ ! ពេល​ណា​ក៏​មាន​មនុស្ស​នៅ​អែអុក​! រកតែ​ឯង​ឆ្លៀតពេល​និយាយ​តិច​ក៏​មិន​បាន ចង់​ផ្អែមល្ហែម​រូ​ម៉េ​ន​ទិច​ក៏​មិនកើត ! មិនដឹង​ពេល​ណា​ទៅ ទើប​អូន​កែវ​គេ​អាច​ដឹង​ថា​បេះដូង​គ្នា​ត្រូវការ​អ្វី​នោះ!

កែម ទះ​ស្មា​វ៉ា​ន់
កែម​៖ ចាំ​គ្នា​ជួយ​រក​វិធី​ឲ្យ​ឯង​បាន​ជួបនឹង​អូន​កែវ ប៉ុន្តែ​ត្រូវ​មាន​ប្រាក់​សូកប៉ាន់​វ៉ើ​យ !

វ៉ា​ន់ ពែ​ប​មាត់
វ៉ា​ន់​៖ មិនបាច់​រក​វិធី​ជួយ​យើង​ទេ​! រក​វិធី​ជួយ​ខ្លួនឯង​ឲ្យ​តែ​បាន​ទៅ ! ឃើញ​តាម​នាង​ច័​ន្ទ្រ​ស្អិត​បេះ​មិន​ចេញ​ហើយ មិនឃើញ​បាន​ផល​ស្អី​ផង ! មក​ធ្វើ​ឯង​ជា​អ្នក​ចង់​ជួយ​ទៅ​វិញ ! ជួយ​តែ​ខ្លួនឯង​ឲ្យ​រួច​សិន​ទៅ ! អាសម្លាញ់ ! ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​នាង​ច័​ន្ទ្រ​យក​ជំ​ពាម​បាញ់​ក្បាល​ទៅ​បាន​ហើយ​!
កែម​៖ ឯង​កុំ​ចេះ​តែ​បន្ទោស​បង្អាប់​គ្នា​ឯង​នោះ​! អូន​ច័​ន្ទ្រ​មិនមែន​ជា​ស្រី​ដៃ​ឆៅ​ដៃ​ឆើត​ដូច​ឯង​និយាយ​ទេ​! ជាមួយ​គ្នា​គេ​ផ្អែមល្ហែម​ណាស់​! មាត់ឆៅ ដៃ​ឆៅ​តែ​ជាមួយ​ឯង​ហ្នឹង​! មក​ពី​ឯង​វា​មាត់ដាច​ដែរ សមតែ​នឹង​ត្រូវ​គេ​រករឿង​ចឹ​ង​ហើយ​! អូន​ច័​ន្ទ្រ​កាច តែ​កាច់​រើសមុខ​វ៉ើ​យ​! មិនមែន​កាច​ឆ្នាស់​ឥត​ក្បួន​ទេ !
វ៉ា​ន់​៖ អឺ​! អាហ្នឹង​ចាស់​ៗ​ចំណាំ​និយាយ​ថា​ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ​ហ្នឹងហើយ ! ឲ្យ​តែ​ស្រឡាញ់​ហើយ​អាក្រក់​យ៉ាងម៉េច​ក៏​មើលឃើញ​ល្អ​ទាំងអស់​ហ្នឹង ! ទុក​ឲ្យ​មើលឃើញ​ល្អ​តែ​ម្នាក់ឯង​ចុះ !
នឿ​ន​៖ អត់​ទេ​វ៉ើ​យ ! នៅ​មាន​អញ​ម្នាក់​ដែល​មើលឃើញ​អូន​ច្រ័​ន្ទ​ល្អ​! មិនមែន​មាន​តែ​អា​កែម​ទេ​! កុំ​ភ្លេចឈ្មោះ​អញ​ឲ្យ​សោះ !

(​នៅ​មាន​ត​)