Kone រកបានពីរគ្រាប់ដើម្បីជួយឲ្យ Sunderland ទម្លាក់ Newcastle និង Norwich

ក្រុម Newcastle United និង Norwich City ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ខណៈដែលក្រុម Sunderland បានបំពេញការគេចផុតពីតំបន់កាត់ចោលរបស់ពួកគេជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Everton។
sunderland
គ្រាប់បាល់បញ្ចូលទីពីរគ្រាប់របស់ខ្សែការពារ Lamine Kone នៃក្រុម Sunderland និងគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ទៀតពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់កីឡាករ Patrick van Aanholt បានធ្វើឲ្យក្រុមរបស់លោក Sam Allardyce នាំមុខ៤ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ខណៈដែលនៅសល់មួយប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល។ Norwich បានវិលទៅកាន់ក្របខ័ណ្ឌ Championship វិញ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ក្រោយពីឡើងទៅក្របខ័ណ្ឌកំពូល បើទោះបីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-២ លើក្រុម Watford ក៏ដោយ ខណៈដែលក្រុម Newcastle ដែលជាគូប្រជែងដ៏សំខាន់របស់ Sunderland នឹងត្រូវលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ជាលើកទីមួយបើគិតចាប់តាំងពីឆ្នាំ២០១០។

ក្នុងកិច្ចសម្ភាសមួយបន្ទាប់ពីបញ្ចប់ការប្រកួត លោក Allardyce បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាគឺជាឥរិយាបថរបស់កីឡាករដែលទទួលបានសម្ពាធ និងបង្ហាញពីទម្រង់លេងដ៏ល្អបែបនេះ។ នោះគឺជាអ្វីដែលបានកើតឡើងក្នុងការប្រកួត១០លើកចុងក្រោយ ដោយការចាញ់តែមួយលើកគត់។ វាពិតជារឿងដ៏អស្ចារ្យណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករ និងបុគ្គលិកទាំងអស់»។ វាគឺជារដូវកាលជាលើកទី៤ជាប់ៗគ្នាដែលក្រុម Sunderland ធ្វើបានយ៉ាងល្អនៅជិតបញ្ចប់រដូវកាលដើម្បីគេចផុតពីតំបន់កាត់ចោល ហើយជ័យជម្នះនេះ ធានាក្រុមមានមូលដ្ឋាននៅភាគឦសានមួយនេះ នឹងរក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសសម្រាប់រដូវកាលជាលើកទី១០ជាប់ៗគ្នា៕

ប្រភពព័ត៌មាន៖ Channel News Asia