គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ ខែឧសភា ​កើតឡើង​៨​លើក​ស្លាប់​៦​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ ខែឧសភា ​កើតឡើង​៨​លើក​ស្លាប់​៦​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក (​យប់ ២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី ១​នាក់​) រង​របួស​ធ្ងន់ ១២​នាក់ ( ស្រី ៣​នាក់ ) និង​របួសស្រាល ៣​នាក់ ( ស្រី ១​នាក់ )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៨​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់ ៣​នាក់​) ,​មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់ ៣​នាក់​) ,​និង​មិន​គោរព​សិទ្ធិ ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ ( យប់៤​នាក់ )។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក និង​ផ្លូវលំ​ចំនួន ២​លើក​ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ៣​លើក និង​រថយន្ត​ធុន​ធំ ២​លើក។ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តសៀមរាប ១​លើក ស្លាប់ ៣​នាក់ ( ស្រី ១​នាក់ ) របួស ៥​នាក់ ( ស្រី ២​នាក់ ) ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ២​នាក់ និង​ខេត្ត​បាត់ដំបង ១​លើក ស្លាប់ ១​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៥៤៦៩​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២២២១​គ្រឿង និង​ពិន័យ​សរុប ៣២៤៨​គ្រឿង៕