ម្សិលមិញ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​៥៥៤​ខ្នង របួស​មនុស្ស​៨​នាក់

ខេត្តកំពង់ចាម ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ ម្សិលមិញ មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ស្រោចស្រព​ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្ទឹង​ត្រង់ ស្រុក​ជើងព្រៃ និង​ស្រុក​បា​ធា​យ ដោយ​មាន​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ជា​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​៥៥៤​ខ្នង​រង​ការ​ខូចខាត ក្នុង​នោះ រលំ​បាក់​រាប​ដល់​ដី របើក​ដំបូល របើក​ជញ្ជាំង ព្រមទាំង​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ចំនួន​៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  ចំណែក​សាខា​កាកបាទក្រហម​ខេត្ត​ក៏​ត្រៀម​ចុះ​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ​ទាំងនោះ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​មក​លើ​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១​ឧសភា រយៈពេល​កន្លះ​ម៉ោង​ដោយ​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ជា​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦៤​ខ្នង​ត្រូវ​ដួល​រលំ​របួស​មនុស្ស​ចំនួន​៤​នាក់ ក្នុង​នោះ​ធ្ងន់​ម្នាក់ ត្រូវ​បាន​លោក​អភិបាលស្រុក​ស្ទឹង​ត្រង់​បញ្ជា​ឲ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​ស្រុក​ស្ទឹង​ត្រង់​ចេញ​ទៅ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ សម្រាប់​ទំហំ​នៃ​ការ​ខូចខាត​គេ​មិន​ទាន់​ដឹង​ថា  ជា​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ។

លោក​វរសេនីយ៍ទោ សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ បាន​ប្រាប់​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១១​ឧសភា មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ឃុំ​ចំនួន​៤ ក្នុង​នោះ​មាន ឃុំ​សណ្តែក ឃុំ​ត្រប់ ឃុំ​តាំងក្រសាំង និង​ឃុំ​ទំនប់ បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​តូច​ធំ​បាន​ដួល​រលំ​រង​ការ​ខូចខាត​សរុប​២៧៣​ខ្នង ដោយ​បាន​រលំ​រាប​ដល់​ដី​១៨​ខ្នង ធ្ងន់ធ្ងរ​២២​ខ្នង ស្រាល​២៣៣​ខ្នង ។ រហូត​មក​ដល់​ម៉ោង​៧ និង​៣០​នាទី​យប់ តាម​បណ្តា​ប៉ុស្តិ៍​នីមួយ​ៗ​បាន​រាយការណ៍​មក​បន្ត​ទៀត គឺ​ទាំង​៤​ឃុំ​បាន​ខូចខាត​កើន​ដល់​ដល់​ជិត​៥០០​ខ្នង​ផង​ដែរ ដោយ​បាន​បង្ក​ឲ្យ​របួស​មនុស្ស​៤​នាក់ ក្នុង​នោះ​ធ្ងន់​២​នាក់ ស្រាល​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​ខាងលើ រូប​លោក​សូម​ឲ្យ​អធិការ​នគរបាល​ស្រុក​បា​ធា​យ និង​ស្រុក​ស្ទឹង​ត្រង់ ត្រូវ​តែ​ត្រៀមកម្លាំង នា​ព្រឹក​ថ្ងៃ​ទី​១២​ឧសភា​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ គឺ​ឲ្យ​ចុះ​ទៅ​ជួល​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​រលំ​ផ្ទះ ។ ប្រសិនណាបើ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ ស្នើ​កម្លាំង​មក​រូប​លោក​នឹង​ចាត់​ឲ្យ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចុះ​ទៅ​ជួយ​សាងសង់​លំនៅ​ឋាន​ឡើង​វិញ ហើយ​ក៏​ត្រៀម​នូវ​លក្ខណៈសម្បត្តិ​គ្រប់​បែប​យ៉ាង ត្រៀម​ជួយ​ដល់​ពលរដ្ឋ​អ្នក​ក្រីក្រ​គ្មាន​ទីពឹង មិន​ប្រកាន់​និន្នាការ​ន​យោ​យ​បាយ​នោះ​ទេ ។

លោក យូ ស្រ៊ុ​ន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​គឺ​បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ រង​ការ​ខូចខាត​មាន​ចំនួន​៥៥៤​ខ្នង ក្នុង​នោះ​នៅ​ស្រុក​ជើងព្រៃ​៦​ខ្នង ស្រុក​ស្ទឹង​ត្រង់​៦៤​ខ្នង និង​ស្រុក​បា​ធា​យ​៤៨៤​ខ្នង ហើយ​រូប​លោក​នឹង​រៀបចំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​អ្នក​រង​គ្រោះ​ទាំងនោះ​ផង​ដែរ  ៕