សហរដ្ឋអាមេរិក គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​និង​សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​

​ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទៅលើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ របស់​ក្រុមមន្ត្រី​សង្គម​ស៊ីវិល ហើយ​មានការ​រិះគន់​ទៅលើ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ លោក ជេ រ៉ា​មែន​(Jay Raman) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​ស្ថានទូត​អាមេរិក មិន​ពាក់ព័ន្ធ​ទៅនឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នោះទេ ប៉ុន្តែ​សហរដ្ឋអាមេរិក គាំទ្រ​ជានិច្ច​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​សិទ្ធិ​ក្នុងការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​។ ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហេ​ដ ជួបពិភាក្សា​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​។

សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់វិធានការ​ទៅលើ​អ្នក​ស្លៀកពាក់​ពណ៌​ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ក្នុងនោះ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺមាន​ការវាយប្រហារ​ខ្លាំងៗ​ទៅលើ​ឯកអគ្គរដ្ឋទូត​អាមេរិក រហូត​មានការ​ចោទប្រកាន់ថា ជា​មេខ្លោង​នៃ​បដិវត្តន៍​ពណ៌​ខ្មៅ​ទៀតផង​។ ហេតុនេះហើយ​ទើប​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក អះអាង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ថា ស្ថានទូត​អាមេរិក​មិន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក​គាំទ្រ​ជានិច្ច​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​។

ជុំវិញ​បញ្ហា​ខាងលើនេះ គឺ​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ លោក វីល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​នៃ​បណ្ដា​ប្រទេស​មួយចំនួនទៀត រួមមាន​ជប៉ុន​ផងដែរ បាន​ជួបជុំ​ជាមួយ​សាច់ញាតិ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ នៅក្នុង​ឱកាស​នោះ​លោក វីល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​គាំទ្រ​សកម្មភាព​របស់​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ ហើយ​លើកទឹកចិត្ត​ក្រុមគ្រួសារ​សាច់ញាតិ​អ្នក​ជាប់ឃុំ កុំ​ឲ្យ​តក់ស្លុត​ចំពោះ​ស្ថានការណ៍​នៅពេលនេះ​។ ទន្ទឹមនឹង​នេះដែរ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នកច្បាប់​អន្តរជាតិ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ក្រុមអ្នកច្បាប់​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​៕

0D0A2A2E-C05D-4DE6-B985-709BD219769F_w900_r1_sលោក វីល្លៀម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា