ល្បែងភ្នាល់​ទឹកភ្លៀង​ត្រូវគេ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​នៅ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើក​លេងល្បែង​ភ្នាល់​ទឹកភ្លៀង​នោះ​មានឈ្មោះ តា​ល់ ត្រូវជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​តែម្តង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ចារ បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​សង្កាត់​អូរ​ចារ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​គឃ្លើន​នោះ គឺ​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ជា​មេខ្លោង​នៅ​ពីក្រោយ​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​សង្កាត់​អូរ​ចារ ផងដែរ​។ ដោយហេតុថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក យឹម វិចិត្រ ទេនោះ​គឺ​ឈ្មោះ តា​ល់ មិន​ហ៊ាន​បើក​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនត្រូវ​បណ្ដោយ​ឲ្យ​លោក យឹម វិចិត្រ និង​បក្ខពួក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​កំពុង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​បទល្មើស​ផ្សេងៗ​កើតឡើង​កាន់តែច្រើន​។

តាម​ការអះអាង​របស់​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កន្លងមក​លោកស្នងកា​រ ស ថេត ធ្លាប់មាន​គម្រោង​ដកហូត​លោក យឹម វិចិត្រ ចេញពី​តំណែង​អធិការនគរបាល​ក្រុង​បាត់ដំបង រួចទៅហើយ​។ ក៏ប៉ុន្តែ​ទំនងជា​នៅ​ស្ដាយ​លោក យឹម វិចិត្រ ដែលមាន​ជំនាញ​ខាង​រក​លាភសក្ការៈ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​ទើប​លោក ស ថេត រក្សាទុក​ឲ្យ​លោក យឹម វិចិត្រ បន្ត​កាន់តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង​យ៉ាង​ក្រអឺតក្រទម ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​លោក យឹម វិចិត្រ បាន​បើកដៃ​ឲ្យ​ប្អូនធម៌​របស់ខ្លួន​ឈ្មោះ តា​ល់ បើក​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​ទៀត​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ក្រុង​បាត់ដំបង​៕

12642800_463731920478570_4586952363976681214_nលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង imagesលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង