លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​

ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ឲ្យ​ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​លោក ឈាង តុលា នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។

កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ រថយន្ត​សាំ​យ៉ុង​១២​កៅអី​១​គ្រឿង​បាន​ក្រឡាប់​ច្រើន​ប្រ​ឡប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ហើយ​ធ្លាក់​ចេញ​ឈើ​ប្រណីត​ប្រភេទ​បេង​ជាច្រើន​កំណាត់​។ ដោយសារ​តែមាន​រថយន្ត​ដឹកឈើ​ប្រណីត​ក្រឡាប់​បែបនេះហើយ ទើប​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក៏ដូចជា​អភិបាលខេត្ត មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឡើយ ហើយ​ពួកគេ​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

មន្ត្រីរាជការ​នៅក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​រថយន្ត​សាំ​យ៉ុង ដឹកឈើ​បេង​ដែល​ក្រឡាប់​ជាច្រើន​ត្រឡប់​នោះ គឺជា​របស់​ឈ្មួញ​ឈ្មោះ ណាក់ ហើយ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​ស្ថាប័ន​ផ្សេងៗ​ទៀត​យ៉ាង​ជិតស្និទ្ធ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ឈ្មួញ​ឈ្មោះ ណាក់ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​ទើប​ឈ្មួញ​រូបនេះ អាច​យក​រថយន្ត​ផ្សេង​មក​លើក​ឈើ​ពី​រថយន្ត​ដែល​ក្រឡាប់ ហើយ​ដឹក​ចេញពី​កន្លែងកើតហេតុ​យ៉ាង​រលូន​តែម្តង​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្ត​នេះ បន្ត​កើតឡើង​ឥតឈប់ឈរ​៕

WAT-11052 WAT-11055 WAT-11051