មន្ត្រី​ជំនាញ​ក្នុង​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​កូ​ម៉ូ​លី ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ក្រុមហ៊ុន​កូ​ម៉ូ​លី ដែល​កំពុង​កាប់​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ប្រជា​សហគមន៍​ស្រុក​គូលែន បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​កូ​ម៉ូ​លី ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​អាជ្ញាធរ​ខេត្តព្រះវិហារ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាងនេះទៅទៀត​នៅពេលដែល​អ្នក​សារពត៌មាន និង​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល ព្យាយាម​ថត​យក​រូបភាព​ដឹកជញ្ជូន​ឈើ​ស្រាប់តែ​សមត្ថកិច្ច​ការពារ​ក្រុមហ៊ុន​កូ​ម៉ូ​លី ឃាត់ខ្លួន​យ៉ាង​កំរោល​ទៀតផង​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​គូលែន បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​ក្រុមហ៊ុន​កូ​ម៉ូ​លី កំពុង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ គឺ​នៅ​ចំណុច​ព្រៃ​សហគមន៍​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​បាន​ប្រទះឃើញ​រថយន្ត​ប​ង្គុ​ង​៤​គ្រឿង​ដឹកឈើ​ហ៊ុ​ប​ចេញពី​ព្រៃ​សហគមន៍​ចូលទៅក្នុង​បរិវេណ​ក្រុមហ៊ុន​កូ​ម៉ូ​លី ត្រង់ចំណុច​ព្រៃ​ចុង​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ មានការ​សង្ស័យថា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​បក្ខពួក ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​កូ​ម៉ូ​លី ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ ទន្ទ្រាន​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​យ៉ាង​មហន្តរាយ​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​គូលែន សុទ្ធតែ​ទទួលផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​កូ​ម៉ូ​លី​ជាប្រចាំ ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍​តាម​អំពើ​ចិត្ត​។ ហេតុនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ដើមឈើ​ធំៗ​ក្នុងព្រៃ​សហគមន៍​ឃុំ​គូលែន​ខាងជើង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ អាច​និយាយបានថា ទាល់តែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​ក្រុមហ៊ុន​កូ​ម៉ូ​លី ហ៊ាន​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍ ហើយ​សមត្ថកិច្ច​ក្នុងស្រុក​គូលែន បែរជា​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​កូ​ម៉ូ​លី យ៉ាង​គឃ្លើន​តែម្តង​៕

b-timber2-500x372 b-timber-500x424 b-timber1-500x300