​ការយាយី លោក កឹម សុខា មិនមែន​ទើប​កើតឡើង​នៅពេលនេះ​ទេ គឺ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៣

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថ្មីៗ​នេះ​ថា ការយាយី​តាម​រូបភាព​ផ្សេងៗ​មកលើ​រូបលោក​ពី​សំណាក់​គូបដិបក្ខ​ផ្សេងៗ​មិនមែន​ទើបតែ​កើតឡើង​នៅពេលនេះ​ទេ ព្រោះ​ចាប់តាំងពី​ទសវត្សរ៍​ទី​៩០​មក ជីវិត​នយោបាយ​របស់​លោក​មិនដែល​រួចផុត​ពី​ការ​ឆាឆៅ​របស់​គូប្រកួត​ឡើយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា មូល​ហេតុដែល​គូបដិបក្ខ​ព្យាយាម​តា​មក​រុក​ទន្ទ្រាន​ជីវិត​នយោបាយ​របស់លោក​ដូច្នេះ ដោយសារតែ​លោក​បាន​ឈរលើ​គោលជំហរ​ការពារ​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​ដែល​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​អ្នក​តាម​យាយី​។​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​កណ្តាល នា​ថ្ងៃទី​១១ ឧសភា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​រហូតមក​ដល់​បច្ចុប្បន្ននេះ លោក​នៅតែ​រង​សម្ពាធ​និង​ការ​ព្យាបាទ​ពី​អ្នកដទៃ ដើម្បី​បំបាក់​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ ហើយ​ដោយសារតែ​ចង់​បញ្ឈប់​ជីវិត​នយោបាយ​របស់លោក​គូប្រជែង​បាន​ចំណាយ​ប្រាក់ និង​កម្លាំង​មនុស្ស​អស់​ជាច្រើន​។​

​លោក កឹម សុខា បាន​បញ្ជាក់ថា លោក​បាន​ឲ្យ​គេ​សរសេរ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​រូបលោក​តាំងពី​ធ្វើ​នយោបាយ ពី​ឆ្នាំ​១៩៩៣ មក​។ គេ​រករឿង​លោក​រហូត ហើយ​រឿង​ហ្នឹង​មាន​ចងក្រង​ជា​សៀវភៅ​ទុក​។ អ្នកខ្លះ​ថា ម្តេចក៏​គេ ចំណាយ​ពេលវេលា ចំណាយ​ស្ថាប័ន ចំណាយលុយ ចំណាយ​មនុស្ស​ច្រើនណាស់ មកលើ​រឿង​បុគ្គល​លោក​ម្នាក់​។ ចំពោះមុខ​ចម្ងល់​នេះ លោក កឹម សុខា ដែលជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា បើជា​រឿង​របស់លោក​តែ​ម្នាក់ ប្រហែលជា​គេ​មិនចាំបាច់​ធ្វើ​ដល់​ប៉ុណ្ណឹង​ទេ​។ តែ​រឿង កឹម សុខា នេះ​គឺជា​រឿង​ជាតិ ព្រោះ កឹម សុខា ឈរ​ដើម្បី​ជាតិ​។ ដូច្នេះ​ដើម្បី​គាស់​ជាតិ​ហ្នឹង​មួយ វា​ត្រូវ​ទើស កឹម សុខា ហ្នឹង​បាំង​មុខ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លោក​ហាក់ដូច​ស៊ាំ​ទៅហើយ ចំពោះ​ទិដ្ឋភាព​នៃ​ការយាយី​បែបនេះ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​លោក កាន់តែ​រឹងមាំ និង​តស៊ូ​ទៅវិញ ដើម្បី​គណបក្ស​ស​ង្រោះ​ជាតិ សម្រេច​គោលដៅ​ក្នុងការ​ដឹកនាំ​ប្រទេស​នៅពេល​ខាងមុខ​៕

13221032_1356885140995448_4070227018339065502_n 13226861_1356764631007499_8525701730636247740_n