មន្ត្រី​ក្រសួង​វប្បធម៌ ព្រមានតារា​ស្រី ដេ​នី ខ្វាន់ រឿង​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​

​រាជធានី​ភ្នំពេញ : ការ​ស្លៀកពាក់​បែប​លេច​លើ​ខើច​ក្រោម​របស់​តារា​សិច​ស៊ី ដេ​នី ខ្វាន់ បាន​ក្លាយជា​ប្រធានបទ​មួយ​យ៉ាង​កក្រើក​សម្រាប់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​សម័យថ្មី​។ ក្រោយ​ការរិះគន់​យ៉ាងខ្លាំង​ពី​ការ​ស្លៀកពាក់​របស់​នាង មន្ត្រី​ក្រសួង​វប្បធម៌​បាន​ថ្លែង​ចេញ​នូវ​ពាក្យសម្តី​ធ្ងន់ៗ​ទៅកាន់​តារា​សម្តែង​ទើប​លេចមុខ​នេះ​ឲ្យ​កែ​ទម្លាប់​ក្នុងការ​ស្លៀកពាក់​ចេញ​។ ដេ​នី ខ្វាន់ ត្រូវបាន​អ្នកលេង​បណ្តាញ​ទំនាក់ទំណង​សង្គម​ជាច្រើន​ចេញមុខ​រិះគន់​មិន​សំចៃមាត់ ក្រោយពី​នាង​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​ស្ទើរតែ​មានតែ​ស្បៃ​គ្រប់​បិទបាំង​រាងកាយ​ក្នុង​ពិធី​ខួបកំណើត​របស់​ប្អូនប្រុស​នាង​។

មន្ត្រី​ក្រសួង​វប្បធម៌ ព្រមានតារា​ស្រី ដេ​នី ខ្វាន់ រឿង​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​

គេ​កាន់តែ​រិះគន់​បន្ថែមទៀត​ក្រោយពី​តារា​ស្រី​រូបនេះ មិន​ព្រម​កែ​ទម្លាប់​ក្នុងការ​ស្លៀកពាក់ ហើយ​បែរជា​ងាក​មក​បន្ថែម​ខ្សែ​វីដេអូ​ខ្លី​រិះគន់​តិះដៀល​មហាជន​វិញ​នោះ​។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌​បានស្នើ​ទៅកាន់​សិល្បករ​ពិសេស​តារា​សម្តែង​ទើប​លេចមុខ ដេ​នី ខ្វាន់ ឲ្យ​កែ​ទម្លាប់​ក្នុងការ​ស្លៀកពាក់​មុនពេល​ក្រសួង​ចេញ​វិធានការ​ណាមួយ​នៅពេល​ខាងមុខ​។ ឆ្លើយតប​ទៅនឹង​ការរិះគន់​ដេ​នី ខ្វាន់ ថែមទាំង​ចំអក​តិះដៀល​ទៅកាន់​មហាជន​ដែល​ចេញមុខ​រិះគន់​នាង​ថា មានចិត្ត​ចង្អៀតចង្អល់​ពេក និង​ជាម​នុស្ស​ដែល​ខ្វះ​ការពិចារណា​ទៅវិញ​។ អ្នក​រិះគន់​ជាច្រើន​បានស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចេញ​គោលការណ៍ ឬ​កោះហៅ​តារា​សម្តែង​រូបនេះ ទៅ​ដុល​ក្អែល​ចេញ​ឲ្យ​ចំៗ​មុខ ក្រោយពី​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ទើបនឹង​ចេញ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​។​


​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នេះ កើតមានឡើង​ក្រោយពី​តារា​សម្តែង​សិច​ស៊ី នាង ដេ​នី ខ្វាន់ ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​ក្នុង​ពិធី​ខួបកំណើត​ប្អូនប្រុស​នាង កាលពី​ចុង​សប្តាហ៍​មុន​។ លោក ថៃ​នរៈ សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានបញ្ជាក់​ថា សិល្បករ​គួរតែ​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង​គួរ​តុបតែង​ខ្លួន​ឲ្យ​សក្តិសម​ទៅនឹង​ពេលវេលា​ទីកន្លែង គឺ​កុំ​ហួសហេតុ​ពេក​ដែល​នាំ​ឲ្យ​លេចចេញ​ការរិះគន់​ធ្ងន់ធ្ងរ​។ លោក​រដ្ឋលេខាធិការ​ទទួល​ស្គាល់​ថា សិល្បករ​តែងតែ​រក​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ប៉ុន្តែ​មិនមែន​មានតែ​ការ​ស្លៀកពាក់​បែប​លេច​លើ​ខើច​ក្រោម​តែមួយ​មុខ​ទេ ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ គ្រាន់តែ​ការ​ស្លៀកពាក់​បែប​សមរម្យ​វា គឺជា​សោ​ភ័​ណ្ឌ​ភាព​មួយ​បាត់ទៅហើយ មិនមែន​មានតែ​ការ​ស្លៀកពាក់​បែប​របូតរលូត​នោះទេ​។ លោក​បន្តថា មនុស្ស​គ្រប់រូប មិនថាតែ​សិល្បករ​សុទ្ធ​ទេ រូបរាង​មាន​ខាងក្នុង​និង​ខាងក្រៅ​មាន​កិត្តិយស​មាន​កេរ្តិ៍​មាន​ខ្មាស ប៉ុន្តែ​គួរ​កម្រិត​ឲ្យ​ច្បាស់​ខ្លួនឯង​ថា គួរ​មាន​កម្រិតណា​។​


​មន្ត្រី​ក្រសួង​វប្បធម៌​រូបនេះ​បញ្ជាក់ដែរថា​សិល្បករ​ម្នាក់ៗ​គួរតែ​យល់ថា​សម្រស់​កិត្តិយស​វា​នឹងមិន​អណ្តែត​ដោយសារតែ​ការ​ស្លៀកពាក់​សិច​ស៊ី ឬ​រឿងអាស្រូវ​ទេវា​នឹង​ជាន់ពន្លិច​កេរ​ឈ្មោះ​ខ្លួនឯង​ទៅវិញ​ទេ​។​


​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​តារា​ស្រី ដេ​នី ខ្វាន់ ដែលថា​ការ​ស្លៀកពាក់​របស់​នាង​មិនមែន​ជាការ​ស្លៀកពាក់​ឡើង​ឆាក​នោះ​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់​ដែរ​ថា មិនថាតែ​លើ​ឆាក​ទេ​បច្ចុប្បន្ន​ទីណា គឺមាន​ទូរទស្សន៍​កាសែត​ទស្សនា​វ​ដ្តី​ដែរ​ដែល​លោក​សំដៅថា មនុស្ស​គ្រប់គ្នា​មាន​ទូរ​សព្ទ​ហើយ​នាង​បង្ហាញខ្លួន​ជា​សារ​ធារ​ណៈ​នៅក្នុង​ពិធី​មួយ ដូចនេះ​គេ​កាន់តែ​ប្រុង​ប្រ​យ​ត្ន​ជាង​ការសម្តែង​លើ​ឆាក​ទៅវិញ​ទេ​។ លោក​លើកឡើង​ដែរ​ថា បើ​មិន​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ​លុះត្រាតែ​នាង​ស្លៀកពាក់​ហើយ​ស្ថិតនៅក្នុង​បន្ទប់​តែម្នាក់ឯង​មិន​ចេញ​ដើរ​នៅ​ផ្លូវ​សាធារណៈ​។​


​ទោះជា​យ៉ាងណា តារា​សម្តែង​ដេ​នី​ខ្វាន់​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ជុំវិញ​ការព្រមាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើ​នៅឡើយ​ទេ ដោយសារតែ​ទូរ​សព្ទ​របស់​នាង​ត្រូវបាន​ប្អូនប្រុស​នាង​លោក គឹម សាន្ត លើក ហើយ​បញ្ជាក់ថា​បងស្រី​លោក​បាន​ដូរ​លេខ​ទូរ​សព្ទ ហើយ​កាលពី​ថ្មីៗ​នេះហើយ​លោក​ក៏​មិនបាន​ស្គាល់​ពី​លេខ​ទូរ​សព្ទ​ថ្មី​នោះដែរ។​


​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ការព្រមាន​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ខាងលើ នឹងមាន​ឥទ្ធិពល​កម្រិតណា​ចំពោះ​តារា​សម្តែង ដេ​នី ខ្វាន់​នោះដែរ​។ លោក ថៃ នរៈ​សត្យា លើកឡើងថា ក្រសួង​នៅ​មិនទាន់​ចេញ​នូវ​វិធានការ​ជាក់លាក់​បន្ថែម​ថ្មី​ពីលើ​សេចក្តីជូនដំណឹង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​នៅឡើយ​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បញ្ជាក់ថា ក្រសួង​ចង់​ឲ្យ​សិល្បករ​ព្យាយាម​កែ​ទម្លាប់​ដោយ​ខ្លួនឯង​គឺមាន​តែ​វិធានការ​ថ្នាក់ថ្នម​ដោយ​យល់ ថា ជា​ខ្មែរ​ដូចគ្នា​ស្ថិតក្រោម​ឆត្រ​របស់ ក្រសួង​វប្បធម៌​ដែល​ដូចជា​ឪពុកម្តាយ មិនអាច​ខុស​ដៃ​យកដៃ​ខុស​ជើង​យក​ជើង នោះទេ​គឺ​ចង់​ណែនាំ​ឲ្យ​អស់​លទ្ធភាព ប៉ុន្តែ ក្រសួង​ក៏​នឹងមាន​វិធានការ​ផ្សេង​ពីនេះ ប្រសិនបើ​ការណែនាំ​របស់​ក្រសួង​មិនមាន ការយកចិត្តទុកដាក់​ពី​សំណាក់​សិល្បករ​នោះ​៕

 មន្ត្រី​ក្រសួង​វប្បធម៌ ព្រមានតារា​ស្រី ដេ​នី ខ្វាន់ រឿង​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​