សម្ដេច ហ៊ុន សែន ឯកភាព​ប​ញ្ជូ​ល​គ្រូពេទ្យ​ជាប់កិច្ចសន្យា​ជាង ៣ពាន់​នាក់​ចូល​ក្របខណ្ឌ​រដ្ឋ

ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់​គ្រូពេទ្យ​ជាប់កិច្ចសន្យា​សរុប​ចំនួន ៣៨៦៩ នាក់ ចូលក្នុង​ក្របខណ្ឌ​រដ្ឋ ឆ្នាំ២០១៦នេះ ដើម្បី​ជួយ​សម្រួល​លទ្ធភាព​គ្រូពេទ្យ​មុនពេល​ពួកគេ​ចូលនិវត្តន៍។ នាយករដ្ឋមន្ត្រី ប​ន្ដែ​ម​ថា គ្រូពេទ្យ​ដែល​ហួស​អាយុ​ហើយ នៅតែ​ជា​ក្របខណ្ឌ​បុគ្គលិក​អណ្តែត បុគ្គលិក​ជាប់កិច្ចសន្យា​នោះ លោក​ឯកភាព​ដាក់​ឲ្យ​ចូល​ទៅជា​បុគ្គលិក​រដ្ឋ​ក្នុង​ឆ្នាំ ២០១៦នេះ​រួចហើយ​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ IIC នៅ​ថ្ងៃទី១២ ឧសភា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ថ្ងៃមុន មុខងារសាធារណៈ​បាន​បញ្ជូនមក​ឲ្យ​ខ្ញុំ ចំនួន ៣៨៦៩នាក់ បានសេចក្តីថា​ឲ្យ​យក​ពីរ​ឆ្នាំ តែ​ខ្ញុំ​ថា ឲ្យ​យកតែ​មួយឆ្នាំ​បាន​ហើយ ព្រោះ​អ្នក​ទាំងអស់​កំពុងស៊ី​ប្រាក់​ខែ​រដ្ឋ​ស្រាប់​ហ្នឹង។ ថែម​តែ​តិច​តើ មិនជា​ច្រើន​ទេ ព្រោះ​បើ​យើង​ធ្វើ​ពីរ​ឆ្នាំ អាច​នឹងមាន​អ្នក​ចូល​បាន​មុន​សប្បាយចិត្ត អ្នក​ចូល​ក្រោយ​មិន​សប្បាយចិត្ត ដូចនេះ​ទៅ​តែ​មួយដង​តែម្តងទៅ វា​មិន​សម្ពាធ​ថវិកា​ប៉ុន្មាន​ទេ»។

បើតាម​សម្តេច ហ៊ុន សែន ការសម្រេច​តាម​សំណើ​គ្រូពេទ្យ​នេះ ក្នុង​គោលបំណង​ជួយ​សម្រួល​លទ្ធភាព​គ្រូពេទ្យ​ដែល​ជាប់កិច្ចសន្យា​ច្រើន​ឆ្នាំ​ហើយ ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់ឧបត្ថម្ភ នៅពេល​ពួកគេ​ចូលនិវត្តន៍។ ក្រៅពី​មន្ត្រីរាជការ​ស៊ីវិល មាន​ចំនួន១៩ម៉ឺន​នាក់ ក្នុងនោះ មាន គ្រូបង្រៀន​ជាង ១១ម៉ឺន​នាក់ និង​ពេទ្យ​គ្រូ​ជាង ៣ម៉ឺន​នាក់។

គួរបញ្ជាក់​ផងដែរ ការប្រកាស​ដាក់​គ្រូពេទ្យ​ជាប់កិច្ចសន្យា នៅថ្ងៃនេះ ធ្វើឡើង​ក្រោយពី​សម្តេច បានប្រកាស​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងសុខាភិបាល​ដាក់​គ្រូពេទ្យ​ជំនាញ​ចូល​ក្របខណ្ឌ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ​ផងដែរ កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កន្លងមក នា​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល ដើម្បី​កាត់បន្ថយ​ប្រជាពលរដ្ឋ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស៕