ពលករ​ខ្មែរ​រងគ្រោះ​ចំនួន ៥៤​នាក់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី នឹងធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​

ភ្នំពេញ:
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយដឹង​នៅ​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ ២០១៦ ថា តាម​របាយការណ៍​បន្ថែ​ម​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួលបាន​ពី ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង នីតិវិធី​ដែល​ស្ថានទូត បាននិងកំពុង​អនុវត្ត ក្នុងការ​រៀបចំ មាតុភូមិនិវត្តន៍​រប​ស់​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន ៥៤​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​រក្សាទុក​នៅ​កោះ Pontianak ប្រទេស​ឥណ្ឌូណេស៊ី​នោះ បានអោយដឹងថា​៖ ស្ថានទូត​បានបញ្ចប់​ការងារ​ជាមួយ​អង្គការ​អន្តរជាតិ ទេស​ន្ត​ប្រវេសន៍ (IOM) ដោយ​អង្គការ​បានទទួល​ស្គាល់​ថា​ពលករ​ខ្មែរ​ទាំង​៥៤​នាក់ ជា​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ទៅធ្វើ​ការ ខុសច្បាប់​។

IOM នឹង​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​អោយ​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​៥៤​នាក់ បន្ទាប់ពី​ការិយាល័យ​អន្តោប្រវេសន៍​ឥណ្ឌូណេស៊ី ចេញ​លិខិតអនុញ្ញាត​។​

​លោក ជុំ សុន្ទរី បន្តថា ស្ថានទូត​កំពុង​ទំនាក់ទំនង​ស្នើសុំ​លិខិតអនុញ្ញាត (Exit Permit) ពី​ការិយាល័យ​អន្តោប្រវេសន៍ ឥណ្ឌូណេស៊ី ដើម្បីអោយ ពលករ ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ស្របច្បាប់​។ បន្ទាប់មក​ស្ថានទូត​នឹង​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន ដល់​ពលករ​ទាំង​៥៤​នាក់ សំរាប់ ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា​វិញ​។ ការងារ​ទាំងអស់នេះ នឹងត្រូវ​ចំណាយពេល​ប្រមាណ​២-៣ សប្ដាហ៍​៕​