​លោក ប៉ុល ហំ​ម ដឹកនាំ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ប្រជុំ​ពិនិត្យ​សិក្សា​លើ​កិច្ច ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ហុង​គ្រី​

លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ថ្មីៗ​នេះ​បាន​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ជួបពិភាក្សា​ដើម្បី​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​របស់​ប្រទេស​ទាំងពីរ​។​

​នា​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ទាំងពីរ​ខាងលើ បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​នៅលើ​សេចក្តីព្រាងច្បាប់ តាម​នីតិវិធី និង​បានសម្រេច​អញ្ជើញ​តំណាង​រាជរដ្ឋាភិបាល មក​ឆ្លើយបំភ្លឺ​លើ​ចំណុច​មួយចំនួន មុន​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​សម្រេច បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ នាពេលខាងមុខ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ខាងលើនេះ​មាន ១៤​មាត្រា​ដែល​បានបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ ទាក់ទង​នឹង​ការធានា​របស់​ភាគី​ម្ខាងៗ​ចំពោះ​ការវិនិយោគ​លើ​ទឹកដី​របស់ខ្លួន​នូវ​ការផ្តល់​ប្រព្រឹត្តិកម្ម​ដោយ​ស្មើភាព​គ្នា​ចំពោះ​ការវិនិយោគ​នៃ​ភាគី​ទាំងសងខាង និង​គ្មាន​ការរើសអើង ការមិនធ្វើ​ជាតូបនីយកម្ម ឬ​អស្សាមិក​ករ​ណ៍​នូវ​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគ ការផ្តល់​ការអនុគ្រោះ​ស្មើភាព លើកលែងតែ​ជា​ប្រព្រឹត្តិកម្ម​ដែល​ភាគី​ជា​ម្ចាស់ផ្ទះ​មាន​ដោយឡែក​ទាក់ទង​ទៅនឹង​កិច្ចព្រមព្រៀង​សហព័ន្ធ​គយ តំបន់​សេដ្ឋកិច្ច​សេរី កិច្ចព្រមព្រៀង​សហព័ន្ធ​ហិរញ្ញវត្ថុ ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ​ទាក់ទង​ដល់​កិច្ចការ​សារពើពន្ធ​។​

​គួរ​បញ្ជាក់ថា តាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល ដែល​ផ្ញើជូន​រដ្ឋសភា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​ពិតជា​នឹង​បោះជំហាន​ថ្មី​មួយទៀត​ក្នុងការ​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជា​មិត្ត តាមរយៈ​ការបង្កើត​ជំនឿ​ទុកចិត្ត​ពី​សំណាក់​វិនិយោគ​ហុង​គ្រី​។

13102859_771688949599115_958161384521512023_n 13220815_771688862932457_3560004141484743392_n