បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ កំពុង​កើតឡើង​យ៉ាង​រាលដាល​

មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​កាប់​គាស់ ឈូសឆាយ បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានកើត​ឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែលមាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹកបាន​ឲ្យ​ដឹងថា ការដែល​ក្រុម​ជនល្មើស​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។ ជុំវិញ​ការបំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នេះ គឺ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មិនអាច​ទប់ស្កាត់​បានឡើយ ព្រោះ​អ្នកប្រព្រឹត្ត​បទល្មើស​មាន​ខ្នងបង្អែក​ចាំ​ការពារ​ពួកគេ​ទៀតផង​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ព្រះ​គគីរ បាន​ឲ្យ​ដឹងថា ដើមឈើ​ធំៗ​ដែលជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ជាច្រើន​ហិកតា​ត្រូវបាន​គេ​បំផ្លាញ​ដោយ​ប្រើ​រណារ​អារ​រំលំ និង​ប្រើ​ពូថៅ​កាប់រំលំ ហើយ​ដុត​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ បទល្មើស​បានកើត​ឡើង​យ៉ាង​រាលដាល​តាំងពី​ចុងខែ​មេសា រហូតដល់​ដើមខែ​ឧសភា ហើយ​ព្រៃ​លិច​ទឹក​ប្រមាណ​ជាង​១០​ហិកតា​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​កំពង់ព្រះ​គគីរ ក៏ដូចជា​អភិបាលស្រុក​ប​រី​បូ​រណ៍ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងស្រុក​បរិបូរណ៍ បើទោះបី​ប្រជាពលរដ្ឋ​រាយការណ៍​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជាង​១០​ហិកតា​ត្រូវគេ​បំផ្លាញ​ឲ្យ​រលាយ​។ មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ផងដែរ​ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក ទើប​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ឃុំ​ព្រែក​ស្ពាន​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទ​ប​ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា បើ​មិន​ដូច្នេះ​ទេ​ព្រៃ​លិច​ទឹក​ដែលមាន​ដើមឈើ​ធំៗ​ក្នុង​តំបន់​៣​នៃ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ចៀស​មិន​ផុតពី​រលាយ​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ​៕

KA-11-05-2016-20 KA-11-05-2016-19 KA-11-05-2016-15