ស្ថាប័ន​ណា​ទទួលខុសត្រូវ​រឿង​ឈ្មួញ​នាំចូល​ឱសថ​ក្លែងក្លាយ​និង​ខូចគុណភាព​មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​?

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កំពុង​រង​ការរិះគន់​ពី​រឿង​គ្មាន​សមត្ថភាព​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា មាន​ភាព​រីកចម្រើន​ប្រសើរ​ជាង​មុន ហើយ​អាច​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ ផ្ទុយទៅវិញ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ដូចដែល​គេហទំព័រ​និង​សារព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​សាធារណៈ​រួម​មកហើយ​។ សូម្បីតែ​ករណី​ឈ្មួញ​ខិលខូច​នាំចូល​ឱសថ​ក្លែងក្លាយ ឱសថ​ខូចគុណភាព និង​ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ក៏​លោក ម៉ម ប៊ុនហេង គ្មាន​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

កន្លងមក​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ ឱសថ​ខូចគុណភាព ឱសថ​ខុសច្បាប់ ដែល​ឈ្មួញ​ទុច្ចរិត​នាំចូល​មក​ចែកចាយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ ក៏ប៉ុន្តែ​ការបង្ក្រាប​នោះ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ការដែល​ឈ្មួញ​ទុច្ចរិត​អាច​នាំចូល​ឱសថ​ដូច​ខាងលើនេះ​យកមក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ គឺមាន​ការពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​តាម​ច្រកព្រំដែន ច្រក​ព្រលានយន្តហោះ និង​ច្រករបៀង​ជាដើម ជាពិសេស​មកពី​ក្រសួងសុខាភិបាល មិនបាន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​ដិតដល់​ទៅលើ​ឱសថស្ថាន​ឬ​កន្លែង​លក់​ថ្នាំពេទ្យ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​។ ប្រសិនបើ​ក្រសួងសុខាភិបាល យកចិត្តទុកដាក់​បំពេ​ញ​តួនាទី​របស់ខ្លួន គឺ​ឈ្មួញ​មិនអាច​នាំចូល​ឱសថ​ទាំង​នោះមក​ចែកចាយ​លក់ដូរ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានឡើយ ហើយ​ប្រាកដជា​មានការ​វែកមុខ​ឈ្មួញ​ខិលខូច​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។

អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​បច្ចុប្បន្ន​នៅតាម​គ្លីនិក​ឯកជន និង​កន្លែង​ព្យាបាល​ជំងឺ​មួយចំនួន មានការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ ឱសថ​ខូចគុណភាព និង​ឱសថ​ហួស​កាលកំណត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​អ្នកជំងឺ​។ បញ្ហា​នេះ​លោក ម៉ម ប៊ុនហេង ដែលជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ទៅលើ​ករណី​ឈ្មួញ​នាំចូល​ឱសថ​ខុសច្បាប់ ឱសថ​ក្លែងក្លាយ ហើយ​នៅតាម​ឱសថស្ថាន​និង​គ្លីនិក​នានា ក៏​ក្រសួងសុខាភិបាល គួរ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​នៅ​ឱសថ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​ឱសថ​ក្លែងក្លាយ ឱសថ​ខុសច្បាប់ និង​ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ នៅតែ​ហូរ​ចូល​ប្រទេស​កម្ពុជា​យ៉ាង​ពេញបន្ទុក ហើយ​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែខ្លាំង​ថែមទៀត​ជាមិនខាន​៕

4989652-3x2-700x467_0 51 312814396_1564736823840683_4979729759703519068_nលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល