ស្តេច​ប្រដាល់ Manny Pacquiao ត្រៀម​ចូលកាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​

​បើទោះបីជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ ផ្ទៀងផ្ទាត់​ជាមួយនឹង​លទ្ធផល​របស់​ក្រុម អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ហ្វីលីពីន បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា ស្តេច​ប្រដាល់ Manny Pacquiao បាន​សង្គ្រោះ​កៅអី​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​បាន​ហើយ​។

​យោងតាម​លទ្ធផល​មិន​ផ្លូវ​ការដែល​ផ្សាយ​ផ្ទាល់​ពី​ការរាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ហ្វីលីពីន​របស់​សារព័ត៌មាន Rappler នៅត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ លោក Manny Pacquiao ទទួលបាន​សំឡេង គាំទ្រ​សរុប​ប្រមាណ​ជាង ១៥ លាន​នៃ​ចំនួន​សន្លឹកឆ្នោត​ដែល​បាន​រាប់​ហើយ​៩៥.៧៣​ភាគរយ​។

​សំឡេងគាំទ្រ​ដ៏​ច្រើន​លើសលប់ បានធ្វើ​ឲ្យ​ស្តេច​ប្រដា​ល់វ័យ​៣៧​ឆ្នាំ​រូបនោះ ស្ថិតនៅក្នុង​លំដាប់​ទី​៧ នៃ​ចំណោម​បេក្ខជន​ប្រជែង​សមាជិក​ព្រឹទ្ធសភា​សរុប​៥០​រូប​។ តែ​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ មានតែ​បេក្ខជន​១២​រូប​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ប៉ុណ្ណោះ​ដែល​អាច​ចូលកាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​បាន​។

​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ព្រឹទ្ធសភា​ហ្វីលីពីន ( ) សមាជិក​១២​រូប ត្រូវ​ជ្រើសរើស​រៀងរាល់​បី​ឆ្នាំ​ម្តង ។ ក្នុង​តំណែង​សមាជិក​ព្រឹទ្ធសភា មាន​អាណត្តិ​រយៈ ពេល​៦​ឆ្នាំ​៕