ភាគី​កម្ពុជា​នឹង​ស្នើ​ភាគី​ថៃ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ដោះស្រាយ​រឿង​«​ដី​ខ្មែរ​ស្រែ​ថៃ​»​បញ្ចប់ទំនាស់

ភាគី​កម្ពុជា​នឹង​ស្នើ​ភាគី​ថៃ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ដោះស្រាយ​រឿង​«​ដី​ខ្មែរ​ស្រែ​ថៃ​»​បញ្ចប់ទំនាស់



ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ព្រំដែន​កម្ពុជា​-​ថៃ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣​រឿង «​ដី​ខ្មែរ ស្រែ​ថៃ​» ត្រូវ​បាន​មេបញ្ជាការ​រង​កងទ័ពជើងគោក និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​របស់​គណៈកម្មការ​ព្រំដែន​ថ្នាក់​ភូមិភាគ​លើក​ទី២៤ ដែល​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ឧសភា នៅ​សាល​ប្រជុំ​ខេត្ត ។

លោក​ឧត្ដមសេនីយ៍ ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក  និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​បាន​មាន​ប្រសាសន៍​លើក​ឡើង​៤​ចំណុច​មាន ៖

  1. -​ទំនាស់​រឿង​ដី​ខ្មែរ ស្រែ​ថៃ នៅ​ចំណុច​បង្គោលព្រំ​ដែល​លេខ​៤៣ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ
  2. -​ក្រុមហ៊ុន សំ​ផាត់ រិ​ទ្ធ សុំ​អភិវឌ្ឍន៍​បើក​ច្រក​តំបន់​ព្រំដែន ដែល​មាន​ទំនាស់​នេះ
  3. -​ខេត្ត​សុំ​បើក​ច្រក​ចំនួន​២​គឺ ច្រក​ចំការ​គ ស្ថិត​ក្នុងស្រុក​ស្វាយចេក និង​ច្រក​ធ្នង់ ក្នុងស្រុក​ថ្មពួក
  4. -​សុំ​ដោះ​មីន​នៅ​បង្គោល​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៣០ ដល់​៣១​ចំណុច​តា​ម៉ាំង ស្រុក​ថ្មពួក ។

លោក​បាន​បញ្ជាក់​ថា បញ្ហា​៤​ចំណុច​ដែល​ត្រូវ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​របស់​គណៈកម្មការ​ព្រំដែន​ថ្នាក់​យោធភូមិ​ទី​៦ និង​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​លើ​ទី​២៤ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៦ ឧសភា នៅ​ខេត្តសៀមរាប ។ តាម​ការ​ស្នើ​ដាក់​ក្នុង​កិច្ចប្រជុំ​នេះ អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ត្រៀម​ដាក់​របាយការណ៍​ទៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​៥ លើក​ទី​២៤​នេះ ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រសាសន៍​ថា ក្នុង​កិច្ចប្រជុំ​នេះ ខាង​ភាគី​កម្ពុជា​បាន​លើកយក​៤​ចំណុច ដើម្បី​ស្នើ​ទៅ​ភាគី​ថៃ​ដើម្បី​ដោះស្រាយ ដែល​ចំណុច ៖
​ទី​១-​បញ្ហា​ទំនាស់​ដី​ខ្មែរ​ស្រែ​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣ ក្នុងស្រុក​អូរ​ជ្រៅ ដែល​ដី​ទំនាស់​នេះ​មាន​ប្រមាណ​១០​ហិ​កតា ដែល​មាន​ប្រជាពលរដ្ឋ​ថៃ​១០​គ្រួសារ​ចូល​ធ្វើស្រែ រាល់​ៗ​ឆ្នាំ​។

លោក​ថា យើង​មាន​វិធានការ​ទប់ស្កាត់ បញ្ហា​ដី​ខ្មែរ​ស្រែ​ថៃ​នេះ ត្រូវ​បាន​ភាគី​កម្ពុជា​រារាំង​មិន​ឱ្យ​កសិករ​ថៃ​ធ្វើស្រែ​ទៀត​ទេ ទោះបី​ខាង​សមត្ថកិច្ច​ថៃ​ធ្វើ​អន្តរាគមន៍​ក្ដី ហើយ​ភាគី​ទាំង​២ ក៏​សម្រេច​ថា ទុក​ឱ្យ​នៅ​ទំនេរ​រហូត​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​២ បាន​ឯកភាព​ពី​បន្ទាត់​ព្រំដែន ។ ទោះបី​បែប​ណា​ដី​ចំណុច​នោះ​គឺជា​ដី​ខ្មែរ តែ​ខ្មែរ​មិន​ធ្វើ បាន​ជួល​ឱ្យ​ថៃ​ធ្វើ ទើប​ដី​ចំណុច​នោះ​ក្លាយជា​ដី​ខ្មែរ ស្រែ​ថៃ​រហូត​មក ។

ទី​២- ក្រុមហ៊ុន សំ​ផា​ន់ រិ​ទ្ធ ដែល​ទទួល​អភិវឌ្ឍន៍ និង​បើក​ច្រក​តំបន់​បឹង​ស្នោរ​តែ​ការ​អភិវឌ្ឍ​នេះ ដូច​ជា​គ្មាន​សកម្មភាព​សោះ គឺ​នៅ​ជាប់​គាំង​គួរតែ​ខេត្ត​រក​ដៃគូ​ថ្មី ដើម្បី​វិនិយោគ ហើយ​ត្រូវ​កំណត់​ពេលវេលា​ឱ្យ​បាន​ច្បាស់លាស់​។

ចំណែក​ចំណុច​ទី​៣-​ច្រក​២​ដែល​ស្នើ​បើក​នោះ ជា​ការ​ធ្វើ​របស់​ខេត្ត និង​ចំណុច​ទី​៤-​សុំ​ដោះ​មីន នៅ​ចំណុច​តា​ម៉ាំង ស្រុក​ថ្មពួក គឺ​កម្លាំង​ស៊ី​ម៉ាក់​គ្រោង​ដោះ​មីន​ក្នុង​នាម​មនុស្សធម៌ ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​និង​សត្វពាហនៈ ប៉ុន្តែ​កម្លាំងយោធា​ឈរជើង​ទីនោះ មិន​អនុញ្ញាត​ឱ្យ​ដោះ​ទេ ព្រោះ​ដើម្បី​ទុក​ការពារ​បូរណៈភាព​ទឹកដី​៕