មេខ្លោង​សារភាព​បន្ថែម ២​នាក់​ទៀត ជន​ដៃដល់​វាយ​សម្លាប់​សិស្ស​ស្រី​ផ្ទាល់

មេខ្លោង​សារភាព​បន្ថែម ២​នាក់​ទៀត ជន​ដៃដល់​វាយ​សម្លាប់​សិស្ស​ស្រី​ផ្ទាល់



រាជធានី​ភ្នំពេញ ៖ ឈាម​ស្រែក​ស្បែក ហៅ ក្រោយ​ពី​ការ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ និង​ដោះ​យក​គ្រឿងអលង្ការ ពី​សិស្ស​ស្រី​ម្នាក់​បាន​សម្រេច ក្រុម​ឃាតករ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ សហការ​ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ និង​ប៉ុស្ដិ៍​ពងទឹក ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនឃាត​ករ​បាន​ចំនួន​៧​នាក់ ដែល​ជន​ទាំងនោះ គឺជា​ជន​ដៃដល់ និង​ជា​អ្នក​ផ្សំ​គំនិត​ក្នុង​ការ​វាយ​សម្លាប់​សិស្ស​ស្រី​ខាងលើ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​ដែល​ជា​កន្លែង​ស្ងាត់ ។

ប្រការ​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​ជន​ដៃដល់​ម្នាក់ ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​នាង​តែ​ម្ដង ដែល​បាន​ដឹកនាំ​បក្សពួក​វាយ​សម្លាប់​ព្រោះ​ខឹង​ខ្ចី​លុយ និង​សុំ​គ្រឿងអលង្ការ​យក​ទៅ​លក់​មិន​បាន ។ ក្នុង​ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​យក​បាន​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ ដែល​ប្លន់​យក​ពី​យុវតី​រង​គ្រោះ​នោះ​មក​វិញ​ផង​ដែរ ។ រីឯ​គ្រឿងអលង្ការ​រក​មិន​ទាន់​ឃើញ​ទេ ។

មន្ត្រី​ប៉ូលិស​និយាយ​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ក្រុម​ជន​ជា​ឃាតករ​នោះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ដដែល​នោះ ទើបត្រូវ​បាន​បញ្ចប់​ប្រតិបត្តិការ ។ 

លទ្ធផល​គឺ​ចាប់​ប្រមូល​បាន​៧​នាក់ ក្នុង​នោះ​ជនសង្ស័យ​ដែល​ជា​មេខ្លោង ត្រូវជា​បងជីដូនមួយ​នាងរង​គ្រោះ ត្រូវ​ចាប់ខ្លួន​បាន​មុនគេ នៅ​ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ​ដង្កោ ។ បន្ទាប់​មក​ទើប​បន្ត​ទៅ​ចាប់ខ្លួន​បក្សពួក​ចំនួន​៦​នាក់​ទៀត នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​ខណៈ​ពេល​ដែល​ជន​ទាំងនេះ កំពុង​ស្ថិត​នៅ​ជុំ​គ្នា​ក្នុងផ្ទះ​ជួល​នោះ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ជន​ជា​ឃាតករ​នោះ មាន​ប្រុស​៥​នាក់ និង​ស្រី​២​នាក់ ក្នុង​នោះ​មាន
១, ឈ្មោះ​ជុំ វិ​រៈ ហៅ​ទូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ និង​ជា​ជន​ញៀន​ថ្នាំ​ជា​អ្នកលេង​អន្ធពាល​ប្រចាំ​ភូមិ ក៏​ត្រូវជា​បងជីដូនមួយ​របស់​នារី​រង​គ្រោះ និង​ជា​មេខ្លោង​ក្នុង​អំពើ​ឃាតកម្ម ។ ជន​នេះ​ទីលំនៅ​ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

២, ឈ្មោះ ហុង សុ​ជោ​តា ហៅ តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងដេរ​ស្បែកជើង មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៣, ឈ្មោះ លឹ​ម បញ្ញវ័ន្ត ហៅ​ន​វ័​ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​ស្បែកជើង មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុង​សង្កាត​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។
ប៉ូលិស​អះអាង​ថា ជន​ទាំង​៣​នាក់​នេះ គឺជា​ជន​ដៃដល់​វាយ​សម្លាប់​យុវតី​ដោយ​ផ្ទាល់ ។

៤,​ឈ្មោះ សុខ សុភាព ហៅ​ភាព ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៥,​ឈ្មោះ សុខ សុភា ហៅ​ពី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៨ (​ង​) ផ្លូវលំ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

៦, ឡេ​ង ដា​នី ហៅ​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

និង​៧, ឈ្មោះ គ្រឿ ច​ន្ធូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ ផ្ទះ​ជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទាំង​៤​នាក់​នេះ សង្ស័យ​ជា​អ្នក​រួមគំនិត ។

ចំណែក​យុវតី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ុ​ន រ​ដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​ដេ នៃ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ​ផ្ទះ​លេខ​៦៨ ភូមិ​ព្រៃ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ នាង​ត្រូវ​បាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង ដែល​គេ​បោះបង់​ចោល​ស្ថិត​នៅ​ជិត​រោងចក្រ​កាត់ដេរ​តុង​ហ្កា ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី រសៀល​ថ្ងៃ​ទី​១០ ឧសភា ។

ប៉ូលិស​និយាយ​ថា រវាង​មេខ្លោង​ឃាតករ​ឈ្មោះ ជុំ វិ​រៈ ហៅ​ទូ និង​យុវតី​រង​គ្រោះ គឺជា​បងប្អូន ជីដូនមួយ​នឹង​គ្នា ហើយ​ឃាតករ ជា​មនុស្ស​ចោលម្សៀត នឹង​ជា​មនុស្ស​ញៀន​ថ្នាំ តែងតែ​លួងលោម​សុំ​និង​ខ្ចី​លុយ​ពី​នាង​ជា​បន្តបន្ទាប់​យក​ទៅ​ចាយវាយ និង​ទិញ​គ្រឿងញៀន ហើយ​នាង​បាន​ឲ្យ​រហូត ប៉ុន្តែ​ជន​នេះ​តែងតែ​ខ្ចី​ហើយ​មិន​ដែល​សង​វិញ​ឡើយ ។

ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រមាណ​២​និង​៤០​នាទី ខណៈ​ពេល​យុវតី​ចេញពីផ្ទះ​ទៅ​សាលារៀន មេខ្លោង​ឃាតករ​ដែល​ត្រូវជា​បងជីដូនមួយ បាន​ទូរស័ព្ទ​ទៅ​រក​នាង​ជា​ច្រើន​ដង ឲ្យ​ទៅ​ជួប​ខ្លួន រហូត​នាង​ព្រមទៅ​ជួប ហើយ​គេ​បាន​បបួល​នាង​ផឹកស៊ី​នៅ​ម្តុំ​ជិត​រោងចក្រ​កាត់ដេរ​តុង​ហ្គា ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ។

ប្រភព​ដដែល​តាម​ការ​សារភាព​របស់​ឃាត​ការ​បាន​បន្ត​ថា ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​ហើយ ជន​នេះ​បាន​ខ្ចី​លុយ​និង​សុំ​គ្រឿងអលង្ការ ដែល​នៅ​ជាប់​ខ្លួន​នាង មាន​ខ្សែជើង​និង​ខ្សែដៃ ដើម្បី​យក​ទៅ​លក់​យក​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ប៉ុន្តែ​នាង​មិន​ព្រម​ឲ្យ ទើប​ជន​នោះ​រួម​និង​បក្សពួក​២​នាក់​ទៀត នាំ​នាង​ទៅ​កាន់​ចំណុច​កើតហេតុ ។ បន្ទាប់​មក​ជន​នេះ​ជា​អ្នក​ចាប់​នាង​ខ្ទប់មាត់ អូស​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​ដែល​សង់​មិន​ទាន់​រួចរាល់ និង​ជា​កន្លែង​ស្ងាត់ រួច​យក​ដុំឥដ្ឋ​វាយ​សំពង​ក្បាល​របស់​នាង​រហូត​ដល់​សន្លប់ រួច​បាន​ដោះ​យក​គ្រឿងអលង្ការ និង​យក​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ​១​គ្រឿង និង​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ ។ ចំណែក​នាងរង​គ្រោះ​ក្រោយមក​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ការ​ភ្ញាក់ផ្អើល​បាន​តែ​បន្តិច ។

ជន​ដៃដល់​បាន​យក​ទូរស័ព្ទ​ទៅ​លក់​នៅ​ផ្សារ​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​គ្រឿងអលង្ការ បែរជា​ឆ្លើយ​ថា​មិនដឹង ហើយ​ម៉ូតូ​បាន​យក​ទៅ​ទុក​នៅ​ក្នុងផ្ទះ​ជួល​ភូមិ​ស្លែង​រលើង ដែល​ជា​សម្បុក​លាក់ខ្លួន​របស់​បក្សពួក ។ បន្ទាប់​មក​មេខ្លោង​ឃាតករ​ជា​បងជីដូនមួយ​រូប​នេះ បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន នៅ​ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ធ្វើ​ព្រងើយ ។

លោក​វរ​សេនី​យ៏​ទោ ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ ដែល​បាន​ចូលរួម​សហការ នៅ​ក្នុង​ការ​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ខាងលើ​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន ព័ត៌មាន​ពី​ខាង​ប៉ូលិស ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា​មាន​អំពើ​ឃាតកម្ម​លើ​សិស្សសាលា ហើយ​ជន​រង​គ្រោះ​គឺជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ រួម​ជាមួយ​ម្លាំ​ង​ប៉ូលិស​ប៉ុស្ដិ៍​ពងទឹក​, ប្រទះ​ឡា​ង និង​ព្រៃវែង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​។ ព័ត៌មាន​ពី​សាក្សី​នៅ​ក្នុង​វិទ្យាល័យ​ពងទឹក​និង​ព័ត៌មាន​ពី​អ្នកលក់​ឥ​វ៉ា​ន់​នៅ​ក្នុង​សាលា​នោះ​ថា នៅ​វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី នាងរង​គ្រោះ​ប្រាប់​គេ​ថា បងជីដូនមួយ​របស់​នាង​ឈ្មោះ ជុំ វិ​រៈ បាន​ទូរ​សព្ទ័​ចូល​មក​រក​នាង​ជា​ច្រើន​លើក​។ បងជីដូនមួយ​នោះ​បាន​ហៅ​នាង ទៅ​ផឹកស៊ី​ជាមួយ តែ​នាង​ដូច​ជា​មិន​ចង់ទៅ​ទេ ព្រោះ​បងជីដូនមួយ​ម្នាក់​នោះ​ជា​អ្នក​ជក់​ថ្នាំ​ញៀន​ផង​។ បន្ទាប់​មក​នាង​ក៏​បាន​ចាកចេញ​បាត់​ទៅ ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ភ្លាម ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ឈ្មោះ ជុំ វិ​រៈ នៅ​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ចំណុច​ផ្ទះ​ជនសង្ស័យ​ខាងលើ រួច​បាន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​មាន​បក្សពួក​៦​នាក់​ទៀត ដែល​កំពុង​លាក់ខ្លួន​ជាមួយ​និង​វត្ថុ​តាង​ដែល​ប្លន់​បាន នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​បន្ត​ទៅ​កាន់​ទីតាំង​លាក់ខ្លួន​តាម​ការ​ចង្អុលបង្ហាញ​នោះ ហើយ​ពេល​ទៅ​ដល់​ក៏​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​ចំនួន​៦​នាក់​នោះ និង​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ រួច​បាន​បញ្ជូន​ទៅ​សាកសួរ កសាង​សំណុំរឿង នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ ។

តាម​ការ​សារភាព​បន្ថែម​របស់​ជន​ដៃដល់ ជា​បងជីដូនមួយ​របស់​យុវតី​រង​គ្រោះ​ថា ខ្លួន​បាន​ជំពាក់​ប្រាក់​គេ​៧០​ដុល្លារ ពេល​ដើរ​ស៊ីចាយ​ថ្ងៃ​បុណ្យចូលឆ្នាំ មិនដឹង​ថា​រក​ប្រាក់​ឯណា​សង​គេ​វិញ ពេល​នោះ​ឈ្មោះ ហុង ជោ​តា និង​ឈ្មោះ បញ្ញវ័ន្ត បានអោយ​យោបល់​ថា ចង់​ដោះស្រាយ​រឿង​ប្រាក់​ប៉ុណ្ណឹង​ងាយស្រួល​ទេ គឺ​សម្លាប់​នាង​យក​ម៉ូតូ​.​គ្រឿងអលង្ការ ទៅ​លក់​យក​លុយ​សង​គេ ហើយ​សល់​ប៉ុន្មាន​ទិញ​ថ្នាំជក់​ទៀត ។

មន្ត្រី​ប៉ូ​លី​ស​បានអោយ​ដឹង​ថា សម្រាប់​យុវតី​ដែល​ត្រូវ​សម្លាប់​នេះ គឺជា​កូនស្រី​ទោល​តែ​មួយ ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ ។ បើ​តាម​អ្នក​ស្គាល់​នាង​បាន​និយាយ​ថា នាង​ជា​សិស្ស​រៀន​ពូកែ​ម្នាក់ ទីបំផុត​បែរជា​មក​ជួប​គ្រោះ​អកុសល​ដល់​ជីវិត​បែប​នេះ​ទៅ​វិញ ៕